​កំពង់ឆ្នាំងៈ មន្ត្រីជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​(​ស៊ីម៉ាក់​)​ បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាល​ស៊ីម៉ាក់​បានធ្វើ​ទស្សនកិច្ច​ដើម្បី​ស្វែងយល់​ពី​ការហ្វឹកហ្វឺន​ជំនាញ​ដោះមីន​ក៏ដូចជា​ការហ្វឹកហ្វឺន​សុនខ​ហិត​មីន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​​ភាព​មីន​ខេត្តកំពង់ឆ្នាំង ​ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទៅ​ឆ្នាំក្រោយៗ​ទៀត​។​

​លោក ហេង រតនា អគ្គ​នាយក​ស៊ីម៉ាក់ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ ខែកុម្ភៈ​ថា ក្រុមប្រឹក្សា​ភិ​បាល​ស៊ីម៉ាក់​ក្នុង​អាណត្តិ​ទី​៧ ​នេះ មាន​សមាសភាព​ចូលរួម​ពី​អន្តរក្រសួង បាន​បំពេញ​ទស្សន​កិច្ច​ស្វែងយល់​បន្ថែម​ពី​សកម្មភាព​ក្នុង​វិស័យ​មីន​និង​វឌ្ឍនភាព​ការ​​ងារ​រៀបចំ​សាងសង់​អគារ​ហ្វឹក​ហ្វឺ​ន​របស់​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន​ខេត្តកំពង់ឆ្នាំង​។​

​លោក​ថា ក្នុងនោះក្រុមប្រឹក្សា​​ភិ​បាល​ស៊ីម៉ាក់​ក៏បាន​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ​របស់​មណ្ឌល​សុនខ ​និង​អង្គភាព​ពិសេស​កាត់​បន្សាប​គ្រាប់​នៅទីនេះ​ផងដែរ​។

លោក​ ហេង រតនា បាន​បញ្ជាក់ថា រាល់​សកម្មភាព​បើក​វគ្គ​ហ្វឹក​ហ្វឺ​ន​របស់​វិទ្យាស្ថាន​នេះ ​គឺ​បាន​ចូលរួមចំណែក​ពង្រឹង​បន្ថែម​នូវ​សមត្ថភាព​ជំនាញ​បច្ចេកទេស​ដល់​មន្ដ្រី​ក្នុង​ការត្រៀម​អនុវត្ត​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន​ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជ​រដ្ឋា​ភិ​បាល​និង​របស់​ស៊ីម៉ាក់​ផងដែរ​។​

​លោក​ថា​៖ «​ក្រុមប្រឹក្សាភិបាល​ស៊ីម៉ាក់​ជា​អន្តរក្រសួង​ដែល​ប្រៀបដូចជា​ថ្នាក់ដឹកនាំ​ជួយ​តម្រង់​​ទិស​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធ​​សាស្ត្រ​ផ្សេងៗ​របស់​អង្គភាព​ស៊ីម៉ាក់​។ ​អ៊ីចឹង​ដំណើរ​ទស្សន​កិច្ច​ស្វែង​យល់ដឹង​ស៊ីជម្រៅ​ពី​ការងារ​ទាំងអស់​ហ្នឹង​គឺ​វា​ផ្ដោត​សំខាន់​លើ​ការជួយ​កសាងផែនការ​យុទ្ធសាស្ត្រ​ និង​គោល​នយោបាយ​របស់​អង្គភាព​ស៊ីម៉ាក់​នាពេល​អនាគត​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​បន្ថែម​នេះ​យើង​សង្ឃឹមថា​ពេល​ក្រោយៗ​ទៀត​នឹង​ផ្ដល់​ភាព​កាន់តែ​ងាយ​​ស្រួល​ក្នុងការ​សហការគ្នា​ធ្វើ​ផែន​ការ​យុទ្ធសាស្ត្រ​ផ្សេងៗ​»៕