មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា ក្រសួងបានសង្កេតឃើញ អំពីនិន្នាការវិជ្ជមានពាក់ព័ន្ធនឹងការកែច្នៃផលិតផលស្វាយចន្ទី ដោយក្នុងអំឡុងចុងឆ្នាំ ២០២៣ និងដើម ២០២៤ នេះ ការកែច្នៃស្វាយ ចន្ទីក្នុងស្រុកបានកើនឡើង ពី ៥ ទៅដល់ ១០ ភាគរយ ខណៈក្រសួងនិងអ្នកជំនាញនៅក្នុងវិស័យនេះ លើកទឹកចិត្តក្រុមហ៊ុនវិនិយោគបង្វែរការចាប់អារម្មណ៍មកក្នុងឧស្សាហកម្មកែច្នៃស្វាយចន្ទី។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ថ្លែងថា៖ «ក្រសួង ព្រមទាំងដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការដោយឥតនឿយហត់ ដើម្បីជំរុញឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកមានកំណើនកាន់តែច្រើនឡើងៗបន្ថែមទៀត និងមានគុណភាពខ្ពស់ ទាំងសម្រាប់ការផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុក និងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ»។
កញ្ញាថ្លែងថា៖ « អ្វីដែលយើងចង់បានធ្វើម៉េច ជំរុញឱ្យមានការកែច្នៃគ្រប់គ្រាន់ដើម្បីស្រូបទាញផលិតផលស្វាយចន្ទីរបស់យើងហ្នឹងយកទៅកែច្នៃ ធ្វើជាផលិតផលសម្រេចដើម្បីដាក់លក់ ឬក៏នាំចេញទៅកាន់ទីផ្សារដោយផ្ទាល់។ ប៉ុន្តែបញ្ហានោះ នៅត្រង់ចំណុចកណ្តាលនេះ គឺសហគ្រាស និងការកែច្នៃ»។
កញ្ញា អ៊ឹម រចនា ថ្លែងដោយមានសុទិដ្ឋិនិយមថា វិនិយោគិនក្នុងស្រុកនឹងបង្វែរធុរកិច្ចរបស់ខ្លួនមកក្នុងឧស្សាហកម្មកែច្នៃគ្រាប់ចន្ទី ខណៈទិន្នផលនៃគ្រាប់ស្វាយចន្ទីក៏មានការកើនឡើងផងដែរ។
បើយោងតាមអ្នកនាំពាក្យក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៧០ ម៉ឺនហិកតា និងអាចផលិតបាន ១ លានតោន ក្នុង ១ ឆ្នាំៗ ដោយរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការប្រឹងប្រែងបន្ថែមទៀតលើការកែច្នៃ ដែលអាចបង្កើនការផ្គត់ផ្គង់គ្រាប់ចន្ទីក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសផង។
លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ថ្លែងថា ដើម្បីទាក់ទាញអ្នកវិនិយោគ ឱ្យមកបើករោងចក្រកែច្នៃក្នុងស្រុកឱ្យបានច្រើន កាលពីអំឡុងពេលសន្និសីទស្វាយចន្ទីពិភពលោក នាដើមខែកុម្ភៈនេះ សហព័ន្ធបានអញ្ជើញក្រុមហ៊ុនកែច្នៃក្នុងស្រុកប្រមាណ៣០ក្រុមហ៊ុនឱ្យមកចូលរួមក្នុងសន្និសីទ ដោយធ្វើយ៉ាងណាផ្តល់ឱកាសក្រុមហ៊ុនទាំងនេះ មានឱកាសក្នុងបង្ហាញពីផលិតផលស្វាយចន្ទីកែច្នៃរបស់ខ្លួនទៅវិនិយោគិនបរទេស ដើម្បីមានឱកាសក្នុងការនាំចេញ។
លោកបានបន្ថែមថា គម្រោង Harvest III របស់ USAID និងអង្គការខេបរ៉េតរបស់អូស្ត្រាលី ជានិច្ចកាល តែងតែជួយដល់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងការជួយគាំទ្រដល់អ្នកកែច្នៃស្វាយចន្ទីនៅក្នុងស្រុក ទាំងធុនតូចនិងមធ្យម ខណៈដែលក្រុមហ៊ុនធំៗដែលបានមកចូលរួមក្នុងសន្និសីទនេះមួយចំនួនធំ បានបង្ហាញពីគោលបំណងច្បាស់លាស់ក្នុងការមកវិនិយោគបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
លោកបានបញ្ជាក់ដូច្នេះថា៖«ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះទៅក្រុមហ៊ុន ដែលកែច្នៃនៅក្នុងស្រុកមានស្រាប់ នឹងពង្រឹងការកែច្នៃរបស់យើងឱ្យមានលក្ខណៈស្តង់ដា មានគុណភាពល្អ និងមានបរិមាណគ្រប់គ្រាន់ ដើម្បីឈានចូលទីផ្សារធំៗ ដែលពួកគាត់បានជួបដូចជាមកពីទីផ្សារចិន អាមេរិក ឥណ្ឌា អូស្ត្រាលី ជប៉ុន កូរ៉េជាដើម ដែលគាត់ត្រូវការស្វាយចន្ទីដែលមានគុណភាពខ្ពស់។ ខ្ញុំគិតថា បន្ទាប់ពីទទួលបានបទពិសោធន៍ពីអ្នកជំនាញកែច្នៃ ក្នុងសន្និសីទនាពេលកន្លងទៅហើយ ការកែច្នៃរបស់យើង នឹងមានលក្ខណៈល្អប្រសើរជាងមុន»។
ជាមួយគ្នានោះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា បច្ចុប្បន្នេះ កម្ពុជាមានរោងចក្រទាំងអស់ ៤១ ក្នុងនោះរោងចក្រមធ្យមមានតែ៣ទេ ខណៈខ្នាតតូច មាន ៣៨ ដោយរោងចក្រមធ្យមទាំង៣នោះមានរោងចក្រ Santana ខេត្តព្រះវិហារ,រោងចក្រ Welwilling ខេត្តកំពង់ចាម និងរោងចក្រ MTST ខេត្តត្បូងឃ្មុំ។
លោកបានបន្ថែមថា ដោយឡែករោងចក្រខ្នាតតូចតែដំណើរការពេញ ១ ឆ្នាំ មាន ២ រួមមាន TPJC ជ័យសសំបូរ ខេត្តកំពង់ធំ និង HCST ខេត្តស្ទឹងត្រែង។
លោកបានបញ្ជាក់ថា៖«យោងតាមបរិមាណស្វាយចន្ទីឆៅ ដែលយើងផលិតបានជារៀងរាល់ឆ្នាំនេះ យើងត្រូវការរោងចក្រធុនមធ្យមប្រមាណ ៣០ រោងចក្រទើបគ្រប់គ្រាន់សម្រាប់ការកែច្នៃគ្រាប់ឆៅដែលយើងមាន ។ បន្តបន្ទាប់នេះ មានរោងចក្រថ្មី របស់សិង្ហបុរី របស់ជប៉ុន បាននិងកំពុងសាងសង់ ដោយយើងសង្ឃឹមថា ក្រោយរោងចក្រទាំងនេះសាងសង់រួចហើយ នឹងបន្តស្រូបគ្រាប់ស្វាយចន្ទីសម្រាប់ការកែច្នៃបន្ថែមទៀត»។
បើតាមសមាគមស្វាយចន្ទីកម្ពុជា ការប្រែប្រួលអាកាសធាតុនាំឱ្យមានការកាប់ដើមស្វាយចន្ទីចោលប្រមាណ ១០ ម៉ឺនហិកតាកាលពីឆ្នាំ២០២២ តែមានការដាំដុះឡើងវិញប្រមាណ ៤ ម៉ឺន ហិកតា ក្នុងឆ្នាំ២០២៣។ នេះបើតាមការស្រាវជ្រាវទៅលើកូនដើមស្វាយចន្ទី ដែលត្រូវបានលក់ចេញពីថ្នាលទូទាំងប្រទេស៕