ស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រារឰព្រះរាជពិធីចម្រើនព្រះជន្ម ព្រះចៅអធិរាជជប៉ុន គម្រប់ ៦៤ ព្រះវស្សានៅថ្ងៃទី ២៣ ខែកុម្ភៈ ក្រោមការចូលរួមពីមន្ដ្រីជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូប ដោយបានផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគីដ៏ស៊ីជម្រៅ ក៏ដូចជាការវិវឌ្ឍរវាងកម្ពុជា និងជប៉ុន។
ការប្រារឰពិធីនេះបានបង្ហាញពីការឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រ និងការគោរពគ្នាទៅវិញទៅមក ដែលជាលក្ខណៈនៃទំនាក់ទំនងកម្ពុជា-ជប៉ុនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
លោកឧបនាយករដ្ឋមន្ដ្រីកម្ពុជា សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅអធិរាជ ព្រះអធិរាជិនី ក៏ដូចជាប្រជាជនជប៉ុន ដោយសង្កត់ធ្ងន់លើប្រធានបទ «សុខដុមរមនា» ដែលកំណត់សម័យរេវវ៉ា (Reiwa)។
លោក សោភា ថ្លែងក្នុងពិធីអបអរថ្ងៃចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុននៅស្ថានទូតជប៉ុនប្រចាំទីក្រុងភ្នំពេញថា៖ «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងសន្តិភាព និងការកសាងឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើង»។
ដោយលើកឡើងពីកិច្ចសហការផ្នែកនយោបាយរវាងប្រទេសទាំង ២ លោក សោភា បានចង្អុលបង្ហាញអំពីការផ្លាស់ប្តូរកម្រិតខ្ពស់ រួមទាំងកិច្ចប្រជុំកំពូលចំនួន ៦ ក្នុងរយៈពេល២ឆ្នាំកន្លងមក ដែលបានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំង ២។
លោក សោភា បានថ្លែងថា៖ «ក្នុងនោះរួមមានកិច្ចប្រជុំកំពូលចំនួន ៦ ក្នុងរយៈពេល ២ ឆ្នាំ ពោលគឺកិច្ចប្រជុំចំនួនបួនរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វ៊ូមីអុ ក្នុងឆ្នាំ ២០២២ និងពីររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី គីស៊ីដា ក្នុងឆ្នាំ២០២៣»។
លោកបានបន្ដថា កិច្ចសន្ទនាទាំងនេះមានសារៈសំខាន់ក្នុងការកសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងទំនាក់ទំនងសេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ។
លោកឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរ ចំពោះទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ដែលជំរុញដោយការវិនិយោគរបស់ជប៉ុនក្នុងវិស័យសំខាន់ៗ នៅកម្ពុជា និងសុទិដ្ឋិនិយម ចំពោះលំហូរចូលនៃអាជីវកម្មជប៉ុននាពេលអនាគត។
លោកបានឱ្យដឹងថា៖ «កម្ពុជានឹងស្វាគមន៍វត្ដមាននាវាកងកម្លាំងស្វ័យការពារដែនសមុទ្រនៅកំពង់ផែក្នុងខេត្តព្រះសីហនុនៅចុងខែនេះ។ យើងក៏សហការយ៉ាងជិតស្និទ្ធក្នុងការកសាងសន្តិភាព និងការដោះមីន រួមទាំងការគាំទ្រដល់គំនិតផ្ដួចផ្ដើមការដោះមីនក្នុងប្រទេសទី៣»។
លោក សោភា បានទទួលស្គាល់តួនាទីយ៉ាងសំខាន់របស់ប្រទេសជប៉ុនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ដោយសម្តែងនូវអំណរគុណ និងក្តីសង្ឃឹមសម្រាប់ការគាំទ្របន្តឆ្ពោះទៅរកគោលដៅប្រកបដោយមហិច្ឆតារបស់កម្ពុជាក្នុងការឈានទៅដល់ឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោកបានសង្កត់ធ្ងន់ចំពោះការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយលើកឡើងពីការរួមចំណែករបស់អ្នកស្ម័គ្រចិត្តជប៉ុនជាច្រើននៅកម្ពុជា និងការចូលរួមរបស់និស្សិត និងមន្ត្រីកម្ពុជាជាច្រើននាក់ក្នុងកម្មវិធីបណ្តុះបណ្តាលនៅប្រទេសជប៉ុន។
លោកបានបន្តថា៖ «បច្ចុប្បន្នប្រទេសជប៉ុនមានសិក្ខាកាម និងកម្មករជំនាញកម្ពុជាជាង ២ ម៉ឺននាក់។ ជាការលើកទឹកចិត្តដែលបន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ លំហូរភ្ញៀវទេសចររវាងប្រទេសទាំង ២ មានការកើនឡើង»។
ម្យ៉ាងវិញទៀត ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ក្នុងឱកាសរំឭកខួបព្រះចៅអធិរាជ ក៏បានឆ្លៀតពេលលើកឡើងពីទុក្ខលំបាកថ្មីៗ ដែលជប៉ុនប្រឈមមុខ រួមមាន ការរញ្ជួយដីនៅឧបទ្វីប ណូតុ និងការធ្លាក់យន្តហោះនៅអាកាសយានដ្ឋាន Haneda។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ លោក អ៊ូអិណុ បានរំលេចនូវសមិទ្ធផលឆ្នាំ ២០២៣ ចំពោះប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ និងអបអរសាទរការធ្វើឱ្យប្រសើរឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លោកឯកអគ្គរាជទូតជប៉ុន បានរំឭកឡើងវិញនូវលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះ រួមទាំងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការឌីជីថល ក៏ដូចជាការតភ្ជាប់ និងការបង្កើតកិច្ចសន្ទនាមន្ត្រីជាន់ខ្ពស់ស្តីពីការការពារជាតិ។
លោកបានលើកឡើងពីការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៧ និងការឆ្លើយតបជាវិជ្ជមានពីសហគមន៍ធុរកិច្ចជប៉ុនចំពោះឱកាសវិនិយោគនៅកម្ពុជា ដែលបង្ហាញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក អ៊ូអិណុ បានថ្លែងថា៖ «នៅខែកញ្ញា ឆ្នាំ ២០២៣ គឺក្រោយពីបានចូលកាន់តំណែងមិនយូរប៉ុន្មាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វ៊ូមីអុ នៅទីក្រុងហ្សាការតា ហើយនៅខែធ្នូ ឆ្នាំ ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន»។
លោកឯកអគ្គរាជទូតជប៉ុនបានសម្តែងសុទិដ្ឋិនិយមចំពោះឆ្នាំរោង ជាពេលវេលាមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏សំខាន់ ដោយមានបំណងចង់ឱ្យមានការជឿនលឿនបន្ថែមទៀតនៅក្នុងទំនាក់ទំនងជប៉ុន-កម្ពុជា។
លោកបានសង្កត់ធ្ងន់លើអត្ថប្រយោជន៍ទៅវិញទៅមកនៃកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការសម្រេចបាននូវសង្គមឌីជីថល ការលើកកម្ពស់ការតភ្ជាប់ និងការកែលម្អបរិយាកាសវិនិយោគ។
លោកបានឱ្យដឹងថា៖ «ដើម្បីសម្រេចបាននូវគោលដៅខាងលើ យើងមានបំណងតាមដានលទ្ធផលនៃកិច្ចប្រជុំកាលពីឆ្នាំមុន ហើយធ្វើការដើម្បីធានាថា ទំនាក់ទំនងរបស់យើងមានប្រយោជន៍ចំពោះភាគីទាំង២។ ខ្ញុំចង់ឱ្យភាគីទាំង២ធ្វើការរួមគ្នា ដោយយកចិត្ដទុកដាក់ចំពោះ «យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ដែលបានដាក់ចេញដោយគណៈរដ្ឋមន្ដ្រីថ្មីដើម្បីសម្រេចឱ្យបាននូវសង្គមឌីជីថល ពង្រឹងការតភ្ជាប់ និងកែលម្អបរិយាកាសវិនិយោគ»។
កម្មវិធីអបអរចម្រើនព្រះជន្មព្រះអធិរាជនេះ ត្រូវបានប្រារឰឡើងសម្រាប់ជាស្ពានវប្បធម៌ ជាមួយនឹងការបង្ហាញរូបថតរាជវង្សានុវង្សជប៉ុន និងនិមិត្តសញ្ញាមិត្តភាពកម្ពុជា-ជប៉ុន រួមទាំងការទទួលទានអាហារ និងស្រាជប៉ុនជាច្រើនមុខ ដើម្បីអបអរសាទរដល់មរតករួម និងអនាគតនៃភាពជាដៃគូដ៏យូរអង្វែងនេះ៕