អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​ផ្ដួចផ្ដើម​បង្កើត​ក្រុម​ល្បាត​ដែលមាន​ស្ដ្រី​ជា​លើកដំបូង នៅក្នុង​សហគមន៍​ទួល​នាង​សាវ​ផ្លូវហ្លួង ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ល្បាត​បុរស ក្នុង​កិច្ចការងារ​គ្រប់គ្រង និង​អភិរក្ស ធនធានធម្មជាតិ​នៅក្នុង​សហគមន៍​របស់ខ្លួន​។​

​លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​ថា សហគមន៍​ទួល​នាង​សាវ​ផ្លូវហ្លួង ស្ថិតក្រោម​ការដឹកនាំ​ដោយ​ស្ដ្រី ក៏ប៉ុន្តែ​នៅក្នុង​សហគមន៍​នេះ នៅ​មិនទាន់មាន​សមាជិក​ជា​ស្ដ្រី​បាន​ចូលរួម​លើ​ការអភិរក្ស​ធនធានធម្មជាតិ​ច្រើន​នៅឡើយ​ទេ​។​

លោក​បាន​បន្តថា ហេតុនេះហើយ​បានជា​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បានរៀបចំ​ការបណ្ដុះបណ្ដាល​ពី​តួនាទី​យេនឌ័រ និង​លើកកម្ពស់​ការចូលរួម​របស់​ស្ដ្រី​ក្នុង​កិច្ចការងារ​ការគ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​សហគមន៍​របស់​ពួកគាត់​។ 

លោក​បាន​បន្តទៀតថា ក្នុង​កិច្ចការងារ​នេះដែរ ក៏មាន​ការជំរុញ​ស្ដ្រី​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​ឱ្យបាន​ច្រើន​នៅក្នុង​សហគមន៍ ខណៈដែល​ក្រុម​ចុះ​ល្បាត​ធនធានធម្មជាតិ​ភាគច្រើន​ជា​បុរស ដែលជា​អ្នកចូលរួម និង​ធ្វើការ​ដឹកនាំ ក៏ដូចជា​គ្រប់គ្រង​នៅក្នុង​សហគមន៍​។​

លោក​ប៊ូ វរ​សក្ស បាន​លើកឡើងថា ៖ «​ដូច្នេះ​ដើម្បី​ឱ្យមាន​វត្តមាន​ស្ដ្រី បាន​ចូលរួម​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ គឺ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​ផ្ដួចផ្ដើម​បង្កើត​ក្រុម​ល្បាត​ស្ដ្រី ដែល​ឥឡូវនេះ ក្រុម​ល្បាត​ស្ដ្រី​ទាំងនោះ​កំពុង​ចាប់ផ្ដើម​ការងារ​ហើយ​»​។ 

បន្ថែម​ពីនេះ លោក​ថា ការចូលរួម​របស់​ស្ដ្រី ក្នុង​កិច្ចការងារ​ចុះ​ល្បាត​ធនធានធម្មជាតិ គឺមាន​សារៈសំខាន់​ណាស់​ពីព្រោះ​កន្លងមក​ស្ដ្រី​តែងតែ​ចូលរួម​ប្រជុំ ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​ការអភិវឌ្ឍ ប៉ុន្តែ​ការចូលរួម​ទាំងនោះ នៅ​មិនទាន់​ធ្វើឱ្យ​ស្ដ្រី​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​នោះទេ វា​ហាក់បីដូចជា​ខ្វះ​ព័ត៌មាន​ច្រើន​ពី​ទីតាំង​ដែល​ពួកគាត់​គ្រប់គ្រង​នៅក្នុង​សហគមន៍​ការពារ​ធម្មជាតិ​នេះ​។​

លោក​ថ្លែងថា​៖ «​អ៊ីចឹង​! ការចូលរួម​ល្បាត​របស់​ស្ត្រី​នេះ គឺ​ពួកគាត់​អាច​នឹង​ដឹង​ស្ថានភាព​នៅ​ទីវាល​ថា​វា​មានការ​គំរាមកំហែង​ក​ម្រិ​ត​ណា​? ហើយ​ធនធានធម្មជាតិ​នៅក្នុង​សហគមន៍​វា​ល្អ​កម្រិតណា​?​។ ទន្ទឹមនឹងនេះ ការចុះ​ល្បាត​ពី​ស្ដ្រី វា​អាច​ល្អ​ជាង​បុរស ក្នុងន័យ​ថា​គាត់​អាចធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ទៅដល់​អ្នក​ដែល​ដកហូត​ធនធានធម្មជាតិ​នៅក្នុង​សហគមន៍​របស់គាត់​»​។​

លោក ប៊ូ វរ​សក្ស បានឱ្យដឹង​ទៀតថា ក្រោយពី​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​ផ្សព្វផ្សាយ​ពី​គំនិត​ផ្ដួចផ្ដើម​នេះ មកដល់​ឥឡូវនេះ មាន​ស្ដ្រី ចំនួន ៨​នាក់ បាន​ចូលរួម​ជា​សមាជិក និង​ជា​ក្រុម​ល្បាត​ជាមួយ​គណៈកម្មការ​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​ទួល​នាង​សាវ​ផ្លូវហ្លួង ដើម្បី​ចូលរួម​អង្កេត​តាមដាន​ជីវៈចម្រុះ​ក្នុង​សហគមន៍​ចំនួន ៤​ដង​ក្នុង​១​ខែ​។ 

លោក​បាន​ថ្លែងថា​៖ «​យើង​រៀបចំ​ឱ្យ​គាត់​ចុះ​ល្បាត​ជាមួយ​ក្រុម​បុរស ក្នុង​១​ជើងមាន​បុរស ៣​នាក់ និង​ស្ដ្រី​២​នាក់ អ៊ីចឹង​ខាង​ស្ដ្រី​គាត់​ជា​អ្នក​ផ្សព្វផ្សាយ ចំណែក​ខាង​បុរស​ជា​អ្នកពិនិត្យមើល​រាល់​បទល្មើស​ផ្សេងៗ​ក្នុង​តំបន់ការពារធម្មជាតិ​ទួល​នាង​សាវ​ផ្លូវហ្លួង​»​។​

លើសពីនេះ​ទៀត លោក​ថា គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ គឺ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​បង្កើត​ក្រុម​ល្បាត​ដែលមាន​ស្ដ្រី​ជា​លើកដំបូង​នៅក្នុង​សហគមន៍​ទួល​នាង​សាវ​ផ្លូវហ្លួង​ប៉ុណ្ណោះ​។ ដោយឡែក​នៅក្នុង​សហគមន៍​ផ្សេងទៀត គឺ​អង្គការ​របស់លោក​គ្រាន់តែ​ជំរុញឱ្យមាន​ស្ត្រី​ចូលរួម ដោយ​មិនទាន់មាន​ការបង្កើត​ក្រុម​ល្បាត​ដែលជា​ស្ដ្រី​នៅឡើយ​ទេ​។

 លោក​បន្ថែមថា ក៏ប៉ុន្តែ​នៅពេល​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​នេះ នៅក្នុង​សហគមន៍​ទួល​នាង​សាវ​ផ្លូវហ្លួង​ហើយ ប្រសិន​ជាមាន​ប្រសិទ្ធ​ភាពល្អ​យ៉ាងណា​នោះ គឺ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា នឹង​គ្រោង​ពង្រីក​ទៅ​សហគមន៍​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស​ដែល​អង្គការ​នេះ​បាន​គាំទ្រ​។​

លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នា​ម​២០២៤​។​

សូមបញ្ជាក់ថា អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាននិងកំពុង​អនុវត្ដ​គម្រោង «​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​ក្នុងការ​គ្រប់គ្រង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​» ក្រោម​ថវិកា​គាំទ្រ​របស់​មូលនិធិ Critical Ecosystem Partnership Fund​។ 

​គោលបំណង​សំខាន់​មួយ​នៃ​គម្រោង​គឺ ពង្រឹងសមត្ថភាព និង​លើកកម្ពស់​ការចូលរួម​របស់​ស្ដ្រី តាមរយៈ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល និង​បង្កើត​ឱកាស​ចូលរួម​នានា​ក្នុង​សហគមន៍ ហើយ​គំនិត​ផ្ដួចផ្ដើម​បង្កើត​ក្រុម​ល្បាត​ជា​ស្ដ្រី​នេះ វា​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គម្រោង​នេះ​ផងដែរ​៕