
ពងអណ្តើកហ្លួងចំនួន ២០ សម្បុក ដែលមានពងសរុបចំនួន ២០៦ គ្រាប់ ដែលត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។ រូបថយត WCS
កោះកុងៈ ក្រុមអភិរក្សសត្វអណ្តើកហ្លួងនៃរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជាបានរកឃើញពងអណ្តើកហ្លួងចំនួន ២០ សម្បុក នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ចាប់តាំងពីខែមករារហូតមកទល់បច្ចុប្បន្ននេះ។
ពងអណ្តើកហ្លួងចំនួន ២០ សម្បុកនេះ មានពងសរុបចំនួន ២០៦ គ្រាប់ ដែលត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារអភិរក្សបានដាក់ចាំថតនៅលើឆ្នេរខ្សាច់នោះ បានបង្ហាញថា មានអណ្ដើកមេជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៨ យប់ដល់ម៉ោង ៤ ទៀបភ្លឺ។
នេះគឺជាឆ្នាំទី៤ ហើយ ដែលកម្មវិធីបង្កាត់ពូជសត្វអណ្ដើកហ្លួង មានមេពូជអណ្តើកហ្លួងបានទម្លាក់ពងនៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា ខណៈក្រុមការងារអភិរក្សរំពឹងថា នឹងរកឃើញពងអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ ២០២៥ ដែលចាប់ផ្តើមពីខែមករា ដល់ខែមីនា។ នេះបើយោងតាមហ្វេសប៊ុករបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។
ជាមួយគ្នានេះលោក ធន ផុន ប្រធានគម្រោងអភិរក្សប្រចាំខេត្តកោះកុង នៃអង្គការ WCS បានប្រាប់ឱ្យដឹងបន្ថែមថា តំណាងអង្គការសមាគមអភិរក្សសត្វព្រៃ លោកសូមអំពាវនាវដល់រាជរដ្ឋាភិបាលក្រសួងពាក់ព័ន្ធនានា និងសហគមន៍មូលដ្ឋានមេត្តាចូលរួមអនុវត្ត និងសូមជួយពង្រឹងបន្ថែមនូវកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូអង្គការអភិរក្សផ្សេងៗក៏ដូចជាពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិដើម្បីចូលរួមកិច្ចការងារអភិរក្សធនធានធម្មជាតិលើប្រភេទសត្វកម្រជិតផុតពូជនៅក្នុងប្រទេសកម្ពុជាដូចជា៖ អណ្ដើកហ្លួង និងក្រពើត្រីជាដើម។
លោកបន្តទៀតថា ការចូលរួមអភិរក្សប្រភេទសត្វកម្រជិតផុតពូជទាំងនេះ គឺត្រូវធ្វើយ៉ាងណាការពារឱ្យបានទីជម្រក ព្រៃដងព្រែក ដែលជាប្រភពចំណីដ៏សំខាន់សម្រាប់ធនធានដ៏កម្រនិងសូមមេត្តាបញ្ឈប់ការរាយសំណាញ់នេសាទខុសច្បាប់ក្នុងបរិវេណទីជម្រករបស់សត្វដ៏កម្រ។
លោកបញ្ជាក់ថា៖ «សូមមេត្តាបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការបូមខ្សាច់ការកាប់រានព្រៃដងព្រែក និងការនេសាទគ្រប់ប្រភេទក្នុងតំបន់ហាមឃាត់ ជាពិសេសក្នុងបរិវេណទីជម្រក និងឆ្នេរខ្សាច់ពងកូនរបស់សត្វដ៏កម្រនេះ»។
បើតាមលោក ផុន បញ្ហាប្រឈម និងកត្តាគំរាមកំហែងក្នុងកិច្ចការងារអភិរក្សសត្វអណ្ដើកហ្លួងនេះមានច្រើន ដែលនៅក្នុងនោះរួមមាន៖ ការថយចុះនៃសម្បុកពងកូនរបស់អណ្ដើកហ្លួង និងក្រពើត្រីក្នុងធម្មជាតិ ការកាប់ទន្ទ្រានឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធិ និងការកាប់ដើមឈើដែលសេសសល់នៅតាមតាមប្រព័ន្ធព្រែកស្រែអំបិល។
មិនតែប៉ុណ្ណោះ លោកថា ការលួចបូមយកខ្សាច់ពេលយប់ ឬពេលមានបុណ្យជាតិផ្សេងៗ ការរំខាននៅតាមឆ្នេរពងកូនដូចជាការបោះតង់ និងការចោលសំរាមជាដើម។ ក្រៅពីនេះ ក៏នៅតែមានការបន្តប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ ជាពិសេសនៅរដូវប្រាំង ចំណែកឯការអនុវត្តច្បាប់តាមប្រព័ន្ធព្រែកស្រែអំបិលនៅមានកម្រិត ហើយនិងការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការងារគ្រប់គ្រង និងអភិរក្សនៅមានកម្រិតផងដែរ។ នេះជាការបន្ថែមរបស់លោកធន ផុន។

ចំណែកលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានក៏បានឱ្យដឹងដែរថា សត្វអណ្ដើកហ្លួង ឬអណ្ដើកសរសៃ គឺស្ថិតនៅក្នុងចំណោមប្រភេទអណ្ដើកទឹកសាបទាំង ២៥ ប្រភេទលើសកលលោក ដែលកំពុងប្រឈមនឹងការផុតពូជ និងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងជាប្រភេទឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជា ផងដែរ តាំងពីឆ្នាំ ២០០៥។
ប្រភេទឧរង្គសត្វដ៏កម្រនេះដែរ ក៏ជានិមិត្តរូបតំណាងឱ្យជាតិ ដូច្នេះវត្តមានសត្វកម្រនេះ កំពុងទទួលបានការការពារ និងអភិរក្សបានយ៉ាងល្អនៅក្នុងតំបន់ជួរភ្នំក្រវាញ។
លោក អាទិត្យា ថ្លែងថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ដល់ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌល ដែលបានស្តារចំនួនប្រភេទអណ្តើកហ្លួងនេះឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ។ ទោះបីអណ្ដើកហ្លួងមានលក្ខណៈជីវសាស្ត្រ រស់នៅតាមតំបន់ព្រែកទឹកសាប លាយទឹកភ្លាវ ហើយជម្រកដ៏ល្អរបស់វាមានព្រៃលិចទឹក ព្រៃកោងកាង និងមានឆ្នេរខ្សាច់ល្អសម្រាប់ពងកូន និងបន្តពូជ»។
លោកថា ស្របនឹងការអនុវត្តតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំអាទិភាព ៣ នោះគឺភាពស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចអ្នកពាក់ព័ន្ធចូលរួមការពារនិងអភិរក្សធនធានជីវៈចម្រុះ គោរពច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលធានាផ្តល់អត្ថប្រយោជន៍ជាច្រើនលើផ្នែកបរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌តាមរយៈការរក្សាព្រៃធម្មជាតិនិងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារចំនួនសត្វអណ្ដើកហ្លួង។ ជាក់ស្ដែងអណ្ដើកហ្លួងចំនួន ២៦៨ ក្បាល កំពុងស្ថិតក្រោមការថែទាំពីក្រុមការងារអភិរក្ស ដែលក្នុងនោះមានកូនអណ្ដើកទើបតែញាស់ក្នុងឆ្នាំ ២០២៣ ចំនួន ១១៨ ក្បាលផងដែរ។ ការបង្កាត់ពូជអណ្តើកហ្លួងនៅមជ្ឈមណ្ឌល គឺជាគោលដៅអភិរក្សរបស់ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនអណ្តើកហ្លួងនេះឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ៕