ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យអភិបាលរាជធានី ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនលោក។
លោកបានចេញបញ្ជាដូចនេះនៅថ្ងៃទី ១៤ ខែកុម្ភៈ តាមរយៈសារសំឡេងថា៖ «ប្រមាណ ៣ សប្តាហ៍មុនខ្ញុំបានចេញបញ្ជាឱ្យផ្អាកការចេញអាជ្ញាប័ណ្ណ និងការផ្តល់សិទ្ធិក្នុងការបើកទីតាំងល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋាន។ ជាមួយគ្នានោះ ខ្ញុំក៏បានឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចំណុះឱ្យក្រសួងសេដ្ឋកិច្ច ដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ច អាជ្ញាធរ និងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស»។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖ «ខ្ញុំសូមឱ្យឯកឧត្តមលោកជំទាវ អភិបាលគណៈអភិបាលរាជធានីខេត្តចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីនៅមានបន្តបើកថ្មីបន្តទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្តង»។
លោកនាយករដ្ឋមន្ត្រីបន្តថា នេះគឺជាពេលវេលា ដែលត្រូវចូលរួមទាំងអស់គ្នាក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង និងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ភ្លើង ប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្មទៅតាមមូលដ្ឋាន បង្កើតរោងចក្រ សហគ្រាស ដើម្បីជួយបង្កើតការងារ និងបង្កើនចំណូលជូនដល់ពលរដ្ឋ មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ។
លោកបញ្ជាក់ដូច្នេះថា៖ «សូមឱ្យឯកឧត្តមលោកជំទាវ អនុវត្តកិច្ចការងារនេះឱ្យបានហ្មត់ចត់និងម៉ឺងម៉ាត់ និងត្រឹមត្រូវតាមបញ្ជារបស់ខ្ញុំ។ យើងត្រូវការវិន័យនៅក្នុងការដឹកនាំឱ្យត្រូវធ្វើការឱ្យបានលឿន ហើយរាយការណ៍ឱ្យខ្ញុំជាបន្ទាន់ទៅលើកិច្ចការងារនេះ»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៤ ខែកុម្ភៈថា លោកបានបញ្ជាឱ្យគណៈអភិបាលក្រុងស្រុក ចាត់ចែងអនុវត្តទៅតាមបញ្ជានេះភ្លាម ក្រោយពីលោកទទួលបានបទបញ្ជា កាលពីប៉ុន្មានសប្តាហ៍មុន និងបានចុះទៅបិទទីតាំងបើកល្បែងផ្សងសំណាងថ្មី នៅតាមភូមិសាស្ត្រមួយចំនួនក្នុងខេត្តកំពង់ស្ពឺរួចមកហើយដែរ។
លោកថា៖ «គណៈអភិបាល នៅតែបន្តធ្វើកិច្ចការងារនេះដូចភ្លៀងរលឹម ដើម្បីអនុវត្តទៅតាមបទបញ្ជា និងជាការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាពបានបង្ហាញពីការគាំទ្រចំពោះបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីនេះ ប៉ុន្តែលោកអះអាងថា នៅពេលដែលមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលហើយ សូមឱ្យថ្នាក់ក្រោមអនុវត្តឱ្យផង។
លោកថា៖ «សព្វថ្ងៃនេះ យើងឃើញហើយល្បែងភ្នាល់គ្រប់ប្រភេទ ជាពិសេសល្បែងផ្សងសំណាងតាមអនឡាញ កើតមានដូចផ្សិតនៅទូទាំងប្រទេសនៅភូមិស្រុកណាក៏មានដែរ។ វាបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋយើងដោយសារតែខ្លាចកូនៗ ឬសមាជិកគ្រួសារទៅប្រព្រឹត្តអបាយមុខនេះ»។
ក្រៅពីបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី ១៤ ខែកុម្ភៈ ក៏បានជូនដំណឹងពីការបង្ក្រាបការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី (SMS) ពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀតផងដែរ ទៅកាន់ទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់។
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានស្រាវជ្រាវនិងរកឃើញថា សកម្មភាពទាំងនេះត្រូវបានធ្វើឡើងតាមរយៈការប្រើ ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station Fake BTS)ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់ដល់គុណភាពសេវាឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខជាតិ។
ក្រសួងបានឱ្យដឹងថា៖ «ឧបករណ៍ Fake BTS នេះ ស្កេនរកលេខអត្តសញ្ញាណរបស់ទូរស័ព្ទចល័តហើយបន្ទាប់មក គឺផ្ដាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរស័ព្ទចល័ត ដោយបញ្ឆោតឱ្យទូរស័ព្ទចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះបញ្ជូនសារខ្លីទៅកាន់ទូរស័ព្ទចល័ត ដោយពុំឆ្លងកាត់បណ្ដាញរបស់ប្រតិបត្តិករទូរស័ព្ទចល័តនោះឡើយ»។
ដោយកំណត់បាននូវមុខសញ្ញានេះ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ ន.ទ.កសហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្រុមហ៊ុន ហ្ស៊ីចែ រេនជា ខា វ៉សស៊ីង សឺវីស ឯ.ក មានអាសយដ្ឋានស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុហើយបានចាប់យកវត្ថុតាង រួមមាន រថយន្តបំពាក់ឧបករណ៍ Fake BTS ៥ គ្រឿង ឧបករណ៍ Fake BTS ១៩ គ្រឿង ឧបករណ៍កាត់ផ្តាច់សេវា (Jammer) ៣ គ្រឿង និងគ្រឿងបង្គុំផ្សេងៗទៀតព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ធបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ក្រសួងបន្តថា សាធារណជនទាំងអស់ ត្រូវចៀសវាងការកាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ជាពិសេស គឺមិនត្រូវបើកមើល ឬឆ្លើយតបសារខ្លី (SMS) ឬសារតាមប្រព័ន្ធតេឡេក្រាម ឬបណ្តាញសង្គមផ្សេងៗពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត និងមិនត្រូវចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងទទួលរងការលួចចូល (Hack) យកទិន្នន័យពីជនទុច្ចរិត៕