សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៦ នេះ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញពីផលិតផលកសិកម្ម និងសមិទ្ធផលនានារបស់សាលា ដែលបានខិតខំកែច្នៃផលិតផលកសិកម្មក្រុងស្រុកឱ្យមានគុណភាព និងមានភាពចម្រុះ ដើម្បីរួមចំណែកដល់ការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា។

ពិព័រណ៍នេះ មានការដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន សហគ្រាស និងសហគមន៍ជាច្រើន ព្រមទាំងផលិតផលដែលជាធាតុចូលវិស័យកសិកម្ម មានគ្រឿងយន្តកសិកម្ម និងមានជាម្ហូបអាហារកែច្នៃ ផលិតផលភេសជ្ជៈជាច្រើនប្រភេទ បន្លែចម្រុះ ផ្លែឈើច្រើនមុខ ផលិតផលកែច្នៃពីត្រី ដំណាប់ផ្លែឈើ គ្រាប់ស្វាយចន្ទីកែច្នៃរួច ស្រូវ អង្ករ ទឹកដោះគោស្រស់ រួមជាមួយនឹងស្រាដែលផលិតចេញពីផ្លែឈើខ្មែរជាដើម និងផលិតផលផ្សេងជាច្រើនទៀត។

ការដាក់បង្ហាញនេះ ធ្វើឡើងដើម្បីឱ្យសាធារណជនទូទៅ និងដៃគូអភិវឌ្ឍន៍បានដឹង និងទស្សនា អាចចូលរួមភ្លក្សម្ហូបអាហារ និងអាចទិញបាននូវផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា និងរួមចំណែកដើម្បីលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែមានភាពរីកចម្រើន។

លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកជំរុញកំណើនប្រាក់ចំណូល របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានចូលរួមប្រកាសបើកពិព័រណ៍កសិកម្មនេះ បានថ្លែងថា ពិព័រណ៍នេះ នឹងរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយពីសកម្មភាពនានាៗ ក៏ដូចជាការដាក់តាំងបង្ហាញស្នាដៃសមិទ្ធផលរបស់និស្សិតជូនដល់បងប្អូនសាធារណជនទូទៅ រួមទាំងការបង្កើនឱកាសដល់លោកគ្រូអ្នកគ្រូផ្សាភ្ជាប់រវាងទ្រឹស្តីនិងការអនុវត្តន៍ និងបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក។

លោកបន្តថា បេសកកម្មចម្បងរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺអប់រំបណ្តុះបណ្តាលធនធានមនុស្សគ្រប់កម្រិត ឱ្យប្រកបដោយគុណភាពខ្ពស់ និងសិក្សាស្រាវជ្រាវ-នវានុវត្តន៍ ដើម្បីបង្កើតកញ្ចប់បច្ចេកវិទ្យាថ្មីៗ សម្រាប់សេចក្តីត្រូវការរបស់ទីផ្សារជាក់ស្តែង។

លោកបានបញ្ជាក់ថា ដើម្បីសម្រេចបេសកកម្មនេះ សាកលវិទ្យាល័យត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ ស្ថាប័នអ្នកផ្តល់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុន សហគ្រាសវិស័យឯកជន សហគមន៍កសិកម្មនិងបងប្អូនប្រជាកសិករទូទៅ។
 
លោកថា៖«ជាក់ស្តែងថ្ងៃនេះ យើងបានប្រារព្ធពិធីបើកពិព័រណ៍កសិកម្មវាលបៃតង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយតំណាង ស្ថាប័ន ក្រុមហ៊ុន អង្គការ សហគមន៍ និងបងប្អូនអ្នកផលិតផលិតផលផ្សេងៗ»។ 

ជាមួយគ្នានេះដែរ លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងថា កម្មវិធីពិព័រណ៍ “កសិកម្ម វាលបៃតង និងអាហារ ឆ្នាំ២០២៤” ដែលប្រារព្ធធ្វើឡើងនេះមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីសមិទ្ធផលនានារបស់សាលា និងក្នុងវិស័យកសិកម្មទាំងមូល។

លោកបានបញ្ជាក់ថា៖«ទាំងនេះគឺជាការជួយលើកកម្ពស់ដល់ការអប់រំបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ ឱ្យកាន់តែមានគុណភាពល្អប្រសើរទ្បើង ហើយផ្សាភ្ជាប់នឹងតម្រូវការទីផ្សារការងារផងដែរ»៕