ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ មានភាពចាស់ទុំ គ្មានពាក្យបណ្តឹង និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
បើតាម គ.ជ.ប.គិតត្រឹមថ្ងៃទី ១៤ ខែកុម្ភៈ ដែលជាថ្ងៃទី៥នៃការឃោសនារកសំឡេងឆ្នោតមានគណបក្សនយោបាយចំនួន ៤ បានចូលរួមឃោសនា ក្នុងនោះមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាជនកម្ពុជា និងគណបក្សកម្លាំងជាតិ។
គណបក្សទាំងអស់បានធ្វើការជួបប្រជុំអ្នកបោះឆ្នោតនៅតាមទីតាំងរបស់ខ្លួន និងបានចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស និងដើរឃោសនារកសំឡេងឆ្នោតទៅតាមបទប្បញ្ញត្តិច្បាប់ដែលបានចែងអំពីបទបញ្ជាផ្ទៃក្នុងនៃដំណើរការឃោសនាបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប ស្តីពីស្ថានភាពទូទៅនៅថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានគូសបញ្ជាក់ថា៖«ជារួម ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ មានភាពចាស់ទុំ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា នៅថ្ងៃទី១៥ កុម្ភៈ បានឱ្យដឹងថា រយៈពេល៥ថ្ងៃនៃការឃោសនារកសំឡេងឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ គ.ជ.ប. មិនទទួលបានពាក្យបណ្តឹងពីគណបក្សនយោបាយណាមួយនោះទេ ហើយការឃោសនារកសំឡេងឆ្នោតរបស់គណបក្សទាំង ៤ ដំណើរការទៅល្អ។
លោកបន្តថា ព្រឹត្តិការណ៍នេះបានបញ្ជាក់ពីការវិវត្តមួយដ៏ល្អនៃដំណើរការធ្វើនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគតប្រទេសជាតិ។
លោកថ្លែងថា៖«យើងបានសហការជាមួយបណ្តាអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធក្នុងការរក្សាសន្តិសុខនៃយុទ្ធនាការបោះឆ្នោតនេះ ហើយគណបក្សនយោបាយទាំងអស់បានអនុវត្តយ៉ាងល្អនៃបទបញ្ជា និងនីតិវិធីច្បាប់របស់គ.ជ.ប. ដែលបានដាក់ជូនគណបក្សនយោបាយទាំងអស់អនុវត្តដើម្បីរក្សាសន្តិសុខ និងការពារសណ្ដាប់ធ្នាប់អំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានេះ»។
សម្រាប់លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពមើលឃើញថា តាមការអង្កេតរបស់លោកលើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិនេះឃើញថា ការបោះឆ្នោតនេះគ្មានអ្វីខុសប្លែកពីការបោះឆ្នោតអាណត្តិមុនៗនោះទេ គឺគ្មានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះទេ។
លោកថា៖«ខ្ញុំមើលទៅគ្មានអ្វីផ្លាស់ប្តូរនោះទេ អ្នកឈ្នះនរណាក៏ដឹងដែរ ដូច្នេះហើយវាគ្មានអ្វីប្លែក និងចាប់អារម្មណ៍អ្វីនោះទេ។ ដោយឡែក គ.ជ.ប.ថា ការឃោសនារយៈពេល៥ទៅ៦ថ្ងៃនេះដំណើរការរលូនហើយបញ្ជាក់ពីភាពចាស់ទុំក្នុងការធ្វើនយោបាយនោះ គឺវាមិនអាចយកការបោះឆ្នោតសមាជិកព្រឹទ្ធសភានេះមកវាស់បានទេ»។
ចំណែកលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការបោះឆ្នោតមួយដែលប្រកបទៅដោយភាពរលូនគ្មានអំពើហិង្សា គ្មានបណ្តឹងតវ៉ា ហើយគណបក្សនយោបាយទទួលយកលទ្ធផលនៃការបោះឆ្នោត វាបញ្ជាក់ឱ្យឃើញពីសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតជាតិមួយដ៏ល្អពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបន្ថែមថា៖ «ខ្ញុំឯកភាពត្រង់ចំណុចថា គណបក្សនយោបាយនៅកម្ពុជាមានភាពចាស់ទុំជាងមុន ពីព្រោះកាលណាអ្នកនយោបាយមានភាពចាស់ទុំក្នុងការធ្វើនយោបាយ នោះពលរដ្ឋក៏មានភាពចាស់ទុំក្នុងការគាំទ្រគណបក្សនយោបាយដែរ ហើយវាបន្តទៅឱ្យគ.ជ.ប. កាន់តែមានភាពងាយស្រួលក្នុងការរៀបចំការបោះឆ្នោត បូករួមទាំងការធ្វើទំនើបកម្មក្នុងការរៀបចំការបោះឆ្នោតថ្នាក់ជាតិធំៗ មិនត្រឹមតែបោះឆ្នោតសមាជិកព្រឹទ្ធសភានេះទេ»។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល ដោយការិយាល័យបោះឆ្នោត មានចំនួន ៣៣ ការិយាល័យចំណុះឱ្យភូមិភាគទាំង៨ នៅទូទាំងប្រទេស។
អ្នកបោះឆ្នោត និងអង្គបោះឆ្នោត សរុបចំនួន ១១ ៧៤៧ នាក់ ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង៕
វង្ស ដារាវ៉ាឌី