ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង និងស្ថាប័នរដ្ឋទាំងអស់ ត្រូវបង្កើតឱ្យមានអង្គភាពបដិវត្តកម្មឌីជីថល និងបានជំរុញឱ្យក្រសួងអប់រំបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងរដ្ឋាភិបាលឌីជីថល សំដៅលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ។
ការណែនាំ និងជំរុញពីសំណាក់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនាឱកាសអញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោកបានថ្លែងថា៖ «ក្រសួងស្ថាប័នរដ្ឋនៅក្នុងអាណត្តិនេះនឹងបន្តជំរុញឱ្យបង្កើតអង្គភាពបរិវត្តកម្មឌីជីថលដើម្បីធ្វើយ៉ាងណាឱ្យបដិវត្តកម្មឌីជីថល (digital transformation) នេះទៅទូទាំងរដ្ឋាភិបាល។ យើងនិយាយពីរដ្ឋាភិបាលឌីជីថល បើសិនជាក្រសួងនីមួយៗអត់មានសមត្ថភាពធ្វើ គឺទៅមិនរួចទេ អ៊ីចឹង!ត្រូវរៀបចំយន្តការ និងធនធានមនុស្សដើម្បីធ្វើ ដែលនេះហើយជាការប្រកួតប្រជែង»។
លោកនាយករដ្ឋមន្ត្រីបានបន្តទៀតថា [យើង]មិនអាចបដិសេធឌីជីថលបានទេ មិនអាចហាមឃាត់ប្រទេសកម្ពុជាមិនឱ្យអភិវឌ្ឍអ៊ីនធឺណិតដល់ប្រព័ន្ធ 4G ឬ 5G នោះទេ។
លោកបញ្ជាក់ថា៖ «យើងមិនអាចហាមឃាត់ឌីជីថលទេ យើងត្រូវឱបក្រសោបវា ហើយប្រើវាឱ្យក្លាយជាផលប្រយោជន៍របស់យើង។ អ៊ីចឹង ក្នុងនោះរដ្ឋាភិបាលត្រូវដើរតួនាទីសំខាន់ជាគំរូ។ បើមន្ត្រីរដ្ឋាភិបាល ក្រសួងស្ថាប័នរបស់រដ្ឋាភិបាលអត់ធ្វើបដិវត្តន៍កម្មវិធីឌីជីថលទេ តើយើងទៅបម្រើប្រជាពលរដ្ឋយ៉ាងម៉េច ឱ្យគាត់ប្រើឌីជីថលយ៉ាងម៉េច»។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងទាក់ទងនឹងការរៀបចំយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញជាគោលនយោបាយក្នុងការអភិវឌ្ឍសង្គមឌីជីថលនេះក្នុងនោះរួមមានមុមទី១ គឺការកសាងរដ្ឋបាលឌីជីថល និងពលរដ្ឋឌីជីថល ដែលលោកបញ្ជាក់ថា វាជាកិច្ចការសំខាន់។
លោកបានបន្តថា៖ «មុមទី២ គឺការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងធុរកិច្ចឌីជីថល ពាណិជ្ជកម្មជីឌីថល តាមបែបអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល។ មុមទី ៣ គឺការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឯមុមទី៤ គឺការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល និងមុមទី៥ គឺការអភិវឌ្ឍបច្ចេកទេសហិរញ្ញវត្ថុ»។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍មួយចំនួនដោយស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ទាំងបរិមាណ និងគុណភាពដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរទៅនឹងតម្រូវការ និងការកើនឡើង នៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
លោកថា ជាពិសេសក្នុងបរិការណ៍ការប្រកួតប្រជែង លើគ្រប់ទិដ្ឋភាព ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការរីកលូតលាស់ឆាប់រហ័សនៃបច្ចេកវិទ្យាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្ដូរនិម្មាបនកម្មសកល ដើម្បីបង្កើនភាពធន់ និងការកសាងសង្គមសេដ្ឋកិច្ចឌីជីថលរឹងមាំ។
លោកថ្លែងថា៖ «ក្រសួងអប់រំ ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកការកសាងពលរដ្ឋឌីជីថល និងបង្កើនសមត្ថភាពសិស្ស-និស្សិតលើវិស័យ ឌីជីថល សំដៅបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការរៀនតាមប្រព័ន្ធឌីជីថល ព្រមទាំងលើកកម្ពស់ស្វ័យសិក្សារបស់សិស្ស-និស្សិត»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ក្នុងន័យនេះ ក្រសួងអប់រំ ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន ជាពិសេស សាលារៀននៅទីជនបទ និងតំបន់ដាច់ស្រយាល ដើម្បីជំរុញការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ព្រមទាំងការលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និងការរៀន ១ ជីវិតសម្រាប់ទាំងអស់គ្នា»។
ជាមួយគ្នានេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីនោះដែរថា រាជរដ្ឋាភិបាលតែងតែបានបន្តយកចិត្តទុកដាក់ចំពោះវិស័យអប់រំ ដោយបានចាត់ទុកវិស័យអប់រំ ជាអាទិភាពទី១ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧។
លោកស្រីថា ដើម្បីឆ្លើយតបនឹងយុគសម័យថ្មីនៃឧស្សាហកម្ម ៤.0 យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសមុមទី១ គឺការអភិវឌ្ឍមូលធនមនុស្ស និងមុមទី៥ គឺការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្រសួងអប់រំ នឹងបន្តអនុវត្តកំណែទម្រង់ឧត្តមសិក្សាដោយផ្ដោតលើចំណុចសំខាន់ៗមួយចំនួនផងដែរ។ ក្នុងនោះរួមមាន ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា។
លោកស្រីបន្ថែមថា៖ «ការផ្តោតលើការពង្រឹងអន្តរភាវូបនីយកម្មនៃការអប់រំឧត្តមសិក្សា, ការផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការបង្រៀន និងរៀន, ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវនៅឧត្តមសិក្សា និងការផ្តោតលើការបង្កើនចំនួននិស្សិតចូលរៀន និងបរិយាប័ន្ន»។
ទាក់ទងនឹងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា លោកស្រីបញ្ជាក់ថា ក្រសួងបាននិងកំពុងវិនិយោគលើគ្រឹះស្ថានឧត្តមសិក្សាដែលមានសក្ដានុពល ដោយកែលម្អហេដ្ឋារចនាសម្ព័ន្ធ រួមមានអគារសិក្សា អន្តេវាសិកដ្ឋាន មន្ទីរពិសោធន៍ កសិដ្ឋានមជ្ឈមណ្ឌលឌីជីថល ដើម្បីប្រែក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខ និងអាចទទួលបានស្តង់ដាតំបន់ និងអន្តរជាតិ។
លោកស្រី សេដ្ឋានី ឱ្យដឹងទៀតថា សម្រាប់ការផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការបង្រៀន និងរៀនវិញ ក្រសួងក៏បានរៀបចំឱ្យមានយន្តការជំរុញការសិក្សាគម្រោង ការស្រាវជ្រាវ ពិសោធន៍ ចុះកម្មសិក្សា និងការចល័តនិស្សិតជាមួយសាកលវិទ្យាល័យអន្តរជាតិ ស្ថាប័នដៃគូ និងសហគ្រាសឯកជន និងឧស្សាហកម្មផងដែរ៕