លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​ដាក់ឱ្យអនុវត្ត​កម្មវិធី​កាត់បន្ថយ និង​/​ឬ​លុបបំបាត់​ពន្ធគយ​របស់​កម្ពុជា ​ស្របតាម​នាមវលី (សៀវភៅដែលមានរាយឈ្មោះទំនិញ)​ នៃ​តារាង​ពន្ធគយ​សុខដុម​របស់​អាស៊ាន ឆ្នាំ​២០២២ ក្រោម​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​ស​ដ្ឋ​កិច្ច​ទូលំទូលាយ​រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ​( AJCEP)​ដោយ​អនុវត្ត​ចាប់ពី​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០២៤​ តទៅ​។​

​ការដាក់ឱ្យ​អនុវត្ត​កម្មវិធី​កាត់បន្ថយ ឬ​លុបបំបាត់​ពន្ធគយ​របស់​កម្ពុជា​ក្រោម​កិច្ចព្រមព្រៀង​ AJCEP បាន​ធ្វើឡើង​តាមរយៈ​អនុក្រឹត្យ​លេខ​៣០ អនក្រ ប្រក ដែល​ត្រូវបាន​លោក ហ៊ុន ម៉ា​ណែ​ត ចុះហត្ថលេខា​ដោយផ្ទាល់ ដោយ​ត្រូវអនុវត្ត​ចំពោះតែ​ទំនិញ​នាំចូល​ទាំងឡាយណា ដែលមាន​ដើមកំណើត​នៅ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​តែប៉ុណ្ណោះ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ជំពូក​ទី​៣ ស្តីពី​វិធាន​ដើមកំណើត នៃ​កិច្ចព្រមព្រៀង​នេះ​។​

បើតាម​មាត្រា ៣ នៃ​អនុក្រឹត្យ​នេះ​បាន​ចែងថា អ្នក​នាំចូល​ត្រូវគោរព​តាម​វិធាន និង​នីតិវិធី​នានា ដែល​កំណត់ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុងការ​អនុវត្ត កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​។​

​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ថា កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើឱ្យ​ពាណិជ្ជកម្ម​អាស៊ាន​-​ជប៉ុន មាន​ភាពល្អប្រសើរ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​លើ​ពាណិជ្ជកម្ម សេវាកម្ម បំ​ផ្លាស់​ទី​រូបវន្តបុគ្គល និង​ការវិនិយោគ​។​

លោក​បាន​លើកឡើងថា​៖«​កិច្ចព្រមព្រៀង​នេះ​ល្អ ព្រោះថា​ក្នុងនាម​យើង​ជា​ប្រទេស​អ្នក​ផលិត និង​នាំចេញ​មួយ​ដែរ ការកាត់បន្ថយ​របាំង​ពន្ធគយ នឹង​ជួយ​សម្រួល​បាន​ច្រើន​ប៉ុន្តែ​ធ្វើយ៉ាងណា យើង​ត្រូវ​បង្កើន​ការនាំចេញ​ឱ្យបាន​ច្រើន ជាង​នាំចូល​ទើប​យើង​ទាញ​ប្រយោជន៍​បាន​ច្រើន​ពី​កិច្ចព្រមព្រៀង​នេះ​។ ជាមួយគ្នានេះ​វា​ក៏​នឹង​ផ្ដល់នូវ​ប្រយោជន៍​ជា​សារវន្ដ​ដល់​សង្គមជាតិ​កម្ពុជា​ទាំងមូល តាមរយៈ​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។​

​ចំណែក លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ច្រើន​លើ​ផ្នែក​កសិកម្ម សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ ពលកម្ម​មានតម្លៃ​សមរម្យ​ព្រមទាំង​ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ដែល​ស្ថិតនៅ​កណ្តាល​តំបន់​អាស៊ាន និង​មាន​ប្រព័ន្ធ​ដឹកជញ្ជូន​ងាយស្រួល​ផងដែរ​។​

លោក​បាន​បន្ថែមថា ការដក​របាំង ឬក៏​កាត់បន្ថយ​ពន្ធគយ​រប​ស់​ប្រទេស​ជា​ដៃគូ​ក្នុង​កិច្ចព្រមព្រៀង ​AJCEP ជាពិសេស​ប្រទេស​ជប៉ុន ចូលមក​កាន់​តំបន់​អាស៊ាន ឬ​កម្ពុជា វា​នឹងមិន​មានការ​ខាតបង់​អ្វី​ច្រើន​នោះទេ ខណៈដែល​កិច្ចព្រមព្រៀង​នេះ នឹង​បង្កើន​សមត្ថភាព​ភ័ស្តុភា​រកម្ម​។

​​លោក​បាន​បញ្ជាក់ថា ៖«​ខ្ញុំ​យល់ឃើញថា ដូចជា​មិនមាន​អ្វី​ខាតបង់​ច្រើន​ទេ ដោយសារតែ​ទំនិញ​ដែល​ជប៉ុន​នាំមក​កម្ពុជា​ភាគច្រើន ជា​ទំនិញស្តុក​ទុក​សម្រាប់​ប្រើប្រាស់​កែច្នៃ តែ​កម្ពុជា​នាំទៅ​ជប៉ុន​វិញ ជា​ទំនិញ​ដែល​កែច្នៃ​រួច ដូចជា​ទំនិញ​កសិកម្ម​ដែល​កែច្នៃ ផលិតផល​កង់ ជាដើម​។ ដូចនេះ​ការដក​របាំង​គយ ឬ​ការកាត់បន្ថយ​របាំ​ងគ​យ ក្រោម​កិច្ចព្រមព្រៀង AJCEP ​នេះ ខ្ញុំ​នៅតែ​យល់ថា វា​ចំណេញ​»​។​

​សូម​រំឭកថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៤ របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នាពេល​កន្លងទៅ​ថ្មីៗ​នេះ លោក គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ចំណូល​ប្រមូលបាន​ក្នុង​ឆ្នាំ​២០២៣​ មាន​ចំនួន ៩ ២៦៧,៤៨ ប៊ី​លាន​រៀល (​ស្មើនឹង​ប្រមាណ ២ ២៨៨,២៧ លាន​ដុល្លារ​អាមេរិក​) ថយចុះ​ប្រមាណ ១៥,៧​ ភាគរយ ធៀប​នឹង​ចំណូល​ក្នុង​ឆ្នាំ​២០២២​។ 

លោក​បាន​បញ្ជាក់ថា ៖«​លទ្ធផល​នេះ​សម្រេចបាន ៨២,៤​ ភាគរយ នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣»​។ 

លោក​បាន​បន្តថា​៖ «​ការប្រមូល​ចំណូល​ពុំបាន​សម្រេច​តាម​ផែនការ​ដូចនេះ​បណ្ដាលមកពី​កត្តា​ប្រឈម​ធំៗ​មួយចំនួន ជាពិសេស​ការធ្លាក់ចុះ​ទីផ្សារ​មុខទំនិញ​យានយន្ត​ ដែល​កន្លង​មកជា​ប្រភព​ចំណូល​សំខាន់​របស់ អគរ​, កំណើន​ជា​បន្តបន្ទាប់​ទាំង​វិសាលភាព​និង​ភាព​ស៊ីជម្រៅ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​, ការរីកលូតលាស់​នៃ​ផលិតកម្ម​ក្នុងស្រុក​ជំនួស​ការនាំ​ចូល​, និង​ការបន្ត​កើតមាន​នូវ​សកម្មភាព​រត់គេច​ពន្ធ​ដែល​កាន់តែ​ស្មុគស្មាញ​និង​ជ្រក​ក្រោមរូបភាព​ថ្មីៗ ជាដើម​»​។​

បើតាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ទំហំ​ពាណិជ្ជកម្ម​នាំចូល​មាន​ចំនួន ២៤ ១៨៣ លាន​ដុល្លារ ថយចុះ​ប្រមាណ ៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២ ដែល​ក្នុងនោះ​ទំនិញ​នាំចូល​សំខាន់ៗ​មាន​ជាអាទិ៍ ផលិតផល​តេ​ល​សិលា​, វត្ថុធាតុដើម​និង​គ្រឿង​ម៉ាស៊ីន​បម្រើ​ដល់​គម្រោង​វិនិយោគ​, គ្រឿងសំណង់​, យានយន្ត​និង​គ្រឿងចក្រ​, គ្រឿងឧបភោគ​បរិភោគ និង​ទំនិញ​ចម្រុះ​ផ្សេងទៀត​។​

​ចំណែក ទំហំ​ពាណិជ្ជកម្ម​នាំចេញ​មាន​ចំនួន ២២ ៨៥៨ លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ១,៨​ ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២ ដែល​ក្នុងនោះ ផលិតផល​វិនិយោគ​កាត់ដេរ​មានការ​ថយចុះ ១៣,១​ ភាគរយ​, ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ (​ដូចជា គ្រឿង​បំណែក​អេឡិចត្រូនិក​, បង្គុំ​ខ្សែភ្លើង​, ផលិតផល​ពី​ឈើ​, កង់​, អំពូល​, ស្បែក​សត្វ​កែច្នៃ​, សម្បក​កង់​រថយន្ត​, ផលិតផល​ប្លា​ស្ទិ​ក​, គ្រឿងបន្លាស់​រថយន្ត និង​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​) មាន​កំណើន ២០ ​ភាគរយ​, និង​កសិផល​មាន​កំណើន ២៤,៣​ ភាគរយ​៕