​ភ្នំពេញៈ តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២២ ស្ថាប័ន​ បានស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ព​ន្លឿ​ន​ការអនុម័ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិត​​ផល​គ្រឿង​ស្រវឹង ដើម្បី​កាត់​បន្ថយ​អត្រា​នៃ​ការស្លាប់​ដែល​បណ្ដាលមកពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​ទាំង​សុខភាព និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ការស្នើ​នេះ​ត្រូវបាន​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល អះអាងថា កម្ពុជា​មិនបាន​ព្រងើយ​​កន្តើយ​លើ​រឿងនេះ​ទេ និង​បាន​ដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់ បើទោះបីជា​មិនទាន់​មានច្បាប់​នេះ​នៅឡើយ​ក្តី​។​

​ការស្នើ​នេះ ធ្វើឡើង​តាម រយៈ​សេចក្តីថ្លែងការណ៍​រួម ចុះ​ថ្ងៃទី​​ ១៨ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បន្ទាប់ ពី​អង្គការ និង​សមាគម បានរៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​មួយ​ដើម្បី​ជំរុញ និង​លើក​ទឹក​​ចិត្ត​ដល់​រដ្ឋាភិបាល​ព​ន្លឿ​ន​ច្បាប់​ស្តីពី​ការគ្រប់គ្រង ផលិត​ផល​គ្រឿង​ស្រវឹង ព្រមទាំង​វិធានការ​ដំឡើង​ពន្ធ ការដាក់​កម្រិត​លើ ការផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ដោយមាន​ការចូលរួម​ពី​បញ្ញវន្ត កម្មករ ព្រះសង្ឃ អ្នកបើកបរ សង្គម​ស៊ីវិល និង​សហគមន៍​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការស្លាប់ ដែល​បណ្ដាលមកពី​ផលប៉ះពាល់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង តំណាង អង្គការ សមាគម សហគមន៍ និង​តំណាង​ប្រជាពលរដ្ឋ ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ព​ន្លឿ​ន សេចក្តីព្រាងច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ដែល​បាន​ព្រាង និង​ឆ្លង​អន្តរ​ក្រសួង​រួចរាល់​ចាប់តាំងពី​ថ្ងៃទី ​៨ ខែកក្កដា ឆ្នាំ​ ២០១៥ ដើម្បី​ឆ្លង​គណៈរដ្ឋមន្ត្រី និង​បញ្ចូនទៅ​កាន់​រដ្ឋសភា​ដើម្បី​អនុម័ត​។​

​សេចក្តីថ្លែងការណ៍​រួម​សង្កត់ធ្ងន់ថា​៖ «​ការហាមឃាត់​ការ​ផ្សាយពាណិជ្ជកម្ម ការដំឡើង​ពន្ធ និង​ការដាក់​កម្រិត​ភាព​​ងាយ​រកបាន​នៃ​គ្រឿង​ស្រវឹង​គប្បី​មានចែង​យ៉ាងច្បាស់​នៅក្នុង​ច្បាប់​នេះ​។ ការអនុម័ត​ច្បាប់​នេះ ជាការ​លើកកម្ពស់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​ចីរភាព​ទាំង ​១៧ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​គាំទ្រ ជាពិសេស​គោលដៅ​ទី ​៣​ អំពី សុខុមាលភាព និង​សុខ​ភាពល្អ​» ។​

​ក្នុង​សេចក្តីថ្លែងការណ៍​បានលើកឡើង​ទៀតថា ការប្រើប្រាស់ គ្រឿង​ស្រវឹង​បាន​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ រួមទាំង​បង្កឱ្យមាន​អំពើហិង្សា​លើ​ស្ត្រី កុមារ អសន្តិសុខ​សហ​​គម​ន៍ និង​ជា​បន្ទុក​ជំងឺ​ជាង ​២០០ ​មុខ ដូចជា ជំងឺថ្លើម ទឹក​​នោម​ផ្អែម ជំងឺមហារីក លើស​សម្ពាធ​ឈាម ជាពិសេស​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ជាដើម​។ គ្រឿង​ស្រវឹង បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​សាធារណៈ និង​សីលធម៌​សង្គម​។​

​លោក យង់ គិ​ម​អេង ប្រធាន​​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ប្រាប់​ឱ្យដឹងថា គ្រឿង​ស្រវឹង​មិនមែនជា​ភេសជ្ជៈ​ធម្មតា​ទេ វា​ជា​ភេសជ្ជៈ​ស្រវឹង និង​បង្ក​ផល​ប៉ះពាល់​ទាំង​សុខភាព និង​សុវត្ថិភាព​សហគមន៍​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​មិនមែន​ទាមទារ​ឱ្យធ្វើ​ច្បាប់​ហាម​មនុស្ស​មិនឱ្យ​ផឹក​ទេ តែ​ជាការ​គ្រប់គ្រង​គ្រោះថ្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​។ យើង​ចង់ឃើញ​សេចក្តី​ព្រាង​ច្បាប់ ដែល​ជាប់គាំង​តាំង​​ពី​ឆ្នាំ ​២០១៥ ត្រូវបាន​រដ្ឋាភិបាល លើក​យកមក​ពិចារណា និង​ដាក់ជូន​រដ្ឋសភា​ដើម្បី​អនុម័ត​»​។​

​លោក យង់ គិ​ម​អេង បាន​បន្តថា ច្បាប់​នេះ​ត្រូវតែ​ដាក់​ធាតុ​សំខាន់ៗ​ចូល ជាពិសេស ការហាម​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ការដំឡើង​ពន្ធ រួម​ទាំង​ការលក់ ការកំណត់​អាយុ​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​ជា​ដើម​។ ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​នឹងមាន​សារៈ​​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម​ដែល​ជួយ​ដល់​ជន​ងាយ​រងគ្រោះ ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់ ជាពិសេស​គឺ​យុវវ័យ​ដែល​បន្តវេន​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​ឆ្លើយតប​ទៅនឹង​សំណើ​នេះ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ប៉ែន បូ​ណា នៅ​ថ្ងៃទី​ ១៨ ខែកុម្ភៈ បាន​ថ្លែងប្រាប់​ឱ្យដឹងថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង បាន​ពិភាក្សា​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ពុំទាន់​ចេញ​ជា​រូបរាង​ច្បាប់​នៅឡើយ​ទេ ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​តួអង្គ​ភាគី​ច្រើន​។

​លោក​បាន​បញ្ជាក់ថា​៖ «​ជាធម្មតា​សង្គម​ស៊ីវិល ឬ​បុគ្គល​ម្នាក់ៗ មើល​ឃើញតែ ​១ ​ជ្រុង គឺ​ចង់​រុញឱ្យ​បាន​លឿន ប៉ុន្តែ​រាជរដ្ឋាភិបាល​មើល​គ្រប់​ជ្រុង​ទាំងអស់ មានន័យថា ជ្រុង​នេះ​មាន​ផលប៉ះពាល់​អ្វីខ្លះ ប៉ះ​ពាល់​ទំហំ​ប៉ុនណា អ៊ីចឹង​ត្រូវ​ការ​កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ហើយ​ថ្លឹងថ្លែង​មុននឹង​អនុម័ត​ច្បាប់​មួយ​នោះ​»​។

​​លោក​បាន​បន្ថែមថា បញ្ហា​គ្រឿង​ស្រវឹង​នេះ មិនមែន​តែ​ជា​បញ្ហា​របស់​កម្ពុជា​តែមួយ​ទេ គឺជា​បញ្ហា​របស់​ពិភពលោក​ទាំង​មូល​សុទ្ធតែ​ជួប​ការលំបាក​ដូច​តែ​គ្នា​។

លោក​បាន​បញ្ជាក់ថា​៖«​ប៉ុន្តែ​រាជរដ្ឋាភិបាល​មិនមែន​អង្គុយ​រង់ចាំតែ​ការអនុវត្ត​ច្បាប់​នោះទេ ពោលគឺ​បាននិងកំពុង​ធ្វើ​ការងា​រ​យ៉ាងសកម្ម​ដើម្បី​ទប់​ស្កាត់​គ្រោះថ្នាក់​បណ្តាលមកពី​គ្រឿង​ស្រវឹង​»​។ 

​លោក​ថ្លែងថា កន្លងមក កម្ពុជា​ក៏មាន​សារាចរ អនុក្រឹត្យ និង​សេចក្តីណែនាំ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​ការ​ផ្សព្វ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ជា​ហូរហែ មានការ​ត្រួតពិនិត្យ អ្នកបើកបរ​ដែលមាន​សារធាតុ​ស្រវឹង ហើយ​កាន់តែ​តឹងតែង​ដែល​ប្រឈម​ការផាកពិន័យ​ធ្ងន់ធ្ងរ​។ ក្រសួង​ព័ត៌មាន​កំពុង​សហការ​ជាមួយ​ក្រសួង​សុខា​ភិ​បាល និង​ក្រសួងពាណិជ្ជកម្ម រៀបចំ​ឱ្យមាន​ក្រម​ប្រតិបត្តិ​មួយ​ឱ្យបាន​ច្បាស់លាស់​ជាក់លាក់​ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ហើយ​ឥឡូវនេះ​ក្រសួង​ទាំង​ ៣ ​កំពុងតែ​មមាញឹក​ធ្វើការ​រួមគ្នា ដើម្បី​រៀបចំ​ចេញ​ជា​ក្រម​ប្រតិបត្តិ​ឱ្យបាន​។

​បើ​សេចក្តីថ្លែងការណ៍​រួម​នេះ បានឱ្យ​ថា តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក ឆ្នាំ​ ២០២២ គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ ៣​ លាន​នាក់​នៅលើ​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​។ ចំណែក​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ឆ្នាំ​ ២០២៣ មាន​អ្នកស្លាប់​ចំនួន​ ១ ៥៩០​ នាក់ ធ្វើឱ្យ​ខាតបង់​ថវិកា​ប្រមាណ​ជា ​៤៦៦,៨ លាន​ដុល្លារ​៕