ភ្នំពេញៈ ក្រុមការងារបច្ចេកទេសនៃក្រសួងមហាផ្ទៃ បានបញ្ចប់ទាំងស្រុងលើការរៀបចំឯកសារទស្សនទាន និងគោលគំនិតសំខាន់ៗសម្រាប់ធ្វើសេចក្តីព្រាងច្បាប់ថ្មីស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងដែលច្បាប់ថ្មីនេះនឹងមានភាពស៊ីចង្វាក់ជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បីធានាឱ្យការបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេសល្បែងអនឡាញ។
ការបញ្ចប់ប្រមូលធាតុចូលលើការរៀបចំឯកសារនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដែលដឹកនាំដោយលោកទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
ក្រសួងមហាផ្ទៃ បានឱ្យដឹងតាមរយៈផេចហ្វេសប៊ុកថា៖ «នេះគឺជាកិច្ចប្រជុំលើកទី២៦ ដែលរហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេសសម្រេចបានការងាររៀបចំលើឯកសារទស្សនទាន និងគោលគំនិតសំខាន់ៗសម្រាប់កសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនេះចប់ទាំងស្រុងហើយ»។
លោក សុខ ហេង បានថ្លែងក្នុងកិច្ចប្រជុំថា ក្រោយពីក្រុមការងារបច្ចេកទេសបានធ្វើការសិក្សា និងពិនិត្យពិចារណាយ៉ាងដិតដល់លើឯកសារគតិយុត្តផ្សេងៗរួចមកឃើញថា ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលប្រកាសឱ្យប្រើនៅឆ្នាំ ១៩៩៦ ត្រូវរៀបចំកសាងខ្លឹមសារថ្មីទាំងស្រុង។
លោកបន្តថា មូលហេតុរៀបចំកសាងខ្លឹមសារថ្មីទាំងស្រុងនេះ គឺដោយសារខ្លឹមសារមាត្រារបស់ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ ១៩៩៦ ចែងជាលក្ខណៈរួមទូទៅ មិនបានកំណត់ឱ្យច្បាស់អំពីអំពើល្មើសលេងល្បែងស៊ីសងខុសច្បាប់ និងប្រភេទល្បែងស៊ីសងដែលត្រូវបង្ក្រាប និងម្យ៉ាងទៀត ច្បាប់នេះកើតមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលមានមាត្រាមួយចំនួន មានខ្លឹមសារផ្ទុយនឹងច្បាប់ស្តីពីការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម។
លោកបន្តថា បន្ថែមពីនេះច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ ១៩៩៦ មិនអាចយកមកប្រើប្រាស់ដើម្បីប្រឆាំងនឹងបទល្មើសការលេងល្បែងស៊ីសងខុសច្បាប់ ជាពិសេសការលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ឬប្រព័ន្ធឌីជីថល (ល្បែងអនឡាញ) និងបទល្មើសពាក់ព័ន្ធដូចជាការលាងលុយកខ្វក់ និងជួញដូរមនុស្សខុសច្បាប់ នៃស្ថានភាពរីកចម្រើនបច្ចេក
វិទ្យានាពេលបច្ចុប្បន្នបានទេ។
លោកថ្លែងថា៖ «ការរៀបចំជាច្បាប់ថ្មីនេះ ក្នុងគោលបំណងដើម្បីកំណត់ឱ្យបានច្បាស់ អំពីបទល្មើសលេងល្បែងស៊ីសងខុសច្បាប់ និងប្រភេទល្បែងស៊ីសងដែលត្រូវបង្ក្រាប ការទទួលខុសត្រូវចំពោះមុខច្បាប់ របស់ប្រតិបត្តិករ អ្នកលេងល្បែងល្មើសច្បាប់ និងធានាធ្វើឱ្យច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះមានភាពប្រទាក់ក្រឡាជាមួយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងអាចបំពេញបន្ថែមភាពខ្វះចន្លោះនៃច្បាប់នេះផងដែរ»។
លោកបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជា គឺតម្រូវឱ្យមានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពទៅនឹងបទល្មើសការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ជុំវិញរឿងនេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពមានប្រសាសន៍ថា ការរៀបចំធ្វើវិសោធនកម្មច្បាប់ ឬក៏កសាងច្បាប់ថ្មីស្ដីពីការបង្ក្រាបល្បែងស៊ីសងនេះគួរតែតាក់តែងឡើងហាមដាច់ខាតកុំឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានសហគមន៍របស់ប្រជាពលរដ្ឋ។ ជាពិសេសលោកចង់ឱ្យច្បាប់ថ្មីនេះ ត្រូវកំណត់ទីតាំងសម្រាប់ល្បែងស៊ីសងឱ្យបានច្បាស់លាស់ កុំឱ្យដូចបច្ចុប្បន្ននេះ ទាំងល្បែងស៊ីសងស្របច្បាប់ និងមិនស្របច្បាប់នៅពាសវាលពាសកាលទូទាំងប្រទេស។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញបច្ចុប្បន្ននេះ ការបង្ក្រាបរបស់សមត្ថកិច្ចទៅលើល្បែងស៊ីសង គឺហាក់ដូចជាមិនទាន់មានប្រសិទ្ធភាពទេពីព្រោះរាល់ករណីដែលសមត្ថកិច្ចបានបង្ក្រាប វាមិនបានធ្វើឱ្យល្បែងស៊ីសងថយចុះក្នុងសហគមន៍ឡើយ។ ដូច្នេះហើយទោះបីជាមានច្បាប់ល្អយ៉ាងណា ប៉ុន្តែប្រសិនជាការអនុវត្តរបស់សមត្ថកិច្ច មិនអាចមានសមត្ថភាពបង្ក្រាបបាន គឺវានៅតែបន្តមានល្បែងស៊ីសងខុសច្បាប់»។
លោកបន្ថែមទៀតថា ក្រៅពីការកសាងច្បាប់ថ្មីនេះ ក្រសួងក៏គួរតែមានការរឹតបន្តឹងទៅលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ប្រសិនជាមានករណីមន្ត្រីណាមួយ បានប្រព្រឹត្តអំពើស៊ីសំណូកដោយយកលុយពីក្រុមល្បែងស៊ីសង គួរតែមានការដាក់ទោសទណ្ឌ និងបណ្ដេញមន្ត្រីដែលប្រព្រឹត្តអំពើទាំងនោះចេញពីតួនាទី។
ជុំវិញល្បែងស៊ីសងនេះដែរ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង ១៤ និងប្រធានផ្សារទាំង ២៥ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង ១៤ បង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកបានឱ្យដឹងថា៖ «ចំពោះអាជីវកម្មឆ្នោតផ្សងសំណាងចំនួន ១០ ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន ៦ ស្មើនឹងជាង ៦០ ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាតឱ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះនៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មីគឺមិនអនុញ្ញាតឱ្យមានទៀតទេ»។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានឱ្យដឹងថា គិតពីខែកញ្ញា ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤ សមត្ថកិច្ចនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងសរុបចំនួន ៤២៧ ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៩១២ នាក់ ក្នុងនោះស្រីមាន ៤០៤ នាក់។
លោកបញ្ជាក់ថា៖ «ល្បែងស៊ីសងខុសច្បាប់ គឺជាទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង ៦ (បញ្ហាគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមព្រំដែនទាំងគោកនិងទឹក)»៕