ត្បូងឃ្មុំៈ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានឱ្យដឹងថា ឆ្នាំនេះ ពិធីចុះចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រម មានអ្នកចូលរួមសរុបជិត ១០ ម៉ឺននាក់ បើធៀបនឹងឆ្នាំ ២០២៣ មានការកើនឡើងអ្នកចូលរួមប្រមាណ ៥២,២៤ ភាគរយ។
លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានប្រាប់នៅថ្ងៃទី ១៨ ខែកុម្ភៈថា ពិធីចុះចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រមកាលពីថ្ងៃទី ១៧ ខែកុម្ភៈ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងភ្ញៀវចូលរួមសរុបប្រមាណ៩៨ ៥០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២ នាក់។
លោកបានបន្តថា កម្មវិធីចុះចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រមនេះ អាជ្ញាធរតែងរៀបចំ ១ ឆ្នាំម្តង ខណៈនៅឆ្នាំនេះ អ្នកចូលរួមកើនដល់ជិត ១០ ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៣ មានអ្នកចូលរួមតែជាង ៦ ម៉ឺននាក់ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «បើធៀបនឹងឆ្នាំ ២០២៣ ទំហំនៃការកើនឡើងនេះមាន ៥២,២៤ ភាគរយ ដោយសារតែមានរៀបចំប្រគំតន្ត្រីខ្នាតធំក៏ដូចជា មានការតាំងពិព័រណ៍ផងដែរ»។
លោក អឿន រិទ្ធ បានឱ្យដឹងដែរថា ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏មានការរៀបចំផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកចាប់ត្រីបានច្រើនជាងគេផងដែរ។ ក្នុងនោះអ្នកបានជយលាភីលេខ ១ ទទួលបានថវិកាចំនួន ៥០ ម៉ឺនរៀល, លេខ ២ បានចំនួន ៤០ ម៉ឺនរៀល, លេខ ៣ បាន ៣០ ម៉ឺនរៀល, លេខ ៤ បាន ២០ ម៉ឺនរៀល,លេខ ៥ បាន ១០ ម៉ឺនរៀល ហើយនិងពីលេខ ៦ ដល់លេខ ១០ ក្នុងម្នាក់ៗបានថវិកា ៥ ម៉ឺនរៀល។
លោកបានបន្តថា ក្រោមការផ្តួចផ្តើមពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ពិធីចាប់ត្រីនេះធ្វើឡើងកាន់តែធំពី ១ ឆ្នាំទៅ ១ ឆ្នាំក្នុងគោលបំណងដើម្បីរំឭកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរដំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព។
ដោយឡែកលោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានឱ្យដឹងដែរថា អាជ្ញាធរខេត្តត្បូងឃ្មុំ តែងតែធ្វើពិធីចាប់ត្រីបែបបុរាណនេះជារៀងរាល់ឆ្នាំ ដែលវាជាការបញ្ជាក់ពីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរដែលធ្វើនេសាទបែបលក្ខណៈសាមញ្ញ។
លោកបានប្រាប់ថា នេះមានន័យថា ដល់រដូវទឹកស្រក ប្រជាពលរដ្ឋអាចចុះនេសាទតាមបឹង ដោយប្រើប្រាស់ឧបករណ៍នេសាទបុរាណ រួមមាន អង្រុត ឈ្នាង និងសំណាញ់ជាដើម។
លោកបានបញ្ជាក់ថា៖ «ពិធីចាប់ត្រីនេះ តាមទស្សនៈខ្ញុំ នេះគឺជាការថែរក្សា និងអភិរក្សទម្លាប់របស់ខ្មែរយើងឱ្យកូនចៅជំនាន់ក្រោយបានយល់ពីដំណើរវិវឌ្ឍន៍នៃការប្រើប្រាស់ឧបករណ៍នេសាទតាំងពីបុរាណ ខណៈឥឡូវ យើងច្រើនប្រើឧបករណ៍ឆក់ ដែលធ្វើឱ្យបាត់បង់តម្លៃធនធានជីវចម្រុះច្រើនណាស់ ជាពិសេសមច្ឆជាតិ»។
ការបង្ហាញប្រាប់ឱ្យដឹងពីប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរដល់អ្នកជំនាន់ក្រោយនេះគឺដោយសារតែក្មេងៗសព្វថ្ងៃមិនបានដឹងពីរបៀបនៃការចាប់ត្រីតាមបែបបុរាណនេះឡើយ ជាពិសេសពិធីនេះបានចូលរួមចំណែកជួយអភិរក្សធនធានជីវចម្រុះនិងជួយដល់មច្ឆជាតិឱ្យនៅសេសសល់ច្រើនផងដែរ។ នេះជាការបន្ថែមពីលោក សំបូរ មាណ្ណារ៉ា។
សូមបញ្ជាក់ថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ ៣០ ហិកតា និងផ្ទៃបឹងទំហំ ១ ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចុះចាប់ត្រី គឺអាជ្ញាធរមិនអនុញ្ញាតឱ្យពលរដ្ឋនេសាទត្រីក្នុងបឹងនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី។ ចំពោះការចាប់ត្រីនេះដែរ ប្រជាពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ។
កាលពីថ្ងៃទី ១១ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ អ្នកភូមិបង្កោង ឃុំអម្ពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក៏បានធ្វើពីចាប់ត្រីត្រៀមឡើងមាឃតាមទំនៀមបុរាណផងដែរ ដោយពិធីនេះតែងតែធ្វើជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។
ជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបង្កោង ឃុំអម្ពិល ស្រុកប្រាសាទបាគង តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមជាលក្ខណៈសហគមន៍គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅថ្ងៃបន្ទាប់តាមទំនៀមទម្លាប់តាំងពីបុរាណមក៕