ភ្នំពេញៈ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឱ្យមន្ត្រី អាជ្ញាធរពាក់ព័ន្ធនិងអង្គការដៃគូបន្តយកចិត្តទុកដាក់បន្ថែមទៀតដល់ជនវិបល្លាសស្មារតីចំពោះការស្តារនីតិសម្បទាឱ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅសហគមន៍វិញ។
លោករដ្ឋមន្ត្រី បានថ្លែងដូចនេះក្នុងពិធីសំណេះសំណាល និងចុះសួរសុខទុក្ខជនវិបល្លាសស្មារតី ផ្សារភ្ជាប់ទិវាក្តីស្រឡញ់នៅមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោកបានបន្ថែមថា កន្លងទៅ ដោយសារមានការយកចិត្តទុកដាក់ពីមន្ត្រីពាក់ព័ន្ធក្នុងការមើលថែទាំ ព្យាបាល និងស្តារនីតិសម្បទា រួមទាំងការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជន អង្គការដៃគូពាក់ព័ន្ធទើបមជ្ឈមណ្ឌលបានបញ្ជូនជនវិបល្លាសស្មារតីត្រឡប់ទៅក្រុមគ្រួសារវិញបានមួយចំនួន ខណៈមួយចំនួនទៀត ថ្វីដ្បិតបានអនុញ្ញាតឱ្យវិលត្រឡប់ទៅនៅជាមួយគ្រួសារវិញមែន ប៉ុន្តែគ្រួសារនៅបន្តមើលថែទាំផងដែរ។
លោក ជា សុមេធី បានមានប្រសាសន៍ថា៖ «ខ្ញុំសូមកោតសរសើរចំពោះបុគ្គលិករបស់យើងដែលបានផ្តល់ការថែទាំយ៉ាងល្អដល់បងប្អូនដែលមានបញ្ហាខាងសតិស្មារតីនេះ។ ខ្ញុំសូមស្នើឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់មូលដ្ឋាន និងអង្គការដៃគូពាក់ព័ន្ធ រួមគ្នាបន្តទៀតក្នុងការផ្តល់កិច្ចសហការជួយដល់ជនវិបល្លាសស្មារតីឱ្យគាត់មានសភាពធូរស្បើយដែលអាចធ្វើសមាហរណកម្មជាមួយសហគមន៍និងគ្រួសាររបស់គាត់ឡើងវិញ»។
លោកបានបន្ថែមថា ក្នុងឱកាសទិវានៃក្តីស្រឡញ់លោកស្នើដល់សាធារណជនកុំមានការរើសអើងចំពោះជនមានវិបល្លាសស្មារតីផ្តល់ក្តីស្រឡាញ់និងត្រូវបន្តជួយដល់ពួកគាត់ឱ្យទទួលបានការព្យាបាល និងថែទាំត្រឹមត្រូវដើម្បីសុខុមាលភាពសង្គម។
លោក ទុំ រតនៈឧត្តម ប្រធានមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសបានឱ្យដឹងដែរថា មជ្ឈមណ្ឌលបានទទួលជនវិបល្លាសស្មារតីឱ្យស្នាក់នៅ ព្យាបាល ថែទាំ និងស្តារនីតិសម្បទាក្នុងមជ្ឈមណ្ឌលសរុបចំនួន ២៦៧ នាក់ (ស្រី ១០៥ នាក់) និងបានបញ្ជូនត្រឡប់ទៅក្រុមគ្រួសារ ដើម្បីមើលថែទាំបន្តសរុបចំនួន ២៣ នាក់ (ស្រី ៩ នាក់)។ បច្ចុប្បន្នមជ្ឈមណ្ឌលមានជនវិបល្លាសស្មារតីកំពុងស្នាក់នៅសរុបចំនួន ២៤០ នាក់ (ស្រី ៩៣ នាក់)។
លោកបានបញ្ជាក់ថា៖ «ការស្នាក់នៅរបស់ជនវិបល្លាសស្មារតី គឺធ្វើការរៀបចំបែងចែកទៅតាមភេទ និងកម្រិតសភាពជំងឺ (ធ្ងន់ ឬស្រាល) ដោយផ្អែកទៅតាមរយៈការវិនិច្ឆ័យរោគសញ្ញាពីក្រុមគ្រូពេទ្យជំនាញ។ ករណីជនវិបល្លាសស្មារតីទើបចូលថ្មី ឬមានកម្រិតសភាពជំងឺធ្ងន់ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកសិនដើម្បីងាយស្រួលក្នុងការតាមដាន និងថែទាំ»។
លោកប្រធានមជ្ឈមណ្ឌល ក៏បានស្នើសុំបន្ថែមបុគ្គលិកមើលថែបន្ថែម ដោយសារជនវិបល្លាសបន្តទទួលមកពីបណ្តារាជធានី-ខេត្ត មានការកើនឡើង ខណៈមជ្ឈមណ្ឌលក៏ត្រូវការគ្រូពេទ្យឯកទេសផ្លូវចិត្តបន្ថែមផងដែរ ដែលសំណើនេះ លោករដ្ឋមន្ត្រី ព្រមទទួលយកទៅពិនិត្យពិចារណាក្នុងការសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យការស្តារនីតិសម្បទារបស់ជនវិបល្លាសស្មារតី ប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបថា មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោមអធិបតី លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលមជ្ឈមណ្ឌលមានតួនាទីផ្ដល់ការយកចិត្តទុកដាក់ចំពោះជនមានវិបល្លាសស្មារតីឱ្យទទួលបានសេវាស្នាក់នៅ ហូបចុក ព្យាបាលថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាឱ្យល្អប្រសើរឡើងវិញដើម្បីធ្វើសមាហរណកម្មទៅសហគមន៍វិញ។
មជ្ឈមណ្ឌលបានផ្តល់កម្មវិធីស្តារនីតិសម្បទាដល់ជនវិបល្លាសស្មារតីដូចជា បង្រៀនអក្ខរកម្ម គូរគំនូរ ធ្វើក្រណាត់ជូតជើង ធ្វើសាប៊ូ ធ្វើកសិកម្ម ដេរថង់ សម្អាងកាយ និងកម្មវិធីប្រឹក្សាយោបល់អប់រំសុខភាពផ្លូវចិត្តជាមួយជនវិបល្លាសស្មារតីផងដែរ៕