ភ្នំពេញៈកម្ពុជា និងថៃ ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកនៃប្រទេសទាំង២ ជាពិសេសលើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរព័ត៌មានគ្នា ខណៈកម្ពុជាបើកចំហការទូតនូវរាល់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោក។
ការប្តេជ្ញាចិត្តរវាងប្រទេសទាំង២ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក អៈឌុង ផាន់ អៀម (Adoong Pan Iam) អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសគណៈប្រតិភូយោធាថៃមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះបើយោងតាមការផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិនៅថ្ងៃទី១៤ ខែកុម្ភៈ។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក ទៀ សីហា បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូយោធាថៃ មកកាន់កម្ពុជា ហើយលោកបានបញ្ជាក់ថា កម្ពុជាសាទរការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយភាគីកងទ័ពជើងទឹកភូមិន្ទថៃ ចំពោះការបណ្តុះបណ្តាលធនធានមនុស្សដល់នាយទាហានបន្តវេនកម្ពុជា ក្នុងន័យពង្រឹងសមត្ថភាព ព្រមទាំងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមករវាងកងទ័ពជើងគោកនៃប្រទេសទាំង២ ក្នុងនាមជាប្រទេសជិតខាងគ្នា និងសមាជិកអាស៊ានដូចគ្នា។
លោកបានបន្តថា៖«ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណឱ្យអនុវត្តគ្រប់ជ្រុងជ្រោយ។ ដោយឡែកនយោបាយការបរទេស យើងនៅតែបន្ត ឮធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនៅលើសកលលោក ពិសេសប្រទេសក្នុងតំបន់»។
ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងថៃឱ្យកាន់តែរឹងមាំស្តែងឡើងតាមរយៈដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ទៅប្រទេសថៃនាពេលថ្មីៗជាឧទាហរណ៍ស្រាប់។
ឆ្លៀតនាឱកាសនោះ លោក ទៀ សីហា ក៏បានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកងទ័ពជើងអាកាសរបស់កម្ពុជា និងថៃ ដែលមានកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងទៅផងដែរ ខណៈភាគីថៃ ឆ្លៀតបង្ហាញវត្តមានរបស់មេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ ក្នុងអាណត្តិថ្មីដល់កម្ពុជា។
ជាមួយគ្នានេះ លោក អៈឌុង ផាន់អៀម ក៏បានបញ្ជាក់ប្រាប់ភាគីកម្ពុជាផងដែរថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូយោធាជើងទឹកថៃខ្លួនមកកាន់កម្ពុជាលើកនេះ គឺក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកនៃប្រទេសទាំង២ ខណៈកម្ពុជាកំពុងមានសុខសន្តិភាពនិងមានរដ្ឋាភិបាលថ្មីដឹកនាំដោយលោកហ៊ុន ម៉ាណែត។
តាមរយៈក្រសួងការពារជាតិកម្ពុជា អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃរូបនេះ បានបន្ថែមថា៖«ហើយក៏មានការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់នាយទាហាន និងនាយទាហានជាន់ខ្ពស់ នៃកងទ័ពជើងទឹកទាំង២ នឹងបន្តទៅឆ្នាំក្រោយៗទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អនឹងគ្នា»។
ពាក់ព័ន្ធនឹងរឿងនេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ក្រោមឆត្រនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រដែលភាគីកម្ពុជានិងថៃទើបបានដំឡើងកម្រិតគឺត្រូវចាប់ផ្តើមបោះជំហានក្នុងកិច្ចសហប្រតិបត្តិការនានារួមទាំងយោធា ដែលរួមមាន ក្នុងផ្នែកកងទ័ពជើងទឹកនេះផង ដែលជាជំហាននៃកិច្ចសហការក្នុងដែនសមុទ្រ ដែលអាចមានការធ្វើសមយុទ្ធយោធារួមគ្នាលើផ្ទៃទឹកនាពេលអនាគត ដើម្បីពង្រឹងសមត្ថភាពកងទ័ពនិងពង្រឹងសន្តិសុខដែនសមុទ្រ។
លោកថ្លែងថា៖«កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ ហើយខ្ញុំសូមសាទរដែលប្រទេសយើងទាំង២ ត្រូវចាប់ផ្តើមពង្រឹងសមត្ថភាពកងទ័ពលើគ្រប់ផ្នែក ហើយនេះគួបផ្សំនឹងទំនាក់ទំនង ក្នុងភាពជាដៃគូយុទ្ធសាស្ត្រដែលត្រូវមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផង។ នេះដើម្បីពង្រឹងសន្តិសុខជើងទឹក ការពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ខណៈកងទ័ពជើងទឹកយើងនៅមានកម្រិតត្រូវពង្រឹងបន្ថែម»។
លោកបានបន្ថែមថា ការមានទំនាក់ទំនងយោធាល្អរវាងកម្ពុជានិងថៃ ជាភាពចាំបាច់ដើម្បីឱ្យភាគីប្រទេសជិតខាងគ្នានេះយល់ពីគ្នាច្បាស់ ជាពិសេសកិច្ចការងារព្រំដែនទាំងដែនគោក និងដែនទឹក ហើយខណៈយោធាមានតួនាទីការពារខ្សែបន្ទាត់ព្រំដែនផង។
លោកបានបញ្ជាក់ថា៖«ក្នុងនាមជាប្រទេសជិតខាងល្អ ត្រូវតែមានកិច្ចសហការផ្នែកព្រំដែនបានល្អ ហើយទំនាក់ទំនងនេះទៀតសោត អាចកាត់បន្ថយភាពតានតឹងឬបញ្ចៀសការផ្ទុះអាវុធនៅពេលមានការប្រឈមមុខដាក់គ្នាផងដែរ»៕