ភ្នំពេញៈ ក្រសួងព័ត៌មានបានបង្ហាញការប្តេជ្ញាចិត្តជាថ្មីក្នុងការលើកកម្ពស់តួនាទីរបស់វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបុរាណទាំងអស់តាមរយៈការបន្តធ្វើសមាហរណកម្ម និងកំណែទម្រង់កម្មវិធីផ្សាយឱ្យស្របតាមការវិវឌ្ឍរបស់សង្គមនាយុគសម័យឌីជីថលដោយចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីគឺជាភ្នាក់ងារផ្តល់ព័ត៌មាន ការអប់រំ ចំណេះដឹង ដែលរួមចំណែកក្នុងការបណ្តុះស្មារតី និងការស្រឡាញ់វប្បធម៌ខ្មែរ។
ការប្តេជ្ញាជាថ្មីនេះធ្វើឡើងស្របពេលដែលកម្ពុជាតាមរយៈក្រសួងព័ត៌មានបានប្រារព្ធ «ទិវាវិទ្យុពិភពលោកឆ្នាំ ២០២៤» ដោយបានធ្វើយុទ្ធនាការសប្តាហ៍វិទ្យុចាប់ពីថ្ងៃទី ១៣ ដល់ទី ១៦ ខែកុម្ភៈ និងបានប្រមូលផ្តុំសកម្មភាពសំខាន់ៗមួយចំនួនដើម្បីឆ្លុះបញ្ចាំងឱ្យបានឃើញច្បាស់អំពីសារៈសំខាន់របស់វិទ្យុ ដែលតែងតែនៅក្បែរប្រជាជន និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានស្តីពី «សកម្មភាពអបអរទិវាវិទ្យុពិភពលោកឆ្នាំ ២០២៤» តួនាទីស្នូល និងដ៏ចាំបាច់របស់វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយបុរាណ នាយុគសម័យឌីជីថល ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិដោយចីរភាព និងបរិយាបន្ន ចុះថ្ងៃទី ១៧ ខែកុម្ភៈ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានលើកឡើងនៅក្នុងសេចក្តីប្រកាសនោះថា ដំណើរវិវឌ្ឍន៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្នជាមួយនឹងវឌ្ឍនភាពឥតឈប់ឈរនៃបច្ចេកវិទ្យា ព្រមទាំងនិន្នាការក្នុងការទទួលព័ត៌មានរបស់ប្រជាជនបានផ្តល់ទាំងឱកាសថ្មីៗ និងបញ្ហាប្រឈមមួយចំនួនដល់វិស័យព័ត៌មាន និងសោតទស្សន៍។
ទោះជាយ៉ាងណា ក្រសួងព័ត៌មាន និងប្រតិបត្តិករក្នុងវិស័យព័ត៌មាន តាមរយៈការប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំនេះ បានបង្ហាញការប្តេជ្ញាចិត្តជាថ្មីម្តងទៀតលើការលើកកម្ពស់តួនាទីរបស់វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបុរាណទាំងអស់ ជាភ្នាក់ងារផ្តល់ព័ត៌មាន ភ្ជាប់ការប្រាស្រ័យទាក់ទង ការអប់រំ ចំណេះដឹង និងការកម្សាន្តដើម្បីរួមចំណែកក្នុងការបណ្តុះស្មារតី មនសិការ និងមោទនភាពជាតិ បណ្តុះការស្រឡាញ់វប្បធម៌ និងប្រពៃណី ព្រមទាំងថែរក្សាការពារសន្តិភាព និងអត្តសញ្ញាណជាតិ។
លោកមានប្រសាសន៍ថា៖ «ទោះក្នុងតម្លៃណាក៏ដោយ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីផ្សេងៗទៀតត្រូវតែបន្តរស់ក្នុងបរិបទថ្មី ដំណាលគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប។ ក្រសួងព័ត៌មាននឹងបន្តអភិរក្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយប្រពៃណីឱ្យមានភាពរីកចម្រើនឡើងទៅមុខថែមទៀត តាមរយៈការបន្តធ្វើសមាហរណកម្ម និងកំណែទម្រង់កម្មវិធីផ្សាយឱ្យស្របតាមការវិវឌ្ឍរបស់សង្គម»។
«យើងបាននិងកំពុងបន្តលើកកម្ពស់តួនាទី និងគុណតម្លៃវិទ្យុ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីទាំងអស់ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយនេះរក្សាបានទំនាក់ទំនងប្រកបដោយបរិយាបន្ន ព្រមទាំងភាពប្រកួតប្រជែង និងគុណភាពស្របទៅនឹងការវិវឌ្ឍរបស់សង្គម បច្ចេកវិទ្យាថ្មីៗ និងបរិវត្តកម្មឌីជីថល សម្រាប់ប្រជាជនគ្រប់ស្រទាប់ទាំងអស់ក្នុងសង្គម»។ នេះបើតាមលោកនេត្រ ភក្ត្រា បន្ថែម។
ជាមួយគ្នានេះដែរលោក តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអគ្គនាយកវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា វិទ្យុជាតិ ចាប់តាំងពីចុងសតវត្សរ៍ទី ១៩ គ្រាដែលវិទ្យុផ្សាយសំឡេងបានចាប់បដិសន្ធិនៅកម្ពុជា ព្រមទាំងការវិវឌ្ឍនានាដោយសម្របខ្លួនទៅតាមរបប និងសម័យកាលផ្សេងៗ។ ក្នុងនោះមានការផ្សាយសំឡេងនៅគ្រប់ទិសទីនៅកម្ពុជា ទាំងវិទ្យុ AM និង FM ប្រភេទវិទ្យុបណ្តាញ និងនៅតាមតំបន់បណ្តាខេត្ត។
ខណៈពិភពលោកប្រារព្ធទិវាវិទ្យុឆ្នាំ ២០២៤ ក្រោមប្រធានបទ៖ «១ សតវត្សរ៍នៃវិទ្យុក្នុងការផ្តល់ព័ត៌មានកម្សាន្ត និងអបរំ» និស្សិតមកពីសាកលវិទ្យាល័យផ្នែកសារព័ត៌មានជាច្រើននាក់បានទៅកាន់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានស្វែងយល់ពីតម្លៃនៃការផ្សព្វផ្សាយព័ត៌មានដោយវិទ្យុ និងដំណើរការផលិតកម្មវិធីវិទ្យុ។
នាឱកាសនោះដែរ លោកស្រី ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានថ្លែងប្រាប់និស្សិតពីការងារវិទ្យុជាតិបច្ចុប្បន្ន និងការប្រែក្លាយដោយជោគជ័យពីវិទ្យុផ្សាយតែសំឡេងទៅជាវិទ្យុកូល័រដែលមានទម្រង់ចម្រុះមានទាំងរូបភាព និងសំឡេង ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយ និងសកម្មជាងមុនទាំងតាមបែបប្រពៃណី លើឌីជីថល និងបណ្តាញសង្គមផងដែរ។
បន្ថែមពីនេះ លោកស្រីបានលើកទឹកចិត្តឱ្យនិស្សិតចូលរួមស្តាប់វិទ្យុឱ្យបានច្រើនតាមស្មាតហ្វូនដោយពុំចាំបាច់ទិញវិទ្យុដូចមុនឡើយ និងអាចចូលរួមផ្តល់ជាមតិយោបល់ពីប្រធានបទសង្គមនានាតាមរយៈការ call-in ព្រោះចំណុចនេះហើយជាបង្ហាញពីតួនាទីរបស់វិទ្យុ គឺជាស្ពានផ្សារភ្ជាប់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជារដ្ឋាភិបាលផងដែរ៕