ភ្នំពេញៈ លោក ​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្លែងថា ការដាក់​តាំងពិព័រណ៍ និង​លក់​បន្លែ​សុវត្ថិភាព នៅមុខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្ងៃទី​ ១៤ កុម្ភៈ ជាការ​​ផ្តល់​ក្តី​ស្រឡាញ់​ផ្នែក​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​ជាការ​ជំរុញ​ទំនាក់ទំនង និង​បើកឱកាស​បន្ថែមទៀត​ដល់​អ្នក​​ផលិត អ្នកលក់ និង​អ្នកទិញ​។​

​លោក​ថ្លែង​បែបនេះ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន ក្រោយ​ទស្សនាការ​ដាក់តាំង និង​លក់​ផលិតផល​ដំណាំ​ក​សិ​​កម្ម​សរីរាង្គ និង​ផលិតផល​កែច្នៃ​កសិកម្ម​ផ្សេងទៀត​សរុប​ប្រមាណ​ជិត​ ២០ ​មុខ​មកពី​ទូទាំងប្រទេស​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ការ​ជាវ និង​ការផ្តល់ឱ្យ​គ្នា​ទៅវិញទៅមក ពី​ផលិតផល​កសិកម្ម ដែល​បាន​ដាក់តាំង​នេះ​គឺជា​ការផ្តល់​ក្តី​ស្រឡាញ់​ដល់​គ្នា និង​គ្នា និង​ជាការ​បង្កើត​ស្មារតី​គាំទ្រ​ផលិតផល​ជាតិ​។​

​ជាមួយគ្នា​នោះ​លោក​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការ​វេច​ខ្ចប់ បែប​លក្ខណៈ​ជា​របស់​ខ្មែរ​កែច្នៃ​ធ្វើ​ដោយ​ដៃ ព្រោះ​អាច​បាន​ផលចំណេញ​ច្រើនជាង​ការកែច្នៃ​វេច​ខ្ចប់​ដោយ​ប្រើ​លក្ខណៈ​ឧស្សាហកម្ម​។​

​លោក​ថ្លែងថា​៖ «​ឃើញ​កន្លែង​ខ្លះ​យក​ឫស្សី​មក​ក្រង ធ្វើ​សម្រាប់​វេច​ខ្ចប់​សុទ្ធតែជា​ទំនិញ​ក្នុងស្រុក​ទាំងអស់ ប៉ុន្តែ​បើ​យើង​វេច​ខ្ចប់​ប្រើ​វត្ថុ​ធាតុ​ជា​លក្ខណៈ​ប្លា​ស្ទិ​ក លក្ខណៈ​ឧ​​ស្សា​ហក​ម្ម​ច្រើន ធ្វើឱ្យ​យើង​បាត់​តម្លៃបន្ថែម​មួយចំនួន​ដែរ ព្រោះ​អី​ជាការ​ចំណាយ​បន្ថែម​»​។​

​អ្នកស្រី សយ សុមាលី អាយុ ​៤៥​ ឆ្នាំ តំណាង​ផ្សារ​សហគមន៍​ខ្មែរ មកពី​ខេត្តសៀមរាប បានឱ្យដឹងថា ការដាក់​តាំង​លក់​បន្លែ​សុវត្ថិភាព​ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ គឺជា​រឿង​ល្អ ព្រោះ​ជា​ឱកាស​នៃ​ការជួយ​ផ្សព្វ​​ផ្សាយ​បន្លែ​របស់​កសិករ ដែល​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​បាន​កាន់តែច្រើន ហើយ​ជា​ពិសេស ប្រជាពលរដ្ឋ​នៅ​ទី​ក្រុង​បាន​ស្គាល់​កាន់តែច្បាស់​អំពី​ផលិតផល​បន្លែ​ទាំងនោះ ដែល​អាច​នាំឱ្យ​មានការ​គាំទ្រ​កាន់តែច្រើន ជាហេតុ​នាំឱ្យ​ការដាំដុះ​មាន​ទីផ្សារ​ល្អ​។​

​អ្នកស្រី​បន្ថែមថា តាម​ការ​កត់សម្គាល់​រយៈពេល​ ១ ​ព្រឹក នៃ​ការ​ដាក់តាំង​លក់​ផលិតផល​បន្លែ​សុវត្ថិភាព​នេះ ឃើញថា ប្រជាពលរដ្ឋ​ដែល​បាន​ចូល​មើល និង​បាន​ទិញ​គឺមាន​ទំនុក​ចិត្ត​ខ្ពស់ ដោយ​មិន​មានការ​បារម្ភ​បញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ពី​ការបរិភោគ​បន្លែ​ទាំង​នេះ​ទេ​។ ម្យ៉ាងទៀត ការទិញ​បន្លែ​ដែលមាន​ការ​វេច​ខ្ចប់​ស្អាតៗ បែបនេះ​យកទៅ​ធ្វើជា​កាដូ​ដល់​គ្រួសារ ឬ​អ្នក​ជាទី​ស្រឡាញ់ គឺ​ល្អ​ជាង​ទិញ​ផ្កា ដែល​ប្រើ​មិន​បានជា​ប្រយោជន៍​ទុក​សម្រាប់តែ​ស្វិត​ចោល​។​

ទិដ្ឋភាពនៃអ្នកលក់និងអ្នកទិញបន្លែសរីរាង្គជាកាដូក្នុងទិវានៃក្តីស្រឡាញ់សម្រាប់សុខភាព។ហេង ជីវ័ន

​អ្នកស្រី​ថ្លែងថា​៖ «​យើង​ក៏​សប្បាយចិត្ត ពេលណា​ដែល​ពួកគាត់​មានការ​គាំទ្រ​ច្រើន​។ ខ្ញុំ​សង្ឃឹមថា បន្លែ​ទាំងអស់ មិន​ថា​កន្លែង​ខ្ញុំ ឬ​កន្លែង​ណា​ទេ ឱ្យតែ​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ប្រើ​ប្រាស់​គាត់​ទិញ​ទទួលទាន​កាន់​តែ​ច្រើន ធ្វើឱ្យ​ទីផ្សារ​កសិករ​កាន់តែ​ល្អ ហើយក៏​សំណូមពរ​ដល់​ពលរដ្ឋ​ខ្មែរ​យើង​ទាំងអស់​គាំទ្រ​បន្លែ​កសិផល​របស់​កសិករ​ប្រសើរ​ជាង​យើង​ទិញ​ផលិត​ផល​នាំចូល​»​។​

​អ្នក​ស្រី រិន រចនា អាយុ​ ៣៤​ ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ថ្លែងថា ការ​ដាក់តាំង​លក់​ផលិតផល​បន្លែ​សុវត្ថិភាព​នេះ ជាការ​បើកឱកាស​ដល់​ប្រជាពលរដ្ឋ​អាច​ចូល​មើល ជជែក​គ្នា​ជាមួយ​អ្នក​លក់ និង​មាន​ទំនុកចិត្ត​ក្នុងការ​ទិញ​យកទៅ​បរិភោគ មិន​ខ្លាច​ប៉ះ​បន្លែ​ដែលមាន​ថ្នាំ​គីមី​ជាតិ​ពុល​ច្រើន ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​។

ជាមួយគ្នា​នោះ អ្នកស្រី​លើកឡើងថា ការ​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​គ្នា និង​គ្នា មិនចាំបាច់​ទាល់តែ​មាន​ផ្កា​នោះទេ បន្លែ​ដែល​ចង​ជា​បាច់​តាក់តែង​ដូច​បាច់ផ្កា ដែល​ដាក់តាំង​នេះ ក៏​អាចជា​កាដូ​បង្ហាញ​ក្តី​ស្រឡាញ់​ដ៏​ល្អ​ជំនួស​បាច់ផ្កា​បានដែរ​។

​អ្នកស្រី​ថ្លែងថា​៖ «​បើ​ទិញ​កាដូ​ជា​បន្លែ​អ៊ីចឹង​ល្អ យកទៅ​ដល់​យើង​ធ្វើ​ញ៉ាំ​ទាំងអស់គ្នា​តែម្ដង មាន​ប្រយោជន៍​ជាង​ទិញ​ផ្កា គឺ​អស់​លុយ​គ​គោក​ហើយ​យកទៅ​ទុកចោល​ដដែល តែ​ការទិញ​បន្លែ​យើង​ចំណាយលុយ​មែន តែ​ប្រយោជន៍​មកវិញ​បាន​ញ៉ាំ​ហើយ សុខភាព​ល្អ​ទៀត ព្រោះ​អី​បន្លែ​របស់​ខ្មែរ​យើង​ធម្មជាតិ​ពិតៗ​»​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា នេះ​ជា​លើក​ទី​២​ ហើយ ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំ​ការតាំង​បង្ហាញ និង​ដាក់លក់​បន្លែ​សុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​ចង់​ប្តូរ​បរិយាកាស​ពី​ការ​ទិញ​ផ្កា​សម្រាប់​អ្នកជា​ទីស្រឡាញ់ ក្នុង​ថ្ងៃ​ ១៤​ កុម្ភៈ មកជា​ការទិញ​បន្លែ​សុវត្ថិភាព​ជូន​អ្នក​ជាទី​ស្រ​ឡាញ់​វិញ​។

​កញ្ញា អ៊ឹម រចនា បាន​ថ្លែង ទៀតថា​៖ «​ឆ្នាំនេះ​យើង​ធ្វើ​ធំ​ជាង​ឆ្នាំមុន យើង​មាន​ស្តង់​ច្រើនជាង​មុន មាន​ផលិតផល​ច្រើនជាង​មុន​។ ឆ្នាំមុន​យើង​ដាក់តាំង​បង្ហាញ និង​លក់​តែ​បន្លែ​សុវត្ថិភាព​ទេ ប៉ុន្តែ​យើង​មាន​ផលិតផល​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​អនុវិស័យ​កសិកម្ម​រប​ស់​យើង​»​។​

​កញ្ញា​បញ្ជាក់ថា គោលបំណង​សំខាន់​នៃ​ការ​ដាក់តាំង​បង្ហាញ​ផលិតផល​កសិកម្ម​ទាំងនេះ​គឺ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ងាក​មក​ចាប់​អា​ម្មណ៍​អំពី​ផលិតផល​កសិផល​រប​ស់​ខ្មែរ​។ ទោះបីជា​ពួកគាត់​មិនបាន​ទិញ​ក៏ដោយ គ្រាន់តែ​ចូល​មើលក៏​អាច​ដឹងថា វិស័យ​កសិកម្ម​កម្ពុជា​មានការ​រីកចម្រើន​ក​ម្រិ​ត​ណា​។ បន្លែ​មួយចំនួន​ដែល​ដាក់តាំង​នេះ​ជា​បន្លែ​សុវត្ថិភាព​មាន QR កូដ ដែល​អ្នកទិញ​អាច​ស្គេ​ន​មើល​ដឹង​ពី​ប្រភព​ទីតាំង​ដាំ​ដុះ កន្លែង​ដាក់លក់ និង​ដឹង​ពី​សារធាតុ​នៅក្នុង​បន្លែ​នោះ​ផងដែរ​៕