ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងរៀបចំឡើងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយនឹងមានរៀបចំនូវព្រឹត្តិការណ៍កម្សាន្តជាច្រើន ខណៈក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាបរំពឹងថានឹងមានភ្ញៀវទេសចរចូលរួមនៅក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំនេះ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នេះ គ្រោងនឹងរៀបចំ សកម្មភាពកម្សាន្តជាច្រើនដូចជា ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោល ជាដើម។
លោកបានប្រាប់ឱ្យដឹងថា កាលពីដើមខែកុម្ភៈកន្លងទៅ ក្រសួងទេសចរណ៍ បានចាត់តាំងតំណាងចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨រួចហើយ ដើម្បីធ្វើយ៉ាងណាឱ្យបុណ្យទន្លេឆ្នាំនេះ មានទស្សនីយភាពប្លែកៗ និងអាចប្រព្រឹត្តទៅបានដោយរលូនទទួលបានភាពជោគជ័យ។
លោកបានបញ្ជាក់ថា៖«យើងរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមព្រឹត្តិកការណ៍នេះច្រើន ដូចបណ្តាឆ្នាំមុនៗដែរ។ ក្រៅពីមានបំណងចង់ទាក់ទាញភ្ញៀវទេសចរចូលរួមបុណ្យទន្លេនេះក៏ជាឱកាសបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ នៅតាមបណ្ដាខេត្ត ជាប់តាមដងទន្លេ របស់កម្ពុជាផងដែរ»។
លោក តុប សុភ័ក បានបន្ថែមថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្ត ជាប់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានច្រើន មកចូលរួមទស្សនាកម្សាន្ត ក្នុងអំឡុងព្រឹត្តិការណ៍នេះ។
លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានឱ្យដឹងដែរថា រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំ២ដងរួចមកហើយ ដើម្បីស្វែងរកធាតុចូលនានាពីបណ្តាមន្ទីរអង្គរភាព និងវិស័យឯកជន ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ កាន់តែមានភាពទាក់ទាញកាន់តែខ្លាំង។
លោកបានបន្ថែមថា ខាងមន្ទីរពាក់ព័ន្ធ គ្រោងនឹងមានការរៀបចំបង្ហាញនូវរូបភាពត្រីទឹកសាប ជាពិសេសប្រភេទត្រីដែលជិតផុតពូជ ការដាំកូនឈើនៅមាត់បឹងទន្លេសាប ការជិះទូកកម្សាន្តនៅសហគមន៍ទេសចរណ៍នានា ការរៀបចំប្រកួតប្រដាល់គុនខ្មែរ ការបង្ហាញនូវមុខម្ហូបរបស់ខ្មែរដែលផលិតអំពីសាច់ត្រីទឹកសាបកម្ពុជា ការប្រកួតគូរគំនូររបស់កុមារដែលមានខ្លឹមសារអប់រំបរិស្ថានផងដែរ។
លោកបានថ្លែងថា៖«គិតជារយៈពេល នៅមិនមានពេលវេលាច្រើនប៉ុន្មាននោះទេ។ ដូច្នេះខ្ញុំរំពឹងថា កិច្ចប្រជុំនេះនឹងផ្តល់ធាតុចូលសំខាន់ៗនានា ដើម្បីឱ្យព្រឹត្តិការណ៍នេះកាន់តែមានសារប្រយោជន៍ កាន់តែប្លែក និងកាន់តែទាក់ទាញ។ មិនទាន់សម្រេច១០០ភាគរយទេ ដោយយើងកំពុងរៀបចំខ្លឹមសារសំខាន់ៗ ដើម្បីដាក់ជូនអភិបាលខេត្តពិនិត្យនិង សម្រេច បន្ទាប់មកទើបដាក់ជូនទៅខាងក្រសួងទេសចរណ៍ដែលជាអ្នករៀបចំពិធីបុណ្យ»។
បើតាមលោកអភិបាលរងខេត្ត តាមការគ្រោងបុណ្យទន្លេលើទី៨ ដែលធ្វើឡើងនៅខេត្តសៀមរាប នឹងធ្វើនៅលើទីតាំងសួនច្បារកន្លែងហាត់ប្រាណជិតព្រះរាជដំណាក់ និងនៅតាមដងស្ទឹងសៀមរាប ដោយព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឲ្យសម្បូរបែប ដូចជា ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ និងសកម្មភាពកម្សាន្តផ្សេងៗ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោលជាដើម។
ជាមួយគ្នានេះ អ្នកពាក់ព័ន្ធក៏ពិនិត្យមើលពីលទ្ធភាពពន្លាតទីតាំងកម្សាន្តនានានៅតាមបណ្តារមណីយដ្ឋានទេសចរណ៍ដែលនៅមាត់បឹងទន្លេសាបផងដែរ។ នាពិធីបុណ្យនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងភរិយាក៏នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេ លើកទី៨ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាបនេះផងដែរ៕