ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឯកភាពបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន ៣ គឺ ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដែលមានការរក្សាខ្លឹមសារអប់រំពីការបោះឆ្នោតដែលបានបោះពុម្ពបិទផ្សាយនៅមជ្ឈមណ្ឌលនោះ សម្រាប់ការសិក្សាស្រាវជ្រាវរបស់សាធារណជន ស្វែងយល់ពីការបោះឆ្នោត។
ការសម្រេចបង្កើតមជ្ឈមណ្ឌលនេះ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.បដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារបដាសម្រាប់ផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត ស្ប៉តវីដេអូអប់រំពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងខ្លឹមសារសង្ខេបសៀវភៅពីដំណើរការបោះឆ្នោតនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គ.ជ.ប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ៖ «មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតទាំង ៣ ខេត្តខាងលើដំណើរការក្រោមជំនួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងបច្ចេកទេសរបស់ជំនាញការប្រចាំនៅ គ.ជ.ប ដែលមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា»។
ជាមួយគ្នានោះ គ.ជ.ប បានឯកភាពលើខ្លឹមសារ និងរូបភាពវីដេអូអប់រំចំនួន ២ រឿងផងដែរ ក្នុងនោះមានរឿងអប់រំខ្លីក្រោមចំណងជើងថា «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤» និងរឿងអប់រំ និងបណ្តុះបណ្តាលពីនីតិវិធីស្តីពី ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
បន្ថែមពីនេះ គ.ជ.ប ក៏បានឯកភាពជាគោលការណ៍លើខ្លឹមសារសង្ខេបសៀវភៅពីដំណើរការបោះឆ្នោតនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្នផងដែរ។
ជុំវិញការឯកភាពឱ្យបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន ៣នេះ លោក ម៉ុក ដារ៉ា អ្នកនាំពាក្យគ.ជ.បបានប្រាប់បន្ថែមនៅថ្ងៃទី១៤ ខែកុម្ភៈថា មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតកន្លងមក គឺមិនធ្លាប់មានទេ ទើបតែឆ្នាំនេះ គ.ជ.បឯកភាពឱ្យបង្កើតឡើង បន្ទាប់ពីទទួលបានជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា ហើយមជ្ឈមណ្ឌលនេះនឹងស្ថិតនៅក្នុងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៃខេត្តទាំង ៣នោះ។
លោក ម៉ុក ដារ៉ា បានថ្លែងថា៖ «យើងរើសយកតែ៣ខេត្តសិន ដោយសារ អង្គការ JICA មានគម្រោងតែប៉ុណ្ណឹងក្នុងឆ្នាំនេះ ហើយនឹងមានគម្រោងបន្តទៅខេត្តផ្សេងៗទៀត»។
លោក សំ គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិក មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេ នៅថ្ងៃទី១៤ ខែកុម្ភៈ។
លោក គឹមសួរ ភិរិទ្ធ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ បានបង្ហាញការគាំទ្រចំពោះការបង្កើតឱ្យមានមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនេះ ប៉ុន្តែលោកថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខមិនចាំបាច់ធ្វើការអប់រំអ្នកបោះឆ្នោតច្រើននោះទេ ព្រោះថា អង្គបោះឆ្នោតសុទ្ធសឹងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិករដ្ឋសភា ពួកគាត់យល់ដឹងអស់ហើយ។
លោកបានបញ្ជាក់ថា លោកចង់ឱ្យមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត ដើរតួនាទីសំខាន់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាព្រោះវាជាការបោះឆ្នោតទូទៅ។
លោកថា៖ «បើមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត បើករហូត ខ្ញុំយល់ថាល្អ វាមានរយៈពេលយូរអង្វែង វាផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោត»។
ចំណែក លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងថា លោកពិតជារីករាយ និងសូមអបអរសាទរចំពោះការបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតទាំង៣ខេត្តនេះដើម្បីជាប្រយោជន៍ដល់សាធារណជនឱ្យបានសិក្សាស្វែងយល់កាន់តែច្បាស់ពីកិច្ចដំណើការនៃការបោះឆ្នោត។
លោកថា៖ «ខ្ញុំគិតថា មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនេះ នឹងជួយដល់ប្រជាពលរដ្ឋឱ្យកាន់តែយល់ច្បាស់អំពីតម្លៃនៃការបោះឆ្នោត និងសារៈសំខាន់សន្លឹកឆ្នោតរបស់ពួកគាត់»៕