ក្រុមការងារស្រាវជ្រាវរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានប្រទះឃើញកូនផ្សោតទើបតែកើតថ្មី ១ ក្បាលទៀត កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ស្ថិតនៅអន្លង់កាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈកូនផ្សោតនេះ ជាកូនផ្សោតទី២ ដែលបានកត់ត្រានៅដើមឆ្នាំ ២០២៤។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ឆ្នាំនេះ រដ្ឋបាលជលផលនឹងខិតខំប្រឹងប្រែងអនុវត្តវិធានការ និងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងនៅក្នុងការងារចុះល្បាត ដើម្បីធ្វើយ៉ាងណាកាត់បន្ថយអត្រាស្លាប់នៃសត្វផ្សោត និងជំរុញបង្កើនចំនួនកូនផ្សោតឱ្យបានច្រើនជាងឆ្នាំ ២០២៣ កន្លងទៅដែរ។
លោកថ្លែងបញ្ជាក់ថា៖ «វត្តមានកូនផ្សោតកើត ១ ក្បាលទៀតនេះ វាជាមោទនភាពក្នុងនាមយើងជាអ្នកអភិរក្ស និងក្រុមការងារដៃគូផ្សេងទៀត បានខិតខំប្រឹងប្រែងអនុវត្តទប់ស្កាត់បទល្មើស ការការពារជម្រក ក៏ដូចជាអប់រំប្រជាពលរដ្ឋផងដែរ»។
ក្នុងឆ្នាំ ២០២៣ កន្លងមកនេះ កម្ពុជាទទួលបានកូនផ្សោតចំនួន ៨ ក្បាល ប៉ុន្តែបានស្លាប់ទៅវិញអស់ ២ ក្បាលហើយ ដូច្នេះនៅសល់តែកូនផ្សោតតែ ៦ក្បាលប៉ុណ្ណោះ។ រហូតមកដល់សព្វថ្ងៃនេះ តាមការប៉ាន់ស្មានផ្សោតដែលរស់នៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះ មានចំនួនប្រមាណជា ៩០ក្បាលទាំងផ្សោតមេពូជ ក៏ដូចផ្សោតវ័យជំទង់។ នេះជាការបញ្ជាក់បន្ថែមទៀតរបស់លោក អ៊ុក វិបុល។
ចំណែកលោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ បានឱ្យដឹងនៅថ្ងៃទី ១៥ ខេកុម្ភៈនេះថា វត្តមានកូនផ្សោតដែលទើបនឹងកើតថ្មី១ក្បាលទៀតនេះ មានអាយុប្រហែលជា ៣ថ្ងៃ ដែលប្រទះឃើញស្ថិតនៅក្នុងហ្វូងសត្វផ្សោត ៧ ក្បាលផ្សេងទៀត។
ហេតុនេះ លោករំពឹងទុកថា ឆ្នាំនេះផ្សោតអាចកើតកូនបានយ៉ាងហោចណាស់ប្រហែល ៨ ក្បាលដែរ ប្រសិនជាក្នុងករណីដែលកម្ពុជាអាចកាត់បន្ថយអត្រានៃការស្លាប់សត្វផ្សោត តាមរយៈការអនុវត្តវិធានការ ចុះល្បាត ២៤ ម៉ោងលើ ៧ ថ្ងៃឱ្យបានតឹងរ៉ឹងបំផុត។
លោក សេង ទៀក ថ្លែងថា៖ «ថ្វីដ្បិតតែថ្នាក់ដឹកនាំមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារផ្សោត ក៏ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការឆក់ ការដាក់មងនៅតំបន់ផ្សោតរស់នៅ។ ដូច្នេះហើយត្រូវធ្វើយ៉ាងណាកាត់បន្ថយបញ្ហាប្រឈមទាំងអស់នោះឱ្យដល់ចំណុចសូន្យតែម្ដងគឺមានន័យថាមិនឱ្យមានបទល្មើសនេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅតំបន់ផ្សោតរស់នៅឡើយ»។
ជាមួយគ្នានេះ លោកអំពាវនាវទៅដល់អ្នកនេសាទ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ផ្សោត សូមចូលរួមជួយថែរក្សាការពាររតនសម្បត្តិជាតិរបស់កម្ពុជាឱ្យនៅបានគង់វង្ស។
ចំពោះវត្តមានកូនផ្សោតដែលទើបនឹងកើតថ្មីនេះ លោក សេង ទៀក មានសុទិដ្ឋិនិយមថា នឹងធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ កាន់តែខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត លើការងារចុះល្បាត និងបង្ក្រាបបទល្មើសដោយការប្រើប្រាស់ឧបករណ៍ឆក់ និងមងនេសាទជាដើម៕