​សៀមរាបៈ ក្រសួងបរិស្ថានកំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​​នរោត្តម​ «​ភ្នំ​គូលែន​» ​សំដៅ​លើក​កម្ពស់​ជីវភាព​សហគម​ន៍​មូល​​ដ្ឋា​ន ការអភិរក្ស​ប្រព័ន្ធ​ជីវចម្រុះ និង​វប្បធម៌​ប្រពៃណី ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជា​ពល​​រដ្ឋ​កម្ពុជា​គ្រប់​ជំនាន់​។​

​កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ ​២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹក​​នាំ​ក្រុមការងារ​ចុះ​សិក្សា​ស្វែង​យល់​ពី​សក្តានុពល ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​ដើម្បី​អភិ​វ​​ឌ្ឍ​ន៍ គោលដៅ​កម្សាន្ត​បៃតង នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​​នរោត្តម​ «​ភ្នំ​គូលែន​»​។​

​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បរិ​ស្ថាន​។ លោក​បាន​ចុះ​ពិនិត្យ​លើ​គោលដៅ​សំខាន់​មួយចំនួន​រួមមាន​៖ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​សុខ អាន ភ្នំ​គូលែន ពើង​ថ្ម​ជ្រួញ ទីតាំង​បោះតង់​អូរ​តាច​ក់ ពិនិត្យ​ទីតាំង​វត្ត​ចាស់ ជាទី​ដែលមាន​ភាព​ទាក់ទាញ​នៃ​ធម្មជាតិ ទឹកជ្រោះ ល្អាង​ថ្ម និង​ពើង​ធម្មជាតិ​បង្កប់​រូបចម្លាក់​បុរាណ ជាពិសេស​ចម្លាក់​បាត​ស្ទឹង​ជា​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​បាន​បង្កប់​អត្ថន័យ​សំខាន់ៗ ខាង​ជំនឿ​សាសនា ធ្វើឱ្យ​មានការចាប់អារម្មណ៍​ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តជាតិ​។​

​នៅក្នុង​វេទិកា​លើក​ទី​ ១៩ ​នៃ​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានកំណត់​យក​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​ន​រោ​​ត្ត​ម​ «​ភ្នំ​គូលែន​» ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​។ ដោយ​អនុ​លោម​តាម ​«​យុទ្ធសាស្ត្រ​បញ្ច​កោណ​» ដំណាក់កាល​ទី​១ និង​ឈរលើ​មូលដ្ឋានគ្រឹះ​នៃ «​យុទ្ធ​សាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​» ឆ្នាំ ​២០២៣-២០២៨ ទើប​ក្រសួង​​បរិស្ថាន បានរៀបចំ​កម្មវិធី​ចុះ​សិក្សា​ស្វែងយល់​ព័ត៌មាន​ជា​មូល​ដ្ឋា​ន​សម្រាប់​ការរៀបចំ​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នៅក្នុង​តំបន់​នេះ​។​

​ក្រសួងបរិស្ថាន​បញ្ជាក់​ថា​៖ «​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន ជា​តំបន់​ប្រវត្តិ​សាស្ត្រ​ដ៏​មាន​សារៈសំខាន់​ដែល​បាន​រក្សាទុក​នូវ​សំណង់​ប្រវត្តិ​សាស្ត្រ​ជាច្រើន​កន្លែង​មានដូចជា ប្រាសាទបុរាណ ស្ថានីយ​បុរាណ ធនធានធម្មជាតិ និង​ប្រព័ន្ធ​ជីវ​ចម្រុះ​ដ៏​សម្បូរបែប ជាពិសេស​ជា​តំបន់​ដែល​បង្កប់​ទៅដោយ​ជំនឿ ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​តាំងពី​បុរាណកាល​មក​»​។​​

ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន។ រូបថត ហ្វេសប៊ុក

លោកស្រី​ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​​កម្ពុជា បាន​ថ្លែងថា ឧទ្យាន​ជាតិ​​ព្រះ​ជ័យវរ្ម័ន​​នរោត្តម «​ភ្នំ​គូលែន​» មាន​ភាពល្បីល្បាញ​ដោយសារ​ជាទី​តាំង​ប្រវត្តិសាស្ត្រ ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌ និង​ជា​ប្រភពទឹក​ដ៏​មាន​សារៈសំខាន់​សម្រាប់​ខេត្តសៀមរាប​។ កិច្ចសហការ និង​ភាពច្បាស់លាស់ នៅក្នុង​ការ​​គ្រប់គ្រង​ឧទ្យាន​ជាតិ​នេះ ជា​ពិសេស​ការរៀបចំ និង​ការថែទាំ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​បម្រើឱ្យ​វិស័យ​ទេសច​រណ៍​ធម្មជាតិ និង​វប្បធម៌​។​

​លោកស្រី​ថា​៖ «​ភ្នំ​គូលែន ជា​កន្លែង​ពេញនិយម​សម្រាប់​ការ​គោរពបូជា​ដែល​ត្រូវបាន​ប្រជា​ជន​ខ្មែរ​ចាត់ទុកថា ជា​ភ្នំ​ពិសិដ្ឋ បំផុត​នៅ​កម្ពុជា និង​ជា​ដែនដី​កំណើត​នៃ​កម្ពុជា​។ ប្រាសាទបុរាណ និង​ទីតាំង​សក្ការៈ​ជាច្រើន​កន្លែង ដែលមាន​វ័យ​ចំណាស់​ចាប់ពី​សតវត្សរ៍​ទី​៨ និង​ទី​៩ មក​,​ទីតាំង​ទឹកធ្លាក់ វត្ត​ព្រះអង្គ​ធំ បដិមា​ព្រះ​​ពុទ្ធ​ចូល​និ​ពា្វ​ន​ដ៏​ធំ និង​ស្ទឹង​ «​លឹ​ង្គ​មួយ​ពាន់​» រួមទាំង​ទីតាំង​បុរាណ​ស្ថាន​ក្បាលស្ពាន សុទ្ធសឹង​ជាទី​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​ពាន់​នាក់ មក​ទស្សនា​ជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​»​។​

​បើ​យោងតាម​ក្រសួងបរិស្ថាន ក្រោម​ការគាំទ្រ​របស់​គ​ម្រោ​ង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា (CSLEP) បាននិងកំពុង​ជួយ​លើ​ការ​​រៀបចំ​ផែនការ និង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ (​ពង្រឹង​ការ​អនុ​​វត្ត​ច្បាប់ សាងសង់​ស្នាក់ការ​) សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍​។ ក្នុងនោះ​រួមមាន សាងសង់​ផ្លូវ​កៅស៊ូ​ប្រវែង ១៤ គ​.​ម អគារ​ពហុ​បំណង​ (​អា​ហា​រដ្ឋា​ន និង​សាលប្រជុំ​)​ ទីលាន​បោះជំរំ​ការរៀបចំ​ប្រព័ន្ធ​ផ្លូវ​ទស្ស​នាច​រណ៍ ក្លោងទ្វា ចំណត​យាន​យន្ត ខ្យូ​ស​លម្ហែកាយ តូប​លក់​អាហារ​ជាដើម និង​ចូលរួម​ជួយ​ពង្រឹង​ខ្សែ​ច្រវាក់​ទេសចរណ៍ នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ​៥៕