​ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា ​(​ស៊ីម៉ាក់​) និង​ក្រុមហ៊ុន SATO KOGYO CO., LTD ​របស់​ជប៉ុន​បាន​ចុះ​ហត្ថ​​លេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា ពាក់ព័ន្ធ​ការផ្សព្វផ្សាយ​អប់រំ​លើ​ការយល់ដឹង​ពី​សង្គ្រាម ក៏ដូចជា ដើម្បី​លើកកម្ពស់​សមត្ថភាព​អង្គ​ភាព​ស៊ីម៉ាក់ ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​មាន​បញ្ហា​គ្រាប់មីន​។​

​ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៤ រវាង​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ និង​លោក Jun KATO អគ្គនាយក​ក្រុមហ៊ុន SATO KOGYO CO., LTD​ ដើម្បី​អនុវត្ត​លើ ​«​គម្រោង​សាងសង់​អគារ​ហ្វឹកហ្វឺន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​កំចាត់មីន​» នៅ​ខេត្តកំពង់ឆ្នាំង និង​«​អគារ​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​ពី​សង្គ្រាម (​សារមន្ទីរ​តេ​ជោ​សន្តិភាព​)» នៅ​ខេត្តសៀមរាប​។​

​ស៊ីម៉ាក់​បានបញ្ជាក់​ថា ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​សមត្ថភាព​អង្គភាព ​CMAC ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា និង​ក្នុង​ការជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​មាន​បញ្ហា​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ដើម្បី​ជំរុញ​ការលុបបំបាត់​បញ្ហា​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៃ​បណ្តា​ប្រទេស​ទាំង​​នោះ នាំមក​នូវ​សុខ​សុវត្ថិភាព​របស់​ប្រជាជន និង​គាំទ្រ​ការ​អភិ​វ​ឌ្ឍ​ប្រទេស​ឡើងវិញ​»​។​

​ជាមួយគ្នានេះ​ស៊ីម៉ាក់​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន​ដែល​តែងតែ​គាំទ្រ​យ៉ាងសកម្ម​លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។ ជាពិសេស​ការ​ផ្តល់ជំនួយ​ជា ថវិកា​ទីប្រឹក្សា​បច្ចេក​ទេស និង​សម្ភារ​បច្ចេកទេស​ដល់​អ​ង្គ​ភាព​ស៊ីម៉ាក់​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​លុបបំបាត់​ការ​គំរាម​កំហែង​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សំណល់​សង្គ្រាម ការចូលរួម​ផ្ដល់នូវ​ក្តី​សុខដុមរមនា​របស់​ប្រជាជន​កម្ពុជា​ឡើងវិញ​៕