
ស្ថាប័នពាក់ព័ន្ធ ចុះផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ដល់សិស្សជាង ៣ ពាន់នាក់នៅខេត្តបាត់ដំបង។ កាកបាទក្រហមកម្ពុជា
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សហការជាមួយលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្តចុះអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដល់សិស្សានុសិស្សនៅស្រុកសង្កែ ខេត្តបាត់ដំបង ជាង ៣ ពាន់នាក់។
ការចុះអប់រំនេះ ធ្វើឡើងរយៈពេល ២ ថ្ងៃ ពោលថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកុម្ភៈ ដល់សិស្សានុសិស្ស នៃវិទ្យាល័យសង្កែ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងចំនួន ១ ១៥៣ នាក់ និង សិស្សានុសិស្សនៃវិទ្យាល័យអន្លង់វិល ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានការចូលរួមពីសិស្សានុសិស្សចំនួន ២ ៣៩១នាក់។ នេះបើតាមហ្វេសប៊ុកកាកបាទក្រហមកម្ពុជា។

នាឱកាសនោះ លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានឱ្យដឹងថា សកម្មភាពនេះ ក្នុងគោលដៅចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាម ដងផ្លូវនានា ខណៈបញ្ហានេះបានក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់របស់ប្រទេសកម្ពុជា ដែលត្រូវទាមទារឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា។
លោកបន្តថា៖«តាមរយៈសកម្មភាពចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នេះ រំពឹងថា នឹងជួយពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ពិសេសសិស្សានុសិស្សឱ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ»។
លោក សល់ សុទត្ត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានសម្តែងនូវក្តីព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបានសំណូមពរឱ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។
លោកបានលើកឡើងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សូមកុំបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ នៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូ។
នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ បានកើនឡើង ១១% បើធៀបនឹងឆ្នាំ ២០២២ ដែលនៅតែបង្កក្តីព្រួយបារម្ភនៅក្នុងសង្គម និងធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចជាង ៤០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

