សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាតិចិន (តៃវ៉ាន់) ២ រូប ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤ លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីបុគ្គលទាំងនេះ បានផលិតមាតិកាវីដេអូ បំផ្លើសការពិតអំពីសកម្មភាពពាក់ព័ន្ធនឹងការជួញដូរមនុស្ស។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា ស្ថាប័នរបស់ខ្លួន បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន (តៃវ៉ាន់)។
សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា៖«បុគ្គលទាំង២នាក់នេះបានចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងផលិតវីដេអូបំផ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស»។
ជុំវិញរឿងនេះ សាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ដើម្បីជំនុំជម្រះលើសំណុំរឿងខាងលើ ទៅតាមនីតិវិធីច្បាប់ ហើយបានប្រកាសសាលក្រម នៅថ្ងៃដដែលនេះ ដោយសម្រេចផ្តន្ទាទោសបុគ្គលទាំង២រូប ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤ លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
បើតាមអង្គហេតុនៃសាច់រឿង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុគ្គលទាំង ២ រូប ខាងលើ បានថតសម្តែង ផ្សាយផ្ទាល់ចេញពីគណនីហ្វេសប៊ុក Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាពត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។ ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលទាំងពីររូបខាងលើ បានថតសម្តែង ផ្សាយផ្ទាល់សាជាថ្មីម្តងទៀត ចេញពីទីតាំងម្ដុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា ខ្លួនត្រូវបានគេតាមចាប់វាយធ្វើបាប និងស្រែកឱ្យគេជួយ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា៖«តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឱ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេស ចរណ៍ក្នុងខេត្តព្រះសីហនុ។ ធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ»៕