ក្រោយពីមានការបង្ហោះព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដែលមានខ្លឹមសារអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន មានការប្រុងប្រយ័ត្ន អំពីបញ្ហាសន្ដិសុខ ជាពិសេស ចោរ ឆក់ នៅរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមិនមានករណីឆក់នៅលើផ្លូវព្រះស៊ីសុវត្ថិនោះទេ ខណៈសមត្ថកិច្ចនៅតែបន្តសកម្មភាពធ្វើការទប់ស្កាត់រាល់បទល្មើសនានា។
នេះបើតាមការជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈហ្វេសប៊ុក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជម្រាបជូន សាធារណជន ក៏ដូចជាភ្ញៀវជាតិ-អន្តជាតិ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងធ្វើការទប់ស្កាត់រាល់បទល្មើស ហើយរយៈពេលប៉ុន្មានខែចុងក្រោយនេះមិនមានករណីឆក់នៅលើផ្លូវព្រះស៊ីសុវត្ថិនោះទេ។
លោកបន្តថា៖«ហើយសមត្ថកិច្ចក៏មិនបានទទួលព័ត៌មាន ឬពាក្យបណ្តឹងពីជនបរទេស ឬប្រជាពលរដ្ឋរុស្ស៉ីណាម្នាក់ រងគ្រោះដោយសារអំពើចោរកម្មផងដែរ គឺមានតែករណីជនជាតិឆែក គាត់ស្រវឹងដេកលើបង់នៅសួនច្បារមាត់ទន្លេ ហើយត្រូវជនសង្ស័យយកឡាមកាត់ខ្សៃកាបូប និងលួចទូរស័ព្ទដៃ»។
យ៉ាងណាមិញ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ប៉ុន្តែបច្ចុប្បន្នជនជាតិឆែកមិនទាន់បានមកទទួលសម្ភារនៅឡើយទេ។
បើតាមប្រភពខាងលើ៖«ឧត្តមសេនីយ៍ឯក លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំអំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាមួយការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ គឺមិនមានព័ត៌មាន ឬរបាយការណ៍មានករណីឆក់ទ្រព្យសម្បត្ដិរបស់ជនបរទេសណាមួយនៅឡើយទេ នៅផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ»។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំថា ក្នុងករណីជនបរទេសរងនូវអំពើទាំងនេះ សូមទំនាក់ទំនងមកសមត្ថកិច្ចដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបករណីឆក់ លួច ឱ្យបានទាន់ពេលវេលា។
គួរជម្រាបថា ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន និងសូមបកប្រែក្រៅផ្លូវការថា ៖«ក្នុងប៉ុន្មានខែថ្មីៗនេះ នៅតាមទីក្រុងនានាក្នុងរាជធានីភ្នំពេញ (ជាពិសេសផ្លូវព្រះស៊ីសុវត្ថិ និងតំបន់ក្បែរៗ) និង ផ្លូវព្រះសីហនុ មាននិន្នាការ កើនឡើងនៃចោរកម្មតាមដងផ្លូវ ដែលជនរងគ្រោះជាជនជាតិ រុស្ស៊ី ឈ្មោះ T.h. ដោយក្រុមចោរបានឆក់សម្ភារពីដៃ ឬ ពីអ្នកជិះម៉ូតដែលឆ្លងកាត់»។
ប្រភពដដែលបន្ថែមថា៖«ក្នុងន័យនេះ យើងខ្ញុំសូមអំពាវនាវឱ្យបងប្អូនមានការប្រុងប្រយ័ត្ន ក៏ដូច ជាអនុវត្តតាមវិធាននៃការប្រុងប្រយ័ត្នជាមូលដ្ឋាន (មិនត្រូវយកឯកសារដើម និងវត្ថុមានតម្លៃ មកជាមួយឡើយ កុំទុករបស់របរទុកចោលដោយមិនបានប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ ឬដើរជិតម៉ូតូតាមដងផ្លូវ»៕