នាសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ កម្ពុជាតាមរយៈមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសស្វាគមន៍រាល់គំនិតផ្តួចផ្តើមនានាដែលចួលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ព្រមទាំងជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់រួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ។
ការប្រកាសដូច្នេះ ធ្វើឡើងតាមរយៈការថ្លែងសុន្ទរកថារបស់លោក ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស នាសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ តាមការចាត់តាំងរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស។
សន្និសីទនេះធ្វើឡើងក្រោមប្រធានបទ «ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា ប្រកបដោយស្ថិរភាព និងចីរភាព» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ នាទីក្រុង Perth ប្រទេសអូស្ត្រាលី។ នេះបើយោងតាមខ្លឹមសារផ្សព្វផ្សាយរបស់ក្រសួងការបរទេសនៅយប់ថ្ងៃទី១២ ខែកុម្ភៈ។
លោក ប្រាក់ ងួនហុង បានបញ្ជាក់ពីអាទិភាពរបស់កម្ពុជា ដែលផ្តល់សារៈសំខាន់ចំពោះការពង្រឹងមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន ជាពិសេសការគាំទ្រដល់យន្តការពហុភាគីនិយម ដើម្បីឱ្យតំបន់មានបរិយាបន្ន និងនីតិរដ្ឋ។
លោកថ្លែងថា៖ «កម្ពុជាស្វាគមន៍រាល់គំនិតផ្តួចផ្តើមនានាដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយក៏ជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់ធ្វើការរួមគ្នា ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង»។
ក្នុងសន្និសីទនេះដែរ រដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankarបានថ្លែងដែរថា មហាសមុទ្រកំពុងមានបញ្ហាប្រឈមជាច្រើនតួយ៉ាង ការគំរាមកំហែងលើនាវាចរណ៍ អំពើភេរវកម្ម ភាពជាប់គាំងនៃច្បាប់អន្តរជាតិ ចំពោះការហោះហើរ និងនាវាចរណ៍ ដែនអធិបតេយ្យភាពនិងឯករាជភាពជាដើមដែលទាមទារឱ្យមានកិច្ចសហការកាន់តែស៊ីជម្រៅរវាងរដ្ឋក្នុងចំណុះតំបន់មហាសមុទ្រឥណ្ឌា។
លោកបានបន្តថា នៅចំពោះមុខបញ្ហាប្រឈមនានាសម័យសកលភាវូបនីយកម្មនេះ ក៏ដូចជាវិបត្តិកូវីដ១៩ ជាគំរូបង្ហាញពិភពលោកស្រាប់ រួមទាំងវិបត្តិប្រែប្រួលអាកាសធាតុ ប្រជាជាតិនៃមហាសមុទ្រឥណ្ឌាត្រូវតែពិចារណាឡើងវិញពីអនាគតប្រកបដោយនិរន្តរភាពចំពោះការពឹងផ្អែកលើសមូហភាព ឬបណ្តោយខ្លួនឱ្យនៅងាយរងគ្រោះ ដែលត្រូវរួបរួមគ្នាតួយ៉ាងផ្តោតលើអនាគតនៃឌីជីថល យានជំនិះអគ្គិសនីជាដើម។
រដ្ឋមន្ត្រីការបរទេសឥណ្ឌារូបនេះ ស្នើឱ្យបណ្តារដ្ឋក្នុងតំបន់មហាសមុទ្រឥណ្ឌារួបរួមគ្នាដោះស្រាយបញ្ហាប្រឈម តាមរយៈយន្តការដែលមានស្រាប់ក៏ដូចជាគំនិតផ្តួចផ្តើមថ្មីៗ តួយ៉ាង សមាគមច្រាំងមហាសមុទ្រឥណ្ឌា-Indian Ocean Rim Association (IORA), គណៈកម្មការមហាសមុទ្រឥណ្ឌា, សន្និសីទកងទ័ពជើងទឹកមហាសមុទ្រឥណ្ឌា, សន្និសីទសន្តិសុខទីក្រុងកូឡុំបូ, ច្រករបៀង IMEC, គំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក (IPOI) ជាដើម។
លោកបានថ្លែងថា៖ «សម្រាប់ឥណ្ឌា ក្នុងទសវត្សរ៍ចុងក្រោយ យើងបានបើកទូលាយរាល់កិច្ចសហប្រតិបត្តិការ ពីឆ្នាំ២០១៤ មក យើងបានចូលរួមបង្កើតគំនិតផ្តួចផ្តើមក្របខ័ណ្ឌពហុភាគីចំនួន ៣៦ផ្សេងៗគ្នា ដែលពាក់ព័ន្ធនឹងអនាគតរបស់មហាសមុទ្រឥណ្ឌា សុខុមាលភាព និងសន្តិសុខលម្ហដែនសមុទ្រ និងធនធានក្នុងទឹកនៃមហាសមុទ្រឥណ្ឌា»។
លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា ការប្រកាសរបស់កម្ពុជាជាជំហរច្បាស់លាស់ក្នុងនាមជាប្រទេសនីតិរដ្ឋដែលប្រកាន់ខ្ជាប់យន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ ក្នុងការថែរក្សាសន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។
លោកថា សន្តិសុខសមុទ្របានក្លាយជាបញ្ហាដ៏ក្តៅគគុកមួយរបស់ពិភពលោក រួមទាំងកម្ពុជាផងដែរ តួយ៉ាងចោរសមុទ្រ ការជួញដូរខុសច្បាប់ និងសន្តិសុខបច្ចេកវិទ្យា បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងសន្តិសុខសកល។
លោកថា កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់តែងផ្តោតសំខាន់លើការពង្រឹងសមត្ថភាពថែរក្សាដែនសមុទ្រ និងប្រយោជន៍យុទ្ធសាស្ត្ររៀងខ្លួន។ ទន្ទឹមនឹងនេះ ក្របខ័ណ្ឌនិងយុទ្ធសាស្ត្រងាកមកភាគខាងកើត ឬ Look East Policy របស់ឥណ្ឌាគឺជាយន្តការយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរបស់ឥណ្ឌាក្នុងការពង្រីកឥទ្ធិពលនិងតួនាទីរបស់ខ្លួននៅក្នុងតំបន់អាស៊ី ក៏ដូចជាភាពមានសារៈសំខាន់របស់ឥណ្ឌាក្នុងការថែររក្សាសន្តិសុខតំបន់ផងដែរ។
លោកបានបន្ថែមថា ក្នុ្ងងនាមកម្ពុជាជារដ្ឋអធិបតេយ្យភាពនិងអព្យាក្រឹត្យ កម្ពុជាគាំទ្រដល់យន្តការតំបន់ និងអន្តរជាតិទាំងឡាយណាដែលមានបំណងលើកកម្ពស់សមាហរណកម្មសន្តិសុខតំបន់និងសកលលោក ហើយមិនមាននិន្នាការប្រឆាំងនឹងប្រទេសណាមួយ ដើម្បីប្រយោជន៍ប្រទេសណាមួយឡើយ។
ចំណែក លោកស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងគាំទ្រចំពោះការលើកឡើងរបស់ភាគីកម្ពុជាក្នុងសន្និសីទមហាសមុទ្រឥណ្ឌានេះ ចំពោះការផ្តល់តម្លៃដល់អាស៊ាន ដែលជាសារមួយនិងការទូតមួយដែលត្រឹមត្រូវនៅចំពោះមុខការប្រកួតប្រជែងរបស់មហាអំណាច ជាសំឡេងកណ្តាលមួយ។
លោកថា អាស៊ានជាអាទិភាពរបស់កម្ពុជា តែទោះជាយ៉ាងណាកម្ពុជាក៏គាំទ្រដល់គំនិតផ្តួចផ្តើមនានានៅក្នុងតំបន់ ជាក់ស្តែងក្នុងក្របខ័ណ្ឌមហាសមុទ្រឥណ្ឌាបើទោះបីតំបន់នេះមិនសូវមានឥទ្ធិពលដល់កម្ពុជាក្តី។
លោកបញ្ជាក់ថា៖ «ឥណ្ឌានៅមានកិច្ចការផ្ទៃក្នុងច្រើនណាស់ដែលខ្លួនត្រូវធ្វើ គាត់អាចនិយាយបានច្រើន តែធ្វើបានតិច ដោយសារមានបញ្ហាផ្ទៃក្នុងច្រើនណាស់ មិនទាន់ជាដំណាក់កាលមួយដែលឥណ្ឌាអាចបោះឥទ្ធិពលខ្លួនក្នុងតំបន់បាន ដែលឥណ្ឌាត្រូវការកម្លាំង ធនធានថវិកា ដោយប្រជាជនច្រើន និងភាពខុសគ្នាច្រើន»៕