ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា សាទរចំពោះទំនាក់ទំនងជាវិជ្ជមានរវាងកម្ពុជានិងនូវែលសេឡង់ ក្នុងរយៈពេល ៦៥ ឆ្នាំ មកនេះ ជាពិសេសរដ្ឋាភិបាលនូវែលសេឡង់ បានចូលរួមចំណែកដល់ការកសាងសន្តិភាព និងផ្តល់ជំនួយអភិវឌ្ឍនានា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ការសាទរដូចនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមខ្លឹមសារផ្សព្វផ្សាយពីក្រសួងការបរទេសនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ។
ក្នុងជំនួបនោះ លោក សុខ ចិត្តាសោភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលនូវែលសេឡង់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីដំណាក់កាលកសាងសន្តិភាពរហូតមកទល់បច្ចុប្បន្ន ជាពិសេសការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោសសម្អាតមីន។
លោកបានលើកឡើងថា៖ «ក្នុងសម័យអ៊ុនតាក់ នូវែលសេឡង់បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពប្រមាណ ១០០ នាក់ មកកម្ពុជា ហើយពេលបច្ចុប្បន្ននេះ កម្ពុជា បានក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្ដិភាពជាង ៩០០០ នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាពនៅក្រៅប្រទេស»។
ជាមួយគ្នានេះ លោកក៏បានអញ្ជើញលោក Winston Peters មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ បានបង្ហាញការពេញចិត្តទៅវិញទៅមកលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដ៏យូរអង្វែងរវាងកម្ពុជា និងងនូវែលសេឡង់ ខណៈឆ្នាំ២០២៤នេះ ជាឆ្នាំគម្រប់ខួប ៦៥ ឆ្នាំ ចាប់តាំងពីបានភ្ជាប់ទំនាក់ទំនងគ្នាជាផ្លូវការកាលពីឆ្នាំ១៩៥៩ មក។
សូមបញ្ជាក់ថា ក្រសួងការបរទេសនៃប្រទេសទាំង២ គ្រោងរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ នៅប្រទេសនូវែលសេឡង់ ក្នុងពេលវេលាសមស្របខាងមុខ។
ពាក់ព័ន្ធនឹងជំនួបនេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ជាសញ្ញាវិជ្ជមានចំពោះការធ្វើពិពិធកម្មការទូត នៃរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខណៈនូវែលសេឡង់ជាប្រទេសនៅតំបន់អឺរ៉ុបបង្ហាញសុច្ឆន្ទៈពង្រឹងទំនាក់ទំនងជាមួយកម្ពុជា នៅចំពោះមុខទំនាក់ទំនងល្អនិងស្ថិរភាពរវាងប្រទេសទាំង២។
ទោះជាយ៉ាងណា លោកថា៖ «ឥរិយាបថទំនាក់ទំនងការទូតរបស់នូវែលសេឡង់មកកាន់កម្ពុជា មិនខុសពីប្រទេសអូស្ត្រាលី ក៏ដូចជាលោកខាងលិចមួយចំនួនទៀតនោះទេ។ នៅពេលស្ថានការណ៍របស់បស្ចិមលោកជាមួយកម្ពុជាត្រជាក់ កិច្ចសហប្រតិបត្តិការនូវែលសេឡង់-កម្ពុជា ក៏ត្រជាក់ ហើយពេលក្តៅក៏ក្តៅដែរ»។
លោក គិន ភា បានកត់សម្គាល់ថា ក្នុងបរិបទកម្ពុជាដឹកនាំដោយលោកហ៊ុន ម៉ាណែត ទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុបហាក់មានភាពប្រសើរឡើងច្រើន ខណៈលោកតែងជំរុញការធ្វើទំនាក់ទំនងទូតជាមួយបណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យលោកខាងលិច ក្នុងនោះរួមមាននូវែលសេឡង់ផងដែរ។
លោកបានបន្ថែមថា នូវែលសេឡង់ ជាប្រទេស ដែលមានសក្តានុពលមួយដែលអាចទាក់ទាញការវិនិយោគចូលមកកម្ពុជា ដែលលោកសង្កត់ធ្ងង់ថា វិនិយោគរបស់ប្រទេសប្រជាធិបតេយ្យលោកខាងលិចទាំងនេះ មានតម្លៃជាសេដ្ឋកិច្ចផង និងការទូតផង ខណៈនូវែលសេឡង់ជាម្ចាស់ជំនួយអភិវឌ្ឍន៍សំខាន់សម្រាប់កម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស។
ដោយឡែក នៅថ្ងៃទី១៣ ខែកុម្ភៈ លោកសុខ ចិន្តាសោភា ក៏បានជួបពិភាក្សាការងារជាមួយលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសហុងគ្រីប្រចាំកម្ពុជាផងដែរ ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។
ក្នុងជំនួបនេះ លោក សុខ ចិន្តាសោភា បានបង្ហាញការពេញចិត្ត ចំពោះការរីកចម្រើនផ្នែកទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅចំពោះវិបត្តិមួយចំនួនក្នុងតំបន់ និងសកលលោក ដោយប្រទេសទាំង២ បានផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ តួយ៉ាងការប្រស្រ័យទាក់ទងគ្នាតាមរយៈគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងកិច្ចពិគ្រោះយោបល់ទ្វេភាគី រួមទាំងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។
លោកបានអបអរចំពោះហុងគ្រី ដែលបានក្លាយជាប្រធានសហភាពអឺរ៉ុបក្នុងឆមាសទី២ ឆ្នាំ២០២៤ នេះ ហើយក៏ថ្លែងអំណរគុណដែលហុងគ្រីបន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហភាពអឺរ៉ុបលើគ្រប់វិស័យ។
បន្ថែមពីនេះ លោកសុខ ចិន្តាសោភា និងលោក Tibor BALOGHDI បានបញ្ជាក់ពីការប្តេជ្ញាចិត្តរៀងៗខ្លួនក្នុងការបន្តថែរក្សាទំនាក់ទំនងល្អ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមករវាងកម្ពុជា និងហុងគ្រីផងដែរ៕