ស្ថានទូតថៃប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធី «ពិព័រណ៍ការងារ និងអប់រំ នៅប្រទេសថៃឆ្នាំ ២០២៤» ដើម្បីជួយដល់យុវជន សិស្ស-និស្សិតកម្ពុជា ទទួលបានព័ត៌មាន និងប្រឹក្សាយោបល់ពីឱកាសការងារនៅតាមក្រុមហ៊ុនធំៗក៏ដូចជាឱកាសទទួលបានអាហារូបករណ៍នៅតាមសាកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសថៃ។
ពិព័រណ៍នេះបានធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក ឈើតកៀត អត្ថាកន (CherdkiatAtthakor) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានថ្លែងក្នុងពិធីពិព័រណ៍ថា កាល ពីដំបូងឡើយ ស្ថានទូតថៃ បានរៀបចំកម្មវិធីពិព័រណ៍តែការងារប៉ុណ្ណោះ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២៣ រហូតមកដល់ឆ្នាំនេះ ស្ថានទូតថៃ បានរៀបចំបែងចែកជាកម្មវិធីនេះ ជាពិព័រណ៍ការងារផង និងពិព័រណ៍ការអប់រំផង។
លោកថា មូលហេតុដែលស្ថានទូតថៃ បង្កើតកម្មវិធីពិព័រណ៍ការសិក្សាបន្ថែមនេះ គឺដោយសារមើលឃើញទាំងការងារ និងការសិក្សា វាមានសារៈសំខាន់ដូចគ្នា និងត្រូវដើរទន្ទឹមគ្នាជាមួយការងារផងដែរ។
លោកបានថ្លែងបញ្ជាក់ថា៖ «ពីដំបូងឡើយយើងរៀបចំផ្ដោតទៅលើការងារជាសំខាន់ ប៉ុន្តែក្រោយមកយើងមើលឃើញទាំងការងារ និងការសិក្សា គឺមានសារៈសំខាន់ដូចគ្នា ដូច្នេះហើយយើងបានបង្កើតឱ្យកម្មវិធីពិព័រណ៍ការសិក្សាបន្ថែមទៀត ពីព្រោះវាដើរទន្ទឹមគ្នាជាមួយការងារ»។
លោក ឈើតកៀត អត្ថាកន បានលើកឡើងទៀតថា កម្មវិធីពិព័រណ៍ការសិក្សាឆ្នាំនេះ គឺមានសាកលវិទ្យាល័យដែលចូលរួមមានការកើនឡើងជាងឆ្នាំមុន ដោយឡែកកម្មវិធីពិព័រណ៍ការងារវិញ ក៏មានក្រុមហ៊ុនជាង២០ បានចូលរួមដែរ ខណៈពីឆ្នាំមុនៗ រហូតមកដល់ពេលនេះមានក្រុមហ៊ុនធំៗមួយចំនួន បានជ្រើសរើសអ្នកដែលមកចូលរួមកម្មវិធីពិព័រណ៍នេះទៅធ្វើការជាមួយក្រុមហ៊ុនទាំងនោះរួចមកហើយ។
ក្រៅពីផ្ដល់ការងារហើយ លោកថា ក្រុមហ៊ុនទាំងនោះក៏បានផ្ដល់ឱកាសជាអាហារូបករណ៍សម្រាប់សិស្ស-និស្សិត បានសិក្សានៅប្រទេសថៃ និងអាចត្រឡប់មកវិញបន្តធ្វើការជាមួយក្រុមហ៊ុនទាំងនោះផងដែរ។
មកដល់បច្ចុប្បន្ននេះមាននិស្សិតកម្ពុជារាប់ពាន់នាក់ហើយ ដែលបានបន្តការសិក្សានៅប្រទេសថៃ ដែលភាគច្រើននិស្សិតកម្ពុជាសិក្សាលើជំនាញ ពាណិជ្ជកម្ម វិស្វកម្ម និងជំនាញភាសាថៃជាដើម។ នេះជាបន្ថែមរបស់លោក ឈើតកៀត អត្ថាកន។
ដោយឡែក លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងដែរថា វេទិកាពិព័រណ៍ការអប់រំ និងការងារនេះ បានធ្វើឡើងក្នុងពេលដែលកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ។
លោកបានបន្តថា ហេតុនេះការផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅបន្តការសិក្សានៅបណ្ដាសាលា និងសាកលវិទ្យាល័យផ្សេងៗនៅប្រទេសថៃ គឺជារឹតចំណងសាមគ្គីភាព ក៏ដូចជាអភិវឌ្ឍគុណវុឌ្ឍិរបស់សិស្ស-និស្សិតកម្ពុជា ឆ្លើយតបនឹងតម្រូវការមូលធនមនុស្សរបស់រាជរដ្ឋាភិបាល។
លោក ប៉ុក ប៉ាន់ បានថ្លែងថា៖ «វេទិកានេះរៀបចំឡើងសម្រាប់យុវជន សិស្ស-និស្សិតកម្ពុជា និងអន្តរជាតិ ដែលមានបំណងស្វែងរកព័ត៌មាន បទពិសោធ និងឱកាសទទួលបានអាហារូបករណ៍ ដើម្បីបន្តសិក្សាថ្នាក់ឧត្តមសិក្សានៅតាមសាកលវិទ្យា និងគ្រឹះស្ថានឈានមុខរបស់ប្រទេសថៃ ជាពិសេសក៏ជាឱកាសមួយ សម្រាប់ក្មួយៗនិស្សិត និងអ្នកស្វែងរកការងារក្នុងការប្រឹក្សាយោបល់ពីការងារ និងអាជីព ដែលមានបំណងដាក់ពាក្យ ធ្វើការជាមួយក្រុមហ៊ុនថៃ»។
បន្ថែមពីនេះទៀត លោកជឿថា វេទិកាពិព័រណ៍ការអប់រំ និងការងារឆ្នាំ២០២៤ នេះ នឹងមានការគាំទ្រពីយុវជន សិស្ស-និស្សិតពីគ្រប់មជ្ឈដ្ឋាន ជាពិសេសធ្វើឱ្យបណ្ដាប្រទេសទាំង២មានទំនាក់ទំនងកាន់តែល្អប្រសើរ លើការងារបណ្ដុះបណ្ដាលជំនាញឯកទេសដែលមានតម្រូវការខ្ពស់សម្រាប់ទីផ្សារការងារកម្ពុជា និងតំបន់អាស៊ាន៕