ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ កម្ពុជាបានកសាងបានប្រព័ន្ធថវិកាមួយ ពីប្រព័ន្ធដែលនៅមានភាពខ្វះចន្លោះជាច្រើន មកជាប្រព័ន្ធថវិកាដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ និងទទួលបានការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
នាឱកាសបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល ២០ ឆ្នាំ ដែលបានអនុវត្តចាប់ពីឆ្នាំ ២០០៤-២០២៤ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់លើកម្មវិធីកែទម្រង់នេះ ដោយកំណត់កម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជារបៀបវារៈគោលនយោបាយអាទិភាពរបស់ខ្លួន។
លោកមានប្រសាសន៍ថា៖ «យើងបានចាប់ផ្តើមធ្វើការកែទម្រង់ក្នុងកាលៈទេសៈដ៏លំបាក គឺយើងមិនបានរង់ចាំទាល់តែទទួលបានសន្តិសុខ សន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេសទើបចាប់ផ្តើមកិច្ចការកែទម្រង់នោះទេ»។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «ផ្ទុយទៅវិញ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ យើងបានចាប់ផ្តើមធ្វើការកែទម្រង់លើគោលនយោបាយរបស់យើងជាបន្តបន្ទាប់ ដោយផ្អែកលើអាទិភាពបន្ទាន់ទាំងឡាយ ស្របតាមបរិការណ៍ និងកាលៈទេសៈ នៃសម័យកាលនីមួយៗ ចាប់តាំងពីក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍មក»។
យ៉ាងណាក្តីលោកថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងការឯកភាពជាតិពេញលេញផ្ទៃប្រទេស ដែលសម្រេចបានដោយការលំបាកបំផុតបានផ្តល់ឱកាសឱ្យកម្ពុជាអាចកែលម្អ និងស្ថាបនាបន្ថែមលើប្រព័ន្ធអភិបាលកិច្ច តាមរយៈការងាររៀបចំកែទម្រង់ជាប្រព័ន្ធ ក្នុងលក្ខណៈជាកម្មវិធីដែលមានរយៈពេលវែង និងការកំណត់ចក្ខុវិស័យវែងឆ្ងាយ។
លោកបានលើកឡើងពីសមិទ្ធផលគន្លឹះធំៗមួយចំនួនរយៈពេល ២០ ឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ជាមូលដ្ឋាននៃការត្រៀម និងរៀបចំខ្លួនដើម្បីឈានឆ្ពោះទៅការសម្រេចគោលដៅនៃដំណាក់កាលបន្តទៅខាងមុខ។
លោកបញ្ជាក់ថា៖ «សមិទ្ធផលគន្លឹះទី១ គឺការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា ក្នុងរយៈពេល ៥ ឆ្នាំដំបូងនៃការអនុវត្តដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់យើងបានធ្វើឱ្យថវិកាជាតិទទួលបានភាពជឿទុកចិត្ត ដែលទទួលបានការវាយតម្លៃខ្ពស់ពីតួអង្គពាក់ព័ន្ធទាំងអស់ ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ និងស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិ»។
ការលើកកម្ពស់តម្លាភាពថវិកា ការធ្វើផែនការថវិកា ការកែលម្អប្រព័ន្ធកត់ត្រាក៏ដូចជាប្រព័ន្ធរាយការណ៍ និងការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ជាដើម ដែលទាំងអស់នេះសុទ្ធសឹងតែជាសមាសធាតុគន្លឹះ ចូលរួមចំណែកដល់ការបង្កើនទំហំនៃការពង្រឹងការគ្រប់គ្រងចំណូលថវិការដ្ឋព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់គ្រងចំណាយ។
លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ «ការកសាងបានជាមូលដ្ឋាននូវសមាសធាតុ ចាំបាច់ទាំងឡាយនៃប្រព័ន្ធថវិកាទំនើប ឆ្លើយតបនឹងឧត្តមនវានុវត្តន៍ជាអន្តរជាតិ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ យើងកសាងបានប្រព័ន្ធថវិកាមួយ ពីប្រព័ន្ធដែលការខ្វះចន្លោះជាច្រើនមកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ ដោយចាប់ផ្តើមពីដំណាក់កាលដំបូងនៃការធ្វើឱ្យថវិកាមានភាពជឿជាក់»។
លោកថា ការគ្រប់គ្រងថវិកា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានផ្លាស់ប្តូរជាបណ្តើរៗទៅកាន់ការគ្រប់គ្រងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្នក៏បានថ្លែងឱ្យដឹងដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានបែងចែកជា ៤ ដំណាក់កាលរួមមាន៖ ទី១. ផ្តោតលើការកសាងភាពជឿទុកចិត្តនៃថវិកា, ទី២. ផ្តោតលើការកសាងគណនេយ្យភាពហិរញ្ញវត្ថុ, ទី៣. ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងដំណាក់កាលទី៤. ផ្តោតលើការកសាងគណនេយ្យភាពសមិទ្ធកម្ម។
លោកបញ្ជាក់ថា៖ «ការប្រកាន់យកចក្ខុវិស័យ និងយុទ្ធសាស្ត្រខាងលើនេះ បានបង្ហាញអំពីមហិច្ឆតា និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែង ក្នុងបរិបទកម្ពុជាផង និងធានាបានប្រសិទ្ធភាព និងស័ក្តិសិទិ្ធភាពស្របតាមឧត្តមនានុវត្តន៍ជាអន្តរជាតិផង»។ ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបាលក្នុងនីតិកាលកន្លងទៅ បានឆ្លងកាត់ដំណាក់កាលទាំង ៣ នៃការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ប្រកបដោយជោគជ័យដោយទទួលបានផលផ្លែផ្កាគួរជាទីមោទនៈបំផុត។
លោកបន្ថែមថា៖«សមិទ្ធផលសំខាន់ៗដំណាក់កាលទី៤ ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅទំនុកចិត្តថវិកានៅតែរក្សាបានជាសារវន្ត ជាក់ស្តែងការអនុវត្តកៀរគរចំណូលរយៈពេលមធ្យម បានធ្វើឱ្យចំណូលជាតិកើនឡើងជាលំដាប់ ក្នុងទំហំប្រមាណជិត ២០ ដង ខណៈចំណាយថវិកាជាតិសរុបបានកើនឡើងជិត ១៥ ដង ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ»។
លោក អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ការពិត វិបត្តិកូវីដ ១៩ បានបន្ទុចបង្អាក់មួយចំនួនដល់កិច្ចប្រឹងប្រែងនៃការប្រមូលចំណូលក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណាក៏ដោយការប្រមូលចំណូលថវិការដ្ឋទាំងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ បានចាប់ផ្តើមមានសម្ទុះឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺនេះ។
លោកថា៖ «ចាប់ពីឆ្នាំ ២០១៣ ដល់ ២០២៣ លំហូរចំណាយមានទិសដៅវិជ្ជមានដែលឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាព ជាបណ្តើរៗនៃការដាក់ចេញវិធានការចាំបាច់ក្នុងការកែលម្អការអនុវត្តថវិកា»។
ជាមួយគ្នានោះដែរលោក ឌ្រីសម៉ាន់ អីហ្គោរ៍ (DRIESMANS Igor) តំណាងដៃគូអភិវឌ្ឍន៍ និងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាក៏បានថ្លែងដែរថា ព្រឹត្តិការណ៍នាពេលនេះឆ្លុះបញ្ចាំងពីភាពវិជ្ជមានពីដៃគូរបស់កម្ពុជាក្នុងពេលអតីតកាល និងទៅថ្ងៃអនាគត ហើយដំណើរនេះមិនបញ្ចប់នៅត្រឹមនេះទេ។
លោកបានថ្លែងថា៖ «ភាពជោគជ័យនៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលគាំទ្រទៅដោយដៃគូអភិវឌ្ឍន៍ប៉ុន្មានឆ្នាំកន្លងមកនេះ គឺយើងអាចវាស់វែងបានតាមរយៈការដាក់ចេញគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងសង្គតិភាពទៅតាមវិស័យរួមមានវិស័យសុខាភិបាល និងអប់រំជាដើម»។
លោកបន្ថែមថា៖ «ការលើកកម្ពស់ធ្វើឱ្យកាន់តែប្រសើរការប្រមូលប្រាក់ចំណូលក្នុងស្រុកផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាល បន្តការគាំទ្រ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតផ្នែកសុខាភិបាល និងកិច្ចគាំពារសង្គម។ ទោះបីជាបែបនេះក៏ដោយយើងត្រូវខិតខំប្រឹងប្រែងបន្តទៀត នៅក្នុងការឆ្លើយតបទៅនឹងសេវាសម្រាប់វិស័យគន្លឹះរួមមាន អប់រំ កិច្ចគាំពារសង្គមសុខាភិបាល និងកសិកម្ម»។
ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូត លើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានការរៀបចំជាផែនការបង្ហាញផ្លូវដែលមានលក្ខណៈច្បាស់លាស់ជាប្រព័ន្ធមួយដែលមានលក្ខណៈរួម ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុ ដែលកិច្ចការនេះនឹងជួយសម្របសម្រួលប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយគណនេយ្យភាព និងតម្លាភាព និងស្របទៅតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា៕