ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យរួមគ្នាលើកកម្ពស់ការអាន ដើម្បីអភិវឌ្ឍវិស័យអំណាននៅកម្ពុជាឱ្យកាន់តែមានសម្ទុះឡើង ស្របពេលដែលក្រសួងនឹងរៀបចំប្រារព្ធទិវាអំណានជាតិនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ ចំថ្ងៃប្រសូតសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»។
ក្រសួងអប់រំនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានជូនដំណឹងទៅកាន់សាធារណជន ឱ្យចូលរួមបញ្ចេញមតិយោបល់ មាតិកា រូបភាព វីដេអូ ដើម្បីចែករំលែកទាក់ទងនឹងអំណានសំដៅរួមគ្នាលើកកម្ពស់ចំណេះដឹង និងអំណាននៅកម្ពុជា។ ក្រសួងក៏នឹងជ្រើសរើសមាតិកាល្អៗរបស់សាធារណជនដែលបានចូលរួមបញ្ចេញមតិយោបល់ទាំងនោះហើយបន្តចែករំលែកលើទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងបន្ថែមថា ទិវាអំណានជាតិឆ្នាំនេះគឺធ្វើឡើងចំថ្ងៃកំណើត សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលការរៀបចំទិវានេះគឺជាការរំឭកដល់វីរភាពរបស់សម្តេចដែលបានខិតខំថែរក្សាអក្សរសាស្ត្រខ្មែរតាំងពីអាណានិគមបារាំង។
ជាងនេះទៀត ទិវានេះ ក៏រៀបចំក្នុងគោលបំណងលើកកម្ពស់អក្សរសាស្ត្រ ជាពិសេសបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា។
លោកស្រីបានបន្តដូច្នេះថា៖«ចំពោះការដាក់ប្រធានបទអំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត សម្រាប់រៀបចំទិវាអំណានជាតិឆ្នាំនេះ គឺក្រសួងចង់ជំរុញការអប់រំពេញ១ជីវិតដែលការអប់រំនេះសំខាន់អាចធ្វើបានដោយខ្លួនឯង មានលក្ខណៈងាយស្រួល ហើយអាចបន្តបានជារៀងរហូតនោះ គឺតាម-រយៈការអាននេះហើយ»។
ជាមួយគ្នានេះលោកស្រី ឃួនវិច្ឆិកា ក៏បានជំរុញឱ្យសាធារណជន និងគ្រប់ភាគីពាក់ព័ន្ធអាចចូលរួមបញ្ចេញយោបល់ទាក់ទងនឹងអំណានដើម្បីបំផុសគំនិតពីការអានកាន់តែទូលាយ ជាពិសេសបណ្តុះធនធានមនុស្សជំនាន់ក្រោយឱ្យចាប់អារម្មណ៍លើការអានបន្ថែមទៀត។
ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាបានថ្លែងគាំទ្រចំពោះការរៀបចំទិវាអំណានជាតិរបស់ក្រសួងអប់រំនេះ ជាពិសេសការជំរុញឱ្យមានការបញ្ចេញមតិយោបល់ ចែករំលែកទាក់ទងនឹងអំណាន ដើម្បីជំរុញការអប់រំផ្នែកអំណាននៅកម្ពុជា។
លោកបានបន្តថា៖ «បច្ចុប្បន្នវិស័យអំណាននៅកម្ពុជាគឺមិនអន់ទេ គឺដំណើរការជាបណ្តើរៗហើយ ដោយសារតែក្រសួងអប់រំ អង្គការដៃគូ និងស្ថាប័នអប់រំនានា បានយកចិត្តទុកដាក់ច្រើនលើវិស័យនេះ។ ប៉ុន្តែទោះជាបែបនេះក្តី ខ្ញុំនៅតែទទូចឱ្យបន្តពង្រឹងបន្ថែម ពិសេសជួយទៅដល់សិស្សដែលស្ថិតនៅតំបន់ដាច់ស្រយាល នៅទីជនបទដែលជួបការលំបាកដើម្បីពង្រីកចំណេះដឹង និងសមត្ថភាពឱ្យពួកគេបានយល់ដឹងពីវិស័យអំណានឱ្យកាន់តែទូលាយ»។
សូមរំឭកថា នៅក្នុងទិវាអំណានជាតិកាលឆ្នាំ ២០២៣ ក្រសួងអប់រំបានបញ្ជាក់ថា នៅទូទាំងពិភពលោកកុមារទៅរៀននៅសាលាគឺមិនចេះអានអក្សរនិងមិនចេះសរសេរបានត្រឹមត្រូវមានប្រមាណជា ៣០ ទៅ ៤០ ភាគរយដែលធ្វើឱ្យប៉ះពាល់គុណភាពអប់រំ។ តាមរយៈតួលេខនេះមានន័យថា មិនត្រឹមតែនៅកម្ពុជាទេ គឺប្រមាណជា ៥០០ លាននាក់ ក្នុងពិភពលោកសិស្សដែលទៅរៀននៅសាលាហើយមិនចេះអាន និងសរសេរស្ទាត់ជំនាញ។
បើតាមក្រសួងអប់រំ សម្រាប់ការរៀបចំទិវាអំណានជាតិឆ្នាំនេះមិនមែនមានតែការបំផុសស្មារតីប៉ុណ្ណោះទេ តែក្រសួងក៏នឹងរៀបចំឱ្យមានការតាំងពិព័រណ៍សៀវភៅ ការប្រកួតប្រជែងផ្នែកតែងនិពន្ធ ស្មូតកំណាព្យ និងកម្មវិធីផ្សេងៗទៀតដើម្បីឱ្យអ្នកចូលចិត្តនិពន្ធអាចបញ្ចេញសមត្ថភាពរបស់ខ្លួនបន្ថែមទៀត៕