បាត់​ដំបងៈ​អាជ្ញាធ​រ​ក្រុង​បាត់​ដំបង​ និង​ស្រុក​សង្កែ​ បាន​ចុះ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​ចិញ្ចឹម​ត្រី ​នៅ​ដង​ស្ទឹង​សង្កែ​ ក្នុង​ភូមិ​សាស្ដ្រ​របស់​ខ្លួន និង​បាន​ឱ្យ​រុះរើ​ស៊ង​ចិញ្ចឹម​ត្រីនៅ​ឃុំ​វត្ត​តា​មិ​ម​ចេញ​ ដើម្បី​ថែរក្សា​អនា​ម័យ​បរិស្ថាន​និង​សម្អាត​ប្រភព​ទឹក​នៅ​ផ្នែក​ខាង​លើ​ស្ថា​នីយ​បូម​ទឹក​ឆៅ​ផលិត​ទឹក​ស្អាត​ផង​ដែរ​។​

​ការ​ចុះផ្សព្វ​ផ្សាយនិង​ឱ្យ​រុះរើ​នេះធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៣​ ខែកុម្ភៈ ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​រប​ស់លោកសុខ លូ អភិ​បាល​ខេត្ត​បាត់​ដំប​ងនិង​ដឹក​នាំ​ដោយ​លោក ​នាង ​ច័ន្ទ​ថា​រ៉ា អភិ​បាលស្រុ​ក និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋ​បាល​ស្រុក​សង្កែ ​សហ​ការ​ជា​មួយ​លោក ​ជួង ​សុភា ​នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​បាត់​ដំបង​។ នេះ​បើ​​តាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋ​បាល​ខេត្ត​បាត់​ដំបង​។​

​ប្រភព​ដដែល​បាន​ឱ្យដឹង​ថា នៅ​ក្នុងឱ​កាសនោះ​ លោក​ នាង ច័ន្ទ​ថា​រ៉ា បាន​ឱ្យដឹង​ថា ៖«​សម្រាប់​ស៊ង​ចិញ្ចឹម​ត្រី​ក្នុង​ភូមិ​សាស្ដ្រ​ស្រុក​សង្កែ​ មាន​ចំនួន​ ៤៤ ​ស៊ង ​ហើយ​ម្ចាស់​ស៊ង​ចិញ្ចឹម​ត្រី​ទាំង​នោះ​បាន​សហ​ការ​បញ្ឈប់​ការ​ចិញ្ចឹម​និង​រុះ​រើចេញ​ជា​បន្ត​បន្ទាប់ក្នុង​នោះដែ​រ ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ស៊ង​ចិញ្ចឹម​ត្រី​បាន​បង្ហាញ​ការ​តាំង​ចិត្ត​ជា​មួយ​អាជ្ញាធរ​ស្រុកក្នុង​ការ​អនុវ​ត្តតាម​កា​រណែ​នាំដោយ​ពួក​គាត់​នឹង​រុះរើ​ស៊ង​ចិញ្ចឹម​ត្រី​ទាំង​អស់​ចេញ​ពី​ស្ទឹង​សង្កែ​»​។​

​លោក​បាន​បន្ថែម​ថា ដោយ​ឡែក​សម្រាប់​គ្រួសារ​ចំនួន​ ៥ ​គ្រួសារ​ ដែល​ត្រូវ​បាន​រុះរើ​ត្រើង​ត្រី​រួច ​តែ​មិន​ទាន់​បាន​លក់​អស់បាន​យក​ត្រី​ទៅ​ដាក់​ក្នុង​ស្បៃ​ប្រស់ក្នុង​ស្ទឹង​សង្កែ ​ដែល​នៅ​សល់​ប្រមាណ ​៤,៥​ តោន ហើយ​ត្រី​ដែល​នៅ​សេស​សល់​នោះ​ក្រុ​មការងារ​នឹង​បន្ត​តាម​ដាន​រហូត​ដល់​លក់​អស់​។​

​បើ​តាម​រដ្ឋ​បាល​ខេត្ត​បាត់ដំ​បង​ ជា​ដំណោះ​ស្រាយ​ចំពោះមុ​ខ ​បន្ទាប់ពី​ប្រជា​ពលរដ្ឋ​ដែលជា​​ម្ចាស់​ស៊ង​ចិញ្ចឹម​ត្រី​បាន​យល់​ព្រម​រុះរើ​បញ្ឈប់​ការ​ចិញ្ចឹម​ត្រី​នៅក្នុង​​ស្ទឹង​សង្កែ ​អាជ្ញាធរ​ស្រុក​សង្កែ​បាន​និង​កំពុង​ខិតខំ​ជួយ​រក​ទីតាំង​ចិញ្ចឹម​នៅលើ​​គោក​ព្រម​ទាំង​ផ្ដល់​ជំនួយ​បច្ចេក​ទេស​នៃ​ការ​ចិញ្ចឹម​ថែម​ទៀត​ផង​។​

​ជុំវិញ​បញ្ហា​នេះដែ​រ លោ​ក សុខ លូ អភិបាល​ខេត្ត​បាត់ដំ​បងបាន​ឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​ថា ករណី​នេះ បា​ន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០២៣ ​បន្ទាប់ពី​មាន​ការ​ទប់​ស្ទឹង​នៅ​សាលា​តា​អនដែល​ធ្វើឱ្យ​​ទឹក​មាន​សភាព​នៅ​ទ្រឹងខណៈ​ដែល​ពលរដ្ឋ​ចិញ្ចឹម​ត្រី​លើ​បែច្រើន ​នៅ​ផ្នែក​ខាង​លើ ​ធ្វើ​ឱ្យ​ប៉ះពា​ល់​ដល់​ប្រភព​ទឺ​ក ដែល​ត្រូវ​បូម​ទឹក​យ​កទៅ​ធ្វើ​ទឹក​ស្អាត​ប្រើ​ប្រាស់​។​

​លោក​អភិបា​ល​ខេត្ដ​បាន​ប​ញ្ជាក់​ថា​​៖«​បន្ទាប់ពី​មានការ​​តវ៉ាពី​មន្ត្រី​បរិស្ថា​ននិង​រដ្ឋាក​រទឹក​ខេត្ត​បាត់ដំប​ង​ដែលថា​ ​នៅពេល​ដែល​មា​នកា​រ​ចិញ្ចឹម​ត្រី​បែបនេះ​នឹង​ធ្វើឱ្យប៉ះ​ពា​ល់​ទឹក​ដែល​ត្រូវ​បូម​យក​ធ្វើ​ទឹក​ស្អាត ​ក្រុម​ប្រឹក្សា​ខេត្ត​បាន​បើក​កិច្ចប្រជុំ​បន្ទាន់ដោយ​តម្រូ​វឱ្យ​ប្រជា​ពលរដ្ឋ​រើចេញ​នូវ​បែ​ត្រី​ទាំង​នោះ​ ហើយ​បើ​បន្ត​ទុក​ទៀត ទឹក​ស្ទឺ​ង​សង្កែ​លែង​ប្រើប្រា​ស់​កើត​ទៀត​ហើយ​និង​យក​ទៅ​ធ្វើ​ទឹក​ស្អាត​ក៏​លែង​កើត​ក្រោយ​ពេល​ដែល​អ្ន​កជំនាញ​យ​ក​ទឹក​ទៅ​វិភាគ​»​។​

​លោក​បាន​បន្តថា​៖«​ដោយ​មើល​ឃើញ​បែប​នេះ ​ក្រុ​មប្រឹក្សា​ខេត្ត​ក៏​សម្រេច​ឱ្យ​គាត់(​ពលរដ្ឋ​ចិញ្ចឹម​ត្រី​)ឱ្យ​រើចេញ ហើ​យ​យើង​ទុក​ពេល​ឱ្យ​គាត់​ជាង​១​ឆ្នាំ​ហើយ ​និង​រើ​ជា​បន្ត​បន្ទាប់ ​ហើយ​ចុង​ក្រោយ​នេះ ​គាត់​រើ​បញ្ចប់ ​និង​ថ្ងៃ​មុន​នេះ ​គណៈ​បញ្ជាកា​រ​ស្រុក​សង្កែ ទៅ​ជួយ​រើ​ពួក​គាត់​ផង​ដែរ​»​។​

​បើ​តាម​លោក សុ​ខ លូ ក្រោ​យ​ចុះ​ផ្ស​ព្វផ្សា​យនិង​ណែនាំ​ពី​អាជ្ញាធរខេ​ត្ត ​ប្រជា​ពលរដ្ឋ​ដែលជា​អ្នក​ចិញ្ចឹម​ត្រី​ទាំង​នោះ​ស្ម័គ្រចិ​ត្ត​រើ មិន​មាន​អ្វី​ជា​ការ​តវ៉ា​ទេ​ បន្ទាប់ពី​ពួក​គាត់​បាន​យល់​ដឹង​ច្បាស់​ពី​ផលប៉ះ​ពាល់​ដល់​ការ​ផលិត​ទឹកស្អាត​យក​មកប្រើ​ប្រាស់​ប្រចាំថ្ងៃ​៕