ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រកាសថា កម្ពុជានឹងបន្តឆន្ទៈមុតមាំលើការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស រួមទាំងការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិ ដែលស្តែងឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
ការប្តេជ្ញាបន្តឆន្ទៈរបស់កម្ពុជានេះនឹង ធ្វើឡើងតាមរយៈការចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូងស្តីពី «ការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពី ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី ១៩ និង ២០ ខែកុម្ភៈ ឆ្នាំ ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤។
គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមនឹងមន្ត្រីជាន់ខ្ពស់ដែលមកពីក្រសួងយុត្តិធម៌,អគ្គស្នងការនគរបាលជាតិ រួមនឹងមន្ត្រីតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមួយចំនួនទៀតផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបាន លើកឡើថា កម្ពុជាជាប្រទេសតែ ១ គត់នៅអាស៊ីអាគ្នេយ៍ដែលបានផ្តល់សច្ចាប័ន និងចូលរួមជាសមាជិកនៃអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅ។
គណៈកម្មាធិការដដែលបានសង្កត់ធ្ងន់ថា៖ «កម្ពុជាមានឆន្ទៈយ៉ាងមុតមាំក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ននិងការចូលរួមជាសមាជិកកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តជាតិសំខាន់ៗចំនួន ៩»។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តទៀតថា កម្ពុជាមានកាតព្វកិច្ចសរសេររបាយការណ៍ដាក់ជូន គណៈកម្មាធិការអនុសញ្ញាអន្តរជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ និងត្រូវបញ្ជូនគណៈប្រតិភូទៅចូលរួមការពិនិត្យរបាយការណ៍នៅចំពោះមុខគណៈកម្មាធិការចំពោះកិច្ចនេះក្នុងទម្រង់ជាកិច្ចសន្ទនាបែបស្ថាបនា ដោយសារកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញានេះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានជំនឿជឿជាក់ថា គណៈប្រតិភូរបស់កម្ពុជា នឹងផ្តល់ជាវេទិកាអន្តរជាតិនេះនូវការបង្ហាញសមិទ្ធផលសំខាន់ៗរបស់កម្ពុជាដែលសម្រេចបាន ហើយរំពឹងថា នឹងទទួលលទ្ធផលល្អដោយសារកិច្ចខិតខំរបស់ក្រសួងស្ថាប័នមានសមត្ថកិច្ច ដែលបានអនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាអន្តរជាតិនេះកន្លងមក។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើង ថា ការចូលរួមរបស់កម្ពុជាទៅបង្ហាញខ្លួន នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំនេះ ជាកិច្ចការប្រពៃណីដែលប្រទេសសមាជិកត្រូវធ្វើតាមការកំណត់ ហើយលោកក៏ទទួលស្គាល់ផងដែរចំពោះការខិតខំរបស់រដ្ឋាភិបាលចំពោះការអនុវត្តតាមអនុសញ្ញាមួយនេះ៕