ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានបន្តណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ចូលរួមបង្ក្រាបទីតាំងល្បែងស៊ីសងដោយខុសច្បាប់ឱ្យបានម៉ឺងម៉ាត់ ខណៈលោកបានកត់សម្គាល់ថា ចំនួនទីតាំងល្បែងតាមអនឡាញ មានច្រើនជាងចំនួនជាក់ស្ដែងដែលត្រូវបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់។
ការណែនាំនេះ ធ្វើឡើងនាឱកាសលោក ស សុខា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៥ ខែកម្ភៈ ឆ្នាំ ២០២៤ នេះ។
លោកបានសង្កត់ធ្ងន់ថា៖«ត្រូវបង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាងឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់»។
លោកទទួលស្គាល់ថា នៅក្នុងនីតិកាលទី៦ កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន ប៉ុន្តែលោកសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិត នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល ហើយទីតាំងខុសច្បាប់ទាំងនេះ គឺជាជម្រកនៃការទទួលផលចោរកម្ម។ នេះបើតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ។
បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបឱ្យបានច្បាស់លាស់ ពីព្រោះទិន្នន័យជាក់ស្ដែងបានបង្ហាញថាចំនួនទីតាំងល្បែងតាមអនឡាញមួយនេះ មានច្រើនជាងចំនួនជាក់ស្ដែងដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់។
ការបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ និងការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាង សុទ្ធតែជាគោលដៅ នៃការអនុវត្តមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
គួររំឭកថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាតាមរយៈសារជាសំឡេង ឱ្យអភិបាលរាជធានី ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនលោក។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា នេះគឺជាពេលវេលា ដែលត្រូវចូលរួមទាំងអស់គ្នាក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង និងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ភ្លើង ប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្មទៅតាមមូលដ្ឋាន បង្កើតរោងចក្រ សហគ្រាស ដើម្បីជួយបង្កើតការងារ និងបង្កើនចំណូលជូនដល់ពលរដ្ឋ មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ៕