រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ កំណត់យកថ្ងៃទី ៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាជាតិអ្នកនិពន្ធ» ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។
យោងអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវរៀបចំទិវាជាតិអ្នកនិពន្ធ ដោយសហការជាមួយនឹងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា និង សមាគមអ្នកនិពន្ធ។
តាមរយៈអនុក្រឹត្យនេះបានឱ្យដឹងទៀតថា៖ «គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគមអ្នកនិពន្ធ ចូលរួមបំផុសដល់មន្ត្រីរាជការ សិស្ស និស្សិត កម្មករ និយោជិត និយោជក កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដើម្បីបង្កើតស្មារតីចូលរួមក្នុងការប្រឡងប្រណាំង ស្នាដៃតែងនិពន្ធ»។
លោក មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៤ ខែកុម្ភៈថា ការកំណត់ ទិវាជាតិអ្នកនិពន្ធជាចក្ខុវិស័យមួយដ៏ល្អក្នុងចំណោមចក្ខុវិស័យដទៃៗទៀតរបស់រាជរដ្ឋាភិបាល។
លោកថា ការលើកតម្កើងស្នាដៃអ្នកនិពន្ធនេះ បានផ្ដល់នូវគុណតម្លៃដល់អ្នកនិពន្ធដែលស្រឡាញ់អក្សរសាស្ត្រជាតិ លើកទឹកចិត្តដល់អ្នកនិពន្ធ និងក៏អាចជំរុញដល់ការអានរបស់សិស្ស និស្សិតក៏ដូចជាមហាជនទូទៅ ចង់ដឹងពីទេពកោសល្យរបស់អ្នកនិពន្ធ ជាដើម។
លោកបានប្រាប់ថា៖ «យើងបានដឹងហើយថា ស្នាដៃនិពន្ធនានាជាកញ្ចក់ឆ្លុះបញ្ចាំងនៃសង្គម»។
ជាមួយគ្នានេះដែរ លោក ប៊ិន រ៉ាត់ អ្នកនិពន្ធប្រលោមលោក បានថ្លែងដែរថា ក្នុងនាមរូបលោកជាអ្នកនិពន្ធ ឬជាអ្នកដែលចូលចិត្តសរសេរម្នាក់ ពិតជាមានអារម្មណ៍សប្បាយរីករាយ ត្រេកអរ និងសាទរជាមួយអ្នកនិពន្ធផ្សេងទៀត នៅពេលដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពី ទិវាជាតិអ្នកនិពន្ធ។
លោកបានឱ្យដឹងថា ៖«ការសម្រេចនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កវីនិពន្ធដែលបានចាកចេញទៅហើយ និងអ្នកនិពន្ធជំនាន់ក្រោយ ដែលស្រឡាញ់ អាជីពជាអ្នកនិពន្ធ។ តាមរយៈអនុក្រឹត្យដែលមាន ៤ មាត្រា យើងឃើញអំពីគុណតម្លៃ និងអត្ថប្រយោជន៍ជាច្រើន ដែលក្នុងនាមជាអ្នកនិពន្ធនឹងទទួលបាន»។
លោកបន្ថែមថា សម្រាប់កវីនិពន្ធជើងចាស់ រៀមច្បង ដែលបានចាកចេញទៅហើយ គឺមានទិវាជាតិអ្នកនិពន្ធ ដើម្បីរំឭកពីគុណតម្លៃ និងការដឹងគុណដល់ពួកគាត់ ចំពោះការចូលរួម បង្កើតស្នាដៃ ទាំងអក្សរសាស្ត្រ និងអក្សរសិល្ប៍ ដើម្បីសង្គមជាតិកន្លងមក។
លោកបន្តថា ដោយឡែក សម្រាប់អ្នកនិពន្ធជំនាន់ក្រោយ ដែលកំពុងធ្វើកិច្ចនេះបន្តពីអ្នកជំនាន់មុន ទិវាជាតិអ្នកនិពន្ធ ពិតជាផ្ដល់ផលវិជ្ជមាន បង្កលក្ខណៈងាយស្រួល លើកទឹកចិត្តអ្នកនិពន្ធ ដែលកំពុងធ្វើកិច្ចការងារនេះ។
លោក ប៊ិន រ៉ាត់ បានបញ្ជក់ថា ការចូលរួមផ្សព្វផ្សាយ ពីរាជរដ្ឋាភិបាល ស្ថាប័នជាតិ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នដែលពាក់ព័ន្ធនានា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនគុណតម្លៃនៃការតែងនិពន្ធ។
លោកថ្លែងថា៖«ក្នុងការតែងនិពន្ធ ខ្ញុំមានគោលបំណងមួយ និងគោលដៅ២។ គោលបំណងមួយនោះ គឺដើម្បីបញ្ជ្រាបការអាននៅកម្ពុជាក៏ដូចជាចូលរួមបណ្តុះធនធានមនុស្សក្នុងវិស័យអប់រំតាមដែលអាចធ្វើទៅបាន ជាពិសេស នៅតំបន់ដាច់ស្រយាល និងអ្នកខ្វះលទ្ធភាព។ ចំណែកឯគោលដៅ២នោះគឺ ខ្ញុំសំដៅទៅលើមនុស្ស ២ ក្រុម»។
លោកថា៖ «ក្រុមទី១ គឺក្រុម ដែលមិនធ្លាប់ឣានសៀវភៅ ឬមិនចូលចិត្តអានសៀវភៅ រីឯក្រុមទី២ គឺក្រុមដែលកំពុងមានបំណងបោះបង់ការសិក្សា។
អ្នកនិពន្ធរូបនេះបានបន្តថា សម្រាប់លោកការនិពន្ធកន្លងមកមិនផ្តោតសំខាន់តែលើការលក់នោះទេ គឺបានផ្តល់ជូនសៀវភៅសម្រាប់អ្នកខ្វះលទ្ធភាព ផ្តល់ជូនបណ្ណាល័យ និងនៅតាមអង្គការនានាដោយឥតគិតថ្លៃប្រមាណ ២ពាន់ក្បាលគិតមកដល់បច្ចប្បន្ននេះ។
សូមជម្រាបផងដែរថា កម្ពុជាក៏មានច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលត្រូវប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៣។ ច្បាប់នេះ មានគោលបំណងធានាការគោរពសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផលវប្បធម៌ស្នាដៃអ្នកនិពន្ធ អ្នកសម្តែង ផលិតករ និងហ្វូណូក្រាម និងអង្គភាពទូរផ្សាយ សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវ ស្របច្បាប់លើផលិតផលវប្បធម៌ទាំងនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យវប្បធម៌៕