ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋានកំពុងសស្រាក់សស្រាំបូមទឹកក្នុងកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រភពទឹកដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងមានតម្រូវការទឹក។
ការអន្តរាគមន៍ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍សង្គ្រោះស្រូវស្រែប្រាំងរបស់ប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលលោកសង្កត់ធ្ងន់ចំពោះការចាត់វិធានការដោះស្រាយលើបញ្ហាកង្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវស្រែ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តគោលដៅចំនួន ១៣។ ខេត្តគោលដៅទាំងនេះរួមមាន ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម។
លោកលើកឡើងថា៖ «បញ្ហាកង្វះខាតទឹកនេះ ដោយសារប្រជាកសិករធ្វើស្រូវលើលពីផែនការកំណត់នារដូវប្រាំងឆ្នាំ ២០២៤ នេះ ខណៈរដ្ឋាភិបាលកំណត់កូតាផែនការបង្កបង្កើន ផលស្រូវប្រាំងឆ្នាំ ២០២៣-២០២៤ ត្រឹម ៥០ ម៉ឺនហិកតា តែប៉ុណ្ណោះ ប៉ុន្តែគិតត្រឹមថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២៤ ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករកើនឡើងលើសផែនការរហូតទៅដល់ ៨០ ម៉ឺនហិកតា»។
លោកឱ្យដឹងទៀតថា ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះមួយចំនួនបានច្រូតកាត់ប្រមូលផលរួចរាល់ហើយប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ។
ជុំវិញបញ្ហានេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាយល់ថា ការចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករពីសំណាក់អាជ្ញាធរពាក់ព័ន្ធ គឺជាការបំពេញទំនួលខុសត្រូវដែលខ្លួនមានកាតព្វកិច្ចបម្រើពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួន។ ចំណែកបទបញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅគ្រានេះ គឺជាការដាស់តឿនមន្ត្រីពាក់ព័ន្ធឱ្យសកម្មនឹងការងារនេះ។
លោកផ្តល់យោបល់ជុំវិញបញ្ហាកង្វះទឹកធ្វើកសិកម្មនេះថា៖ «បញ្ហាខ្វះខាតទឹកនេះ យើងគួរសិក្សាពីទិន្នន័យនៃប្រភពទឹកដែលមានស្រាប់ដូចជាអូរ បឹង ស្ទឹងនៅតាមតំបន់នៃបណ្តាខេត្តនីមួយៗដែលមានការខ្វះខាតទឹក ហើយរដ្ឋាភិបាលនិងផ្នែកពាក់ព័ន្ធត្រូវតែដាក់ផែនការវិនិយោគស្តារឡើងវិញនូវទីតាំងប្រភពទាំងនេះប្រកបដោយយុទ្ធសាស្ត្រត្រឹមត្រូវ»។
លោកថា ការដោះស្រាយបញ្ហាកង្វះខាតទឹកជូនប្រជាកសិករជាទំនួលខុសត្រូវរបស់រដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ។អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់យុត្ថា មិនអាចសុំការអត្ថាធិប្បាយបន្ថែមបានទេនៅត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ។
គួរជម្រាបថា រដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយលោកហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ កាលពីខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ដោយយកកិច្ចការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ជាស្នូលអាទិភាពទី៣ របស់ខ្លួន ក្នុងចំណោមអាទិភាពទាំង ៥ ហើយស្ថិតនៅក្នុងបញ្ចកោណទី៤ គឺ“ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន”។
យុទ្ធសាស្ត្រនេះបានកំណត់គោលដៅ ពង្រឹងតួនាទី និងការអភិវឌ្ឍជនបទ វិស័យកសិកម្មទំនើប សម្បូរបែប និងមានភាពធន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជនបទដែលធានាសន្តិសុខនិងសុវត្ថិភាពស្បៀង បង្កើនតម្លៃខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់ជីវភាពនៅទីជនបទ។
ពាក់ព័ន្ធស្រូវអង្ករនេះ ក្នុងរយៈពេល ១ ខែដំបូងឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ពាន់តោន គិតជាទឹកប្រាក់បានចំនួន ៣២,៦២ លានដុល្លារ ខណៈដែលការនាំចេញស្រូវ សម្រេចបានជិត ៦០ ម៉ឺនតោន មានតម្លៃទឹកប្រាក់ ១៨៤ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤៕