ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋចំនួន ៩៣៨ ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន ៨ កាលពីថ្ងៃទី១៦ ខែកុម្ភៈ។ នេះបើតាមការបញ្ជាក់របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈឆានែលតេឡេក្រាមផ្លូវការរបស់លោក បានឱ្យដឹងថា សង្គ្រោះស្រូវ និងដំណាំរួមផ្សំ ចំនួនជា ៩៣៨ ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន ៨ រួមមាន ខេត្តព្រៃវែង ផ្ទៃដីសង្គ្រោះចំនួន ៣៦៦ ហិកតា ដោយប្រើស្ថានីយបូមទឹក ៤ កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ៤ គ្រឿង។

ខេត្តស្វាយរៀង ផ្ទៃដីសង្គ្រោះចំនួន ៦១ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ៦ គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១ គ្រឿង,ខេត្តកណ្តាល ផ្ទៃដីសង្គ្រោះចំនួន ១៣៨ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ១២ គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០ សេះ ចំនួន ៥ គ្រឿង និងម៉ាស៊ីនបូមរបស់ប្រជាពលរដ្ឋ ចំនួន ៦ គ្រឿង, ខេត្តកំពង់ធំ ផ្ទៃដីសង្គ្រោះចំនួន ២៣០ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ១៤ គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១ គ្រឿង។

 ខេត្តកំពត ផ្ទៃដីសង្គ្រោះចំនួន ៧៨ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងកាយប្រឡាយនាំទឹកប្រវែង ២០០ ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រ ចំនួន ២ គ្រឿង, ខេត្តកំពង់ស្ពឺ ផ្ទៃដី សង្គ្រោះចំនួន ៣០ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥ សេះ ចំនួន ១ គ្រឿង។ ខេត្តកំពង់ឆ្នាំង  ផ្ទៃដីសង្គ្រោះចំនួន ១៥ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥ សេះ ចំនួន ៣ គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១ គ្រឿង,ខេត្តពោធិ៍សាត់ ផ្ទៃដីសង្គ្រោះចំនួន ២០ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ១ គ្រឿង។

ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន។
 
គួរបញ្ជាក់ថា នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង  ប្រមាណ ៥០ ម៉ឺនហិកតា ប៉ុន្តែគិតមកដល់ពាក់កណ្តាលខែកុម្ភៈនេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់កសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ ម៉ឺនហិកតា។ ផ្ទៃដីដែលបានបង្កបង្កើនផលនេះមួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ៕