ភ្នំពេញៈ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការគាំទ្រចំពោះវិធានការយ៉ាងម៉ឺតម៉ាត់ របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសទាំងផ្សេងៗ ខណៈកាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២ នាក់ ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភាន់មតិសាធារណជន ពីបញ្ហាសន្តិសុខនៅកម្ពុជា។
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានចាត់ទុកករណីនេះ ជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ របស់ជនបរទេសទាំង ២ នាក់នេះ ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «ទង្វើទាំងអស់នេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ខ្ញុំសង្ឃឹមថា នឹងមិនមានអំពើបែបនេះកើតឡើងសាជាថ្មីម្តងទៀតនោះទេ»។
លោក ហ៊ុន ម៉ានី បន្តថា៖ «ខ្ញុំសូមគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបនេះត្រូវបានប្រព្រឹត្ត នៅអនាគតមិនថា ប្រព្រឹត្តដោយជនបរទេសពីប្រទេសណាមួយនោះទេ»។
ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់ជនរួមជាតិ និងមិត្តភក្តិទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រឡំមកលើសង្គមជាតិទៀត។
ជុំវិញបញ្ហានេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៨ ខែកុម្ភៈបានប្រាប់ឱ្យដឹងថា ចំពោះសារ របស់លោក ហ៊ុន ម៉ានី នេះ គឺជាសារមួយដែលមានតម្លៃ និងជាការលើកទឹកចិត្តដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យខិតខំប្រឹងប្រែង បន្តទៀត ក្នុងការក្តាប់ និងឈានដល់ការបង្រ្កាបនូវរាល់មុខសញ្ញា និងបុគ្គលណាដែលមានផែនការនិងគំនិតទុច្ចរិតប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា។
ក្រៅតែពីការគាំទ្រជារួមរបស់រាជរដ្ឋាភិបាល និងនិយាយដោយឡែក គឺក្រសួងមហាផ្ទៃ ដែលមាននគរបាល និងអាជ្ញាធរដែនដី បានចាត់វិធានការបានទាន់ពេលវេលា និងបង្ក្រាបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោក ទូច សុខៈ បានថ្លែងថា៖ «ក្នុងនោះ គឺជាគុណតម្លៃ មួយរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការក្រើនរំឭកទៅដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំប្រញាប់ប្រញាល់ក្នុងការចែកចាយអត្ថបទ ឬក៏វីដេអូ ឬក៏ខ្លឹមសារទាំងឡាយណាដែលមានចរិតបំពុលសង្គម លាបពណ៌សង្គមដែលប្រឌិតឡើងក្នុងផលប្រយោជន៍ណាមួយ។ ក្នុងនោះ ចង់ឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម គិតឱ្យបានគ្រប់ជ្រុងជ្រោយ កុំចេះតែចែកចាយនូវអ្វីដែលមិនបានផ្ទៀងផ្ទាត់ជាមុន ដែលប៉ះពាល់ដល់យើង តាមការចែកចាយបន្តពីអត្ថបទ ឬវីដេអូទាំងអស់នេះ»។
លោក ទូច សុខៈ បញ្ជាក់ទៀតថា ទាំងអស់នេះ គឺជារឿងល្អ បំផុតសម្រាប់ប្រជាពលរដ្ឋទាំងអស់គួរយកមកប្រតិបត្តិ និងអនុវត្តតាម។
លោកថ្លែងថា៖ «ជាមួយគ្នានោះ ទាំងសមត្ថកិច្ចនគរបាលរបស់ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដី នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការគ្រប់គ្រងនូវសន្តិសុខនៅតាមមូលដ្ឋាន ពិនិត្យមើលទាំងមុខសញ្ញាចាស់ និងថ្មី និងតាមដានមុខសញ្ញា បុគ្គលដែលប្រព្រឹត្តល្មើសក្នុងការឈានដល់ការកំណត់ទីតាំង និងបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា និងសង្គមជាតិ»។
បើតាមលោក ទូច សុខៈ សម្រាប់បទល្មើសព្រហ្មទណ្ឌទូទៅ ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ ២០២៣ មកដល់ដំណាច់ខែមករា ឆ្នាំ២០២៤ (រយៈពេល ៥ ខែ) សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសបានជាង ១ ៤០០ ករណី ស្មើនឹង ៨៩% នៃបទល្មើសដែលកើតឡើងសរុប ដែលបានកើតឡើង ចាប់តាំងពីរាជរដ្ឋាភិបាលបង្កើតឡើងថ្មី ក្នុងរង្វង់ ១ ៦០០ ករណី។ ជាមួយគ្នានោះ សមត្ថកិច្ចបានចាប់ និងឃាត់ខ្លួនជនសង្ស័យ ឬជនល្មើស ជាង ២ ០០០ នាក់ បញ្ជូនទៅតុលាការ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ២ នាក់ នៅបន្ទប់ខុនដូ ១ កន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូប្រឌិតរឿង ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយខ៍ រហូតដល់ជាង ៥ លាននាក់។
វីដេអូដែលពួកគេបានផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលង នៅតាមសណ្ឋាគារទុកចោល និងទីតាំងផ្សេងៗទៀត នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
របាយការណ៍ដដែលបានបន្ថែមថា តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់ ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច, កាំភ្លើងជ័រ, សម្លៀកបំពាក់ទាហានប៉ារ៉ា,ទូរស័ព្ទដៃ, សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឱ្យការថតវីដេអូ មួយចំនួន។ ជនសង្ស័យទាំង ២ នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានោះ នៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីប្រតិបត្តិការចាប់ខ្លួនចិនតៃវ៉ាន់ ២ នាក់នៅថ្ងៃទី ១៥ ខែកុម្ភៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ចំពោះវិធានការច្បាប់ចំពោះជនសង្ស័យចិនតៃវ៉ាន់ទាំង ២ នាក់នេះ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់របស់កម្ពុជា រួចទើបបណ្ដេញចេញទៅកាន់ប្រទេសដើមវិញ។
លោក គួច ចំរើន បានបញ្ជាក់ថា៖ «ខ្ញុំក៏សូមផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលកំពុងដើរលេងកម្សាន្ដ ឬបម្រុងមកកម្សាន្ដនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ សូមកុំមានការព្រួយបារម្ភ ពោលសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពត្រូវបានធានាយ៉ាងល្អប្រសើរ ហើយអាចដើរលេងកម្សាន្ដដោយគ្មានការភ័យខ្លាចអ្វីឡើយ»។
បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសន្ដិសុខសណ្ដាប់ធ្នាប់ នៅក្នុងប្រទេសកម្ពុជាឱ្យបានទាំងអស់គ្នា ពោលត្រូវចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាគោលដៅទេសចរណ៍ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរដើម្បីចូលមកកម្សាន្ដ។
នៅថ្ងៃទី ១៥ ខែកុម្ភៈ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ចំនួន ២ នាក់នោះ ដាក់ពន្ធនាគារចំនួន ២ ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤ លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅខេត្តព្រះសីហនុ៕