ភ្នំពេញៈ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតចាប់ពីខែកញ្ញា ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤ នេះ សមត្ថកិច្ចនគរបាលជាតិបានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងសរុបចំនួន ៤២៧ ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៩១២ នាក់ ស្រី ៤០៤ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ១៥ ខែកុម្ភៈ។
លោក ទូច សុខៈបន្តថា សមត្ថកិច្ចនគរបាលបានអនុវត្តវិធានការច្បាប់ ពោលគឺកសាងសំណុំរឿងចំនួន ៥៨ ករណី ដែលមានជនសង្ស័យចំនួន ២៣៧ នាក់ ស្រី ៦៣ នាក់ ភ្ជាប់ជាមួយម៉ូតូ ២៤២ គ្រឿង ទូរស័ព្ទ ១០៩ គ្រឿង និងវត្ថុតាងផ្សេងៗទៀត បញ្ជូនទៅកាន់តុលាការចាត់នីតិវិធីចោទប្រកាន់ផ្ដន្ទាទោស។
ក្រៅពីនេះ ចំនួន ៣៦៩ ករណីដែលមានអ្នកពាក់ព័ន្ធចំនួន៦៧៥នាក់ ស្រី ៣៤១ នាក់ នគរបាលក្រសួងមហាផ្ទៃបានចាត់វិធានការរដ្ឋបាល ពោលគឺអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមិនឱ្យប្រព្រឹត្តតទៅទៀត។
បើតាមលោក ទូច សុខៈ ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង ៦ (បញ្ហាគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោក និងទឹក) ដែលលោក ស សុខា ឧបនាយករដ្ឋមន្ត្រីដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល។
លោកបន្តថា អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ សមត្ថកិច្ចនគរបាល ទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនគរបាលមូលដ្ឋានទូទាំងប្រទេស បានបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្តតាមគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕