ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញវិធានការណែនាំមួយចំនួន និងស្នើឱ្យភាគីពាក់ព័ន្ធ សហការជាមួយកម្លាំងសន្តិសុខបោះឆ្នោតតាមមណ្ឌលបោះឆ្នោត និងតាមការិយាល័យនីមួយៗរៀងៗខ្លួន។ 

នេះបើតាមសេចក្តីណែនាំរបស់ គ.ជ.ប. ស្តីពី ការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យ រាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
 
សេចក្តីណែនាំ គ.ជ.ប ខាងលើ ចុះថ្ងៃទី១៦ ខែកុម្ភៈ បានណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) អនុវត្តវិធានការមួយចំនួន។

សេចក្តីណែនាំបានបញ្ជាក់អំពីកិច្ចសហការ និងការអនុវត្តថា៖«គធ.ខប និង គ.ក.ប/គ.ក.រ ត្រូវសហការជាមួយកម្លាំងសន្តិសុខបោះឆ្នោតតាមមណ្ឌលបោះឆ្នោត និង តាមការិយាល័យនីមួយៗរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត»។

 គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកបោះឆ្នោត និង អង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខ័ណ្ឌនៃភូមិភាគនីមួយៗ។ 
 
បើតាមសេចក្តីណែនាំ គ.ជ.ប អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុង គឺជនទាំងឡាយដែលជា មន្ត្រីបោះឆ្នោតដែលបានទទួលការតែងតាំងពី គ.ជ.ប ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានអនុញ្ញាត ហើយមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គធ.ខប។ 

អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ឬដោយ គធ.ខប អ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ។ ជនដែលអមដំណើរអ្នកបោះឆ្នោតជាជនមានពិការភាព តាមលក្ខខណ្ឌដូចមានចែងក្នុង ច.ប.ត.រ  ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរ ក្នុងករណីចាំបាច់។ 

គ.ជ.ប បានសង្កត់ធ្ងន់ថា ចំពោះអ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត មិនត្រូវបានអនុញ្ញាតឱ្យចូលទីតាំងទាំងនោះឡើយ។ 

គួរជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល មានអ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង សរុបចំនួន ១១ ៧៤៧ នាក់។

ក្នុងនោះមានចូលរួមប្រកួតប្រជែងរកសន្លឹកឆ្នោតមកពី គណបក្សប្រជាជនកម្ពុជា គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សឆន្ទៈខ្មែរ៕