ស្ថិតក្នុង​ខណ្ឌមានជ័យ អ្នកគ្រូ ស៊ុន សុ​ម៉ា​ឡា បានចាប់ផ្ដើម​បង្រៀន​សិស្ស​នៅ​សាលាបឋមសិក្សា​ភូមិ​ឫស្សី តាំងពី​ឆ្នាំ ​១៩៩៣ ទាំង​ស្ថានភាព​ថ្នាក់រៀន​នៅ​ជា​អគារ​ឈើ​ចាស់​ទ្រុឌទ្រោម​។​

​បច្ចុប្បន្ននេះ ជាមួយ​វត្ដ​មាន​អគារ​បេតុង​ច្រូងច្រាង​ចំនួន ២៦ បន្ទប់ អគារ​ឈើ ដែល​ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ​ ១៩៩០​ ជាង ស្ថិតក្នុង​ស្ថាន​ភាពមិន​អំណោយផល​ការទទួល​សិស្សានុសិស្ស​ទៀត ទើប​វា​ត្រូវបាន​វាយចោល​កាលពី​ប៉ុន្មាន​ឆ្នាំមុន និង​សល់​ដី​នៅ​ទំនេ មិនទាន់មាន​អគារ​ថ្មី​មក​ជំនួស​នៅឡើយ​។

​អ្នកគ្រូ សុ​ម៉ា​ឡា បាន​រំឭកថា​៖ «​ពេល​ខ្ញុំ​មកដល់​ដំបូង ខ្ញុំ​បង្រៀន​សិស្ស​អង្គុយ​ក្រោម​ដើមឈើ ដោយមាន​អគារ​ឈើ​មួយ​នោះ ដែល​បាំង​ធាងដូង​ទៀត​»​។​
​អ្នកគ្រូបាន​និយាយថា បញ្ហា​ប្រឈម​កង្វះ​អគារសិក្សា និង​គ្រូបង្រៀន បាន​បង្ខំ​ឱ្យ​សិស្ស​ថ្នាក់​តូចៗ​ភាគច្រើន ដូចជា ថ្នាក់​ទី១ ត្រូវ​អង្គុយ​ប្រជ្រៀត​គ្នា​រហូតដល់​ជាង ៦០ ​នាក់ ឬ​ដល់ ៧០ នាក់​ក្នុង ១​ ថ្នាក់​។ ប៉ុន្ដែ​វា​មិនមែនជា​អ្វីដែល​ថ្មី​ទេ ដោយ​តាំងពី​អ្នកស្រី​បង្រៀន​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ថ្នាក់រៀន​ខ្លះ​នៅ​សាលារៀន​នេះ​ដាក់​សិស្ស​ជាង ៨០​ នាក់​។

​ដោយសារតែ​ការដាក់​សិស្ស​ច្រើន​ក្នុង​បន្ទប់រៀន​តែមួយ​នេះ​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ ឪពុកម្ដាយ និង​អាណាព្យាបាល​ហាក់​មិនសូវ​ខ្វល់ខ្វាយ​ខ្លាំង​ចំពោះ​បញ្ហា​នេះ​ទេ​។

​លោក លី មុន្នី​រ័ត្ន ជា​អាណាព្យាបាល​ដែល​កូនប្រុស​របស់លោក​រៀន​ថ្នាក់​ទី​២ នៅ​សាលាបឋមសិក្សា​កុលាប​ទី​១ បានឱ្យដឹងថា នៅ​បន្ទប់រៀន​របស់​កូនប្រុស​លោក​មាន​សិស្ស​ជាង ៥០ ​នាក់ ដោយ​លោក​ទទួលស្គាល់ថា ច្រើន តែ​មិនមាន​ការភ្ញាក់ផ្អើល​ទេ​។

​លោក​បាន​និយាយថា​៖ «​ពិត​ជាមាន​ចំនួន​ច្រើន​មែន តែ​វា​មិនមែនជា​បញ្ហា​ធំដុំ​ទេ​។ បើ​អាច សាលា​គួរ​ជួយ​បន្ថែម​កង្ហារ​ឱ្យ​បា​ច្រើន​បន្ដិច ពីព្រោះ​ខែ​នេះ​ជា​រដូវក្ដៅ សិស្ស​ច្រើន ធ្វើឱ្យ​ក្ដៅ និង​ហប់​ខ្យល់​ខ្លាំង​»​។

​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ករណី​មាន​សាលា​មួយចំនួន​ដែលមាន​សិស្ស​ច្រើន​ក្នុង ១​ ថ្នាក់ មាន​ហេតុផល ២​ យ៉ាង គឺ​តាមរយៈ​ការពង្រឹង​គុណភាព​អប់រំ ដោយ​ផ្តោតលើ​ស្តង់ដា​សាលា​គំរូ ពិសេស​ការ​ផ្តោតលើ​ការប្រកួតប្រជែង​សាលារៀន​ល្អ នាយក​ល្អ​កន្លងមក​។​

​លោកស្រីបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​នេះ​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើឱ្យ​ក្រសួង​ជំរុញ​បន្ថែម​លើ​ការគ្រប់គ្រង និង​គុណភាព​បង្រៀន សំដៅ​ប្រែក្លាយ​សាលា​នានា​ឱ្យមាន​ស្តង់ដា​សាលា​គំរូ ដើម្បីឱ្យ​មាតាបិតា​មាន​ទំនុកចិត្ត ក៏ដូចជា​ធ្វើឱ្យ​សិស្ស​គ្រប់ៗ​គ្នា​ទទួលបាន​ការអប់រំ​ដែលមាន​គុណភាព​»​។

​លោកស្រីបាន​លើកឡើងថា បច្ចុប្បន្ននេះ ទីលំនៅ​ក៏ដូចជា​នគររូបនីយកម្ម​មានការ​រីកចម្រើន​ពិសេស​នៅតាម​តំបន់​ជាយក្រុង ដែលជា​ហេតុ​ធ្វើឱ្យ​តម្រូវការ​ខ្ពស់​ចំពោះ​សាលារៀន ថ្នាក់រៀន និង​គ្រូបង្រៀន​។​

​អ្នកគ្រូបច្ចុប្បន្ន​វ័យ​ជាង ៥០ ​ឆ្នាំ​រូបនេះ បានឱ្យដឹងថា វា​ដោយសារ​នៅ​ជុំវិញ​បរិវេណ​សាលារៀន​នេះ​មាន​អង្គការ​ច្រើន ដែល​ពួកគេ​បាន​បញ្ជូន​សិស្ស​ក្រី​ក្រម​ករៀន​។ បច្ចុប្បន្ននេះ ខាង​ក្រសួង និង​មន្ទីរអប់រំ យុវជន និង​កីឡា​បាន​ចុះមក​សិក្សា​អំពី​ស្ថានភាព​របស់​សាលារៀន​ចំពោះ​ការខ្វះខាត​អគារ និង​គ្រូបង្រៀន​នេះ​។

​អ្នកគ្រូ សុ​ម៉ា​ឡា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ក្រសួង និង​មន្ទីរអប់រំ​នឹង​ជួយ​កសាង​ថ្នាក់រៀន​បន្ថែម​។ ក្នុង ១​ ថ្នាក់រៀន មាន ២០ ​តុ សិស្សានុសិស្ស​អង្គុយ ១ ​តុ​ត្រឹម ២ ​នាក់ ល្មម​ទៅតាម​និយាម​គរុកោសល្យ​»​។

​ចំនួន​ប្រជាជន​កើនឡើង តម្រូវការ​ថ្នាក់រៀន និង​គ្រូ​កើនឡើង​

​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញបានឱ្យដឹងថា ក្រុមការងារ​ក្រសួង និង​រូបលោក​ជា​ប្រធាន​មន្ទីរ​បាន និងកំពុង​តែ​ចុះ​ទៅតាម​សាលារៀន​នៅតាម​ជាយ​រាជធានី​ភ្នំពេញ ដោយសារ​សាលារៀន​នៅតាម​កណ្ដាល​ក្រុង​កំពុងតែ​ថយចុះ និង​បន្ដ​កើនឡើង​នៅតាម​សាលារៀន​ឯ​ជាយក្រុង​ទៅវិញ​។

​លោក​បាន​និយាយថា​៖ «​ចំពោះ​លទ្ធភាព​នៃ​ការសាងសង់ ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី [​ហង់​ជួន ណា​រ៉ុ​ន​] បានឱ្យ​ក្រុមការងារ​ក្រសួង និង​រូបខ្ញុំ​ចុះ​មើល​នៅតាម​ភូមិសាស្ដ្រ​ខណ្ឌ​កំបូល ដោយ​កាលពី​ម្សិលមិញ យើង​ទៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ​។ ព្រឹក​នេះ យើង​ទៅ​ខណ្ឌឫស្សីកែវ ខណ្ឌ​ទួ​ក​គោក និង​ខណ្ឌ​កំបូល រួច​ចេញទៅ​ខណ្ឌ​ព្រែក​ព្នៅ និង​ជ្រោយចង្វារ​»​។

​លោក​ទទួលស្គាល់ថា សិស្សានុសិស្ស​នៅតាម​ជាយក្រុង​មានការ​កើនឡើង​ច្រើន ដែល​ប្រជាពលរដ្ឋ​ជាច្រើន​ចេញពី​ក្នុង​ក្រុង​មក​រស់នៅ​ជាយក្រុង​។ 
​លោក ស៊ីណា​រ៉េត បាន​ថ្លែងថា លទ្ធភាព​ដោះស្រាយ​បញ្ហា គឺមាន​តែ​លើក​គម្រោង​ក្នុងការ​សាងសង់​សាលារៀន​បន្ថែម ដែល​ជាង ២០​ សាលារៀន​នៅ​ខ្វះ​បន្ទប់រៀន​។

​លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​សាលារៀន​នៅតាម​ជាយក្រុង​មានការ​ខ្វះខាត​ថ្នាក់រៀន​ច្រើន និង​មាន​ភាព​ធូរស្រាល​នៅ​សាលារៀន​ក្នុង​ទីក្រុង​។ ប៉ុន្ដែ​ពេលនេះ កំណើន​សិស្សានុសិស្ស​ក៏​មិន​ទៀងទាត់​ដែរ​ដោយ​ឆ្នាំនេះ​កើនឡើង តែ​ឆ្នាំក្រោយ​ថយចុះ​វិញ​»​។

​កត្ដា​ទាំងនេះ​កើតចេញពី​ការ​បំ​ផ្លាស់​ទី​របស់​កម្មករ​ចំណាកស្រុក និង​កម្មករ​រោងចក្រ ដែល​ពួកគេ​ផ្លាស់ប្ដូរ​លំនៅឋាន​មិន​ទៀងទាត់​។ ទីតាំង​កកើត​បុរី ការ​កើន​ចំនួន​សិស្ស​មាន​ស្ថិរភាព​។ ក្រុមការងារ​ត្រូវ​សិក្សា​អំពី​កំណើនថេរ​រយៈពេល​ ២-៣ ​ឆ្នាំ​ជាប់​គ្នា ឬក៏​កើនឡើង​ដោយ​ចៃដន្យ ដើម្បី​លើកឡើង​គម្រោង​សាងសង់​អគារ​ថ្មី​។​

​លោក ប៉ាន់ ស្រ៊ា នាយក​សាលាបឋមសិក្សា​ភូមិ​ឫស្សី ស្ថិតក្នុង​តំបន់​កំពុងអភិវឌ្ឍន៍​មួយ​នៃ​សង្កាត់​មានជ័យ រាជធានី​ភ្នំពេញ បាន​និយាយថា ការដាក់​សិស្ស​ច្រើន​ក្នុង​បន្ទប់​តែ​ ១ ​នេះ​ពិតជា​ជួប​ការលំបាក​ទាំង​ការគ្រប់គ្រង និង​បញ្ហា​ផ្សេងៗ​។ ការដាក់​សិស្ស​ច្រើន​នេះ ដោយសារតែ​ខ្វះ​អគារសិក្សា និង​គ្រូបង្រៀន​។

​លោក​បានឱ្យដឹងថា នៅ​តំបន់​នេះ មាន​ប្រជាជន​ចេញពី​ក្រុង​មក​ទិញ​ផ្ទះល្វែង​ច្រើន ដែល​ធ្វើឱ្យ​កំណើន​សិស្ស​កើនឡើង ខណៈ​អគារ​ចាស់​មួយចំនួន ៣​បន្ទប់ ត្រូវបាន​វាយចោល​ដោយ​កត្ដា​សុវត្ថិភាព​។

​លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​បើ​យោងតាម​និយាម​គរុកោសល្យ យើង​ខ្វះ​ប្រមាណ​តែ ១៥​ បន្ទប់រៀន​ទេ​។ រួមទាំង​កត្ដា​ខ្វះ​គ្រូបង្រៀន ដែល​ពួកគាត់​ខ្លះ​ចូល​និ​វត្ដ​ន៍ និង​ផ្ទេរ​ទៅ​កន្លែង​ផ្សេងៗ យើង​ច្របាច់​សិស្ស​បញ្ចូល​គ្នា ៥០ ទៅ​ជាង ៧០​ នាក់​»​។

​លោក ស៊ីណា​រ៉េត ក៏បាន​លើកឡើងថា ក្រៅពី​កង្វះ​ថ្នាក់រៀន ចំនួន​គ្រូបង្រៀន​នៅជាប​ញ្ហា​ប្រឈម​មួយ​ដែរ ដោយ​នៅតាម​សាលា​មធ្យមសិក្សា ខ្វះ​គ្រូ​ឯកទេស ហើយ​សាលារៀន​បឋមសិក្សា​ក៏​ខ្វះ ដោយ​កំពុងតែបន្ដ​ស្នើសុំ​គ្រូបង្រៀន​ជាប់កិច្ចសន្យា ដែល​ភ្នំពេញ​ប្រើប្រាស់​គ្រូ​ជាប់កិច្ចសន្យា​ជាង ២០០​នាក់​។

​លោក​បាន​និយាយថា​៖ «​នៅ​ភ្នំពេញ​ទទួលបាន​គ្រូបង្រៀន​ថ្មីៗ​តិច​បំផុត ដោយ​ជួនកាល យើង​ទទួលបាន​គ្រូ​តែ​ជាង ១០ ​នាក់​ប៉ុណ្ណោះ ខណៈ​គ្រូ​ចូល​និ​វត្ដ​ន៍ ក្បែរៗ ១០០ ​នាក់​ជា​មធ្យម​ ក្នុង​ ១ ​ឆ្នាំៗ ពីព្រោះ​ក្រសួង​ផ្ដល់​អាទិភាព​ទៅតាម​បណ្ដា​ខេត្ត​ដែល​ខ្វះ​គ្រូបង្រៀន​ច្រើន​។ ជាការ​ជំនួស​កង្វះខាត​នេះ យើង​ប្រើប្រាស់​គ្រូបង្រៀន ២​ពេល និង​គ្រូ​ជាប់កិច្ចសន្យា​»​។

​សាលារៀន​នីមួយៗ​បង្កើត​ស្នាដៃ​ដោយ​ខ្លួនឯង​

​សាលារៀន​មួយ ដែល​ត្រូវបាន​ទទួលស្គាល់​ចំពោះ​គុណភាព បរិស្ថាន និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ អាច​ទាក់ទាញ​សិស្ស​មកពី​ទីតាំង​ឆ្ងាយៗ​។ នេះ​ជាហេតុ​ដែល​ធ្វើឱ្យ​សាលារៀន​ខ្លះ​មាន​សិស្ស​ច្រើន ដោយសារតែ​ទំនោរ​របស់​ឪពុកម្ដាយ​ចង់ឱ្យ​កូនៗ​ទៅ​រៀន​ទីនោះ​។​

​លោក មុន្នី​រ័ត្ន បាន​យក​កូន​ពី​ខណ្ឌឫស្សីកែវ​មក​រៀន​នៅ​សាលារៀន​ក្នុង​ខណ្ឌដូនពេញ បើទោះបីជា​វា​មិនមាន​ចម្ងាយ​ឆ្ងាយ​ប៉ុន្មាន​ក្ដី​តែ​លោក​យល់ថា បរិស្ថាន​របស់​សាលារៀន​ក្នុង​ខណ្ឌដូនពេញ​មួយ​នេះ​ល្អ គួបផ្សំ​នឹង​និន្នាការ​ឪពុកម្ដាយ​ដទៃទៀត​។

​លោក​បានឱ្យដឹងថា​៖ «​វា​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​។ ខ្ញុំ​គិតថា ការគ្រប់គ្រង​នៅ​សាលារៀន​នោះ​ល្អ រួមទាំង​បរិស្ថាន​ទូទៅ អាច​ទទួលយកបាន​»​។​

​លោកស្រី វិច្ឆិកា បានឱ្យដឹងថា សាលារៀន​គ្រប់​កម្រិត​ថ្នាក់​បាន​ខិតខំ​ពង្រឹងគុណភាព​ការរៀន និង​បង្រៀន​ក៏ដូចជា​ការគ្រប់គ្រង​សិស្ស និង​គ្រូ ក្នុងនោះ​មានការ​គ្រប់គ្រង​វត្តមាន ការគ្រប់គ្រង​គុណភាព​បង្រៀន និង​វិន័យ​ជាដើម​។

​លោកស្រីបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​កត្តា​នេះ បានធ្វើឱ្យ​សាលារៀន​មួយចំនួន​ទទួលបាន​ការទទួលស្គាល់​ពី​មាតាបិតា​សិស្ស​ជាហេតុ​ធ្វើឱ្យ​មាតាបិតា​ផ្តោត​ក្នុង​ការបញ្ជូន​កូន​មកកាន់​សាលា​នោះ​»​។

​ស្របទៅនឹង​ការលើកឡើង​របស់​ក្រសួង លោក ស៊ីណា​រ៉េត បាន​លើកយក​ឧទាហរណ៍​ថា សាលាបឋមសិក្សា​កុលាប​ទី​១ ទទួលបាន​ការ​ទុក​ចិ​ត្ដ​ពី​មាតាបិតា​សិស្ស ដែល​នាំ​កូន​មក​រៀន​តាំងពី​អរិយ​ក្សត្រ រហូតដល់​ព្រែក​អញ្ចាញ​មក​រៀន​សាលា​នេះ​។

​លោក​បាន​និយាយថា​៖ «​តាមពិត សិស្សានុសិស្ស​នៅតាម​ភូមិសាស្ដ្រ​មាន​ចំនួន​តិចតួច​ទេ តែ​ពួកគាត់​មកពី​ទីតាំង​ឆ្ងាយៗ​។ សាលារៀន ១​ ទៀត​នៅ​ភូមិសាស្ដ្រ​ជើងឯក​មាន​សោភណភាព​ស្អាត​ដាច់​ជាង​សាលារៀន​មួយទៀត​។ ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​ភូមិសាស្ដ្រ​ឆ្ងាយៗ​សុខ​ចិ​ត្ដយ​កកូន​មក​រៀន​នៅ​ទីនោះ​»​។

​ក្ដីកង្វល់​ចំពោះ​បញ្ហា​សុខភាព​

​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ទទួលស្គាល់ថា ក្រសួង​មានការ​ព្រួយបារម្ភ​ចំពោះ​កត្ដា​សុខភាព​របស់​សិស្សានុសិស្ស​តូចៗ​នៅតាម​សាលារៀន ដែល​ផ្ទុក​សិស្ស​ច្រើន​លើស​ចំណុះ តាមរយៈ​ការសិក្សា​លទ្ធភាព​កសាង​ថ្នាក់​បន្ថែម​នេះ​។

​លោក​បាន​បន្ដថា​៖ «​ឪពុកម្ដាយ​សិស្ស​បាន​សំណូមពរ​ដាក់​កង្ហារ ដាក់​ភ្លើង ដែល​យើង​ត្រូវ​គិតដល់​ការចំណាយ​លើ​ថាមពល​អគ្គិសនី​ទៀត​»​។

​លោក​លើកឡើងថា ក្រោយ​បញ្ចប់​ការសិក្សា ការដាក់សំណើ​សាងសង់​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ចំណាយពេល ១ ​ឆ្នាំ​។

​យោងតាម​ស្ដង់ដា ១​ បន្ទប់រៀន​មាន​ចំនួន​សិស្ស ៣៥​ នាក់ និង​មធ្យមសិក្សា​ពី​ ៤០ ទៅ ៤៥​ នាក់ ហើយ​លោក ស៊ីណា​រ៉េត បាន​អះអាងថា មិនមាន​ថ្នាក់រៀន​ណា​មាន​ចំនួន​សិស្ស​ក្រោម​និយាម​នេះ​ទេ​។ ចំពោះ​ថ្នាក់​ខ្លះ មាន​សិស្ស​ចំនួន​ពី​ ៤០ ទៅ ៥០​ នាក់​ជាង វា​មាន​ផលប៉ះពាល់​ដែរ តែ​ស្ថិតក្នុង​កម្រិត​អាច​ដោះស្រាយបាន​។

​លោក​បាន​និយាយថា​៖ «​សិស្ស​ចំនួន​ ៨០ ទៅ ៩០​ នាក់ មាន​មិន​ច្រើន​ទេ ដែល​ភាគច្រើន​ជា​សិស្ស​ធំៗ និង​នៅក្នុង​សាល​ធំ​ផងដែរ​។ ប៉ុន្ដែ​សិស្ស​ចំនួន​ចន្លោះ​ពី​ ៥០ ទៅ ៦០ ​នាក់​មាន​ច្រើន យើង​កំពុង​ពិចារណា​រឿងនេះ​»៕