អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ឈរលើគោលការណ៍សេវាប្រកបដោយនិរន្តរភាព ក្នុងរយៈពេល ៥ ថ្ងៃ នៃម៉ោងការងាររដ្ឋបាលក្នុងសប្ដាហ៍នេះ មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ ដែលទទួលបន្ទុកលើការងារអត្តសញ្ញាណកម្ម បានបន្តផ្ដល់សេវាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស បានចំនួន ១៣ ៦៩៥ សេវា។  

បើតាមលោក ទូច សុឃៈ (សុខៈ) ៖«ក្នុងចំណែកនៃសេវាអត្តសញ្ញាណកម្មនានា ដែលបានផ្ដល់ជូនសរុបនោះ សេវាអត្តសញ្ញាណបណ្ណមានចំនួន ៥ ៣៦៩ សន្លឹក សេវាលិខិតឆ្លងដែនមានចំនួន ៣ ៣៤៦ លិខិត សេវាលិខិតធ្វើដំណើរមានចំនួន ១៤៥៤ លិខិត សេវាសៀវភៅស្នាក់នៅមានចំនួន ២០៥៣ ក្បាល និងសេវាសៀវភៅគ្រួសារមានចំនួន ១៤៧៣ ក្បាល»។ លោកបានបញ្ជាក់ថា តួលេខដែលបានផ្តល់នេះ ប្រហាក់ប្រហែលគ្នានឹងសប្ដាហ៍មុនដែរ។
 
ដោយឡែក ក្នុងរយៈពេលពេញមួយខែមករា ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេសនៃក្រសួងមហាផ្ទៃ បានផ្ដល់សេវាអត្តសញ្ញាណបណ្ណជូនពលរដ្ឋបានចំនួន ២៥ ៤៨៨ សន្លឹក លិខិត ឆ្លង ដែនចំនួន ២៤ ៥៥០ លិខិត លិខិតធ្វើដំណើរចំនួន ៦ ០៥២ លិខិត សៀវភៅស្នាក់នៅចំនួន ១១ ០៧០ ក្បាល និងសៀវភៅគ្រួសារចំនួន ៨ ៦៨០ ក្បាល។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល។

គួររំឭកថា កាលពីខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវធ្វើការសិក្សាតាមបណ្តាច្រកចេញចូលតែ ១ សំដៅជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សជាពិសេស ពិនិត្យលទ្ធភាពធ្វើអ្វីបន្ថែមទៀតលើសពីអ្វីដែលកំពុងធ្វើដើម្បីពង្រឹងគុណភាពផ្តល់សេវាជូនប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា៖ «តើយើងអាចធ្វើអីលើសពីហ្នឹងបន្ថែម ដើម្បីពង្រឹងគុណភាពផ្តល់សេវាកម្ម ១ ដែលមានទំនុកចិត្តពីប្រជាពលរដ្ឋ។ ក្នុងនីតិកាលទី៧ នេះ ខ្ញុំចង់ដាក់គោលការណ៍ ១ គឺផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ពាក្យនេះអាចពិបាកនឹងធ្វើ តែបើយើងមានឆន្ទៈដូចគ្នា យើងអាចនឹងធ្វើបាន»៕