ព្រះវិហារៈ ក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ា (EFEO) ដោយមានការចូលរួមពីអ្នកជំនាញភូគព្ភវិទូមកពីប្រទេសបារាំង និងភូគព្ភវិទូមកពីក្រសួងរ៉ែ និងថាមពល និងបុរាណវិទូមកពីរាជបណ្ឌិត្យសភាកម្ពុជា បានសិក្សាស្រាវជ្រាវរកឃើញតំបន់ និងទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណ សំខាន់ៗចំនួន ៥ ស្ថិតក្នុងតំបន់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ ២០២១ រហូតមកទល់បច្ចុប្បន្ន។
ទីតាំងទាំង៥នោះរួមមាន តំបន់ទី១- ត្រពាំងជាន់សន្លុង ទំហំប្រមាណជាង ១០ ហិកតា ដែលមានត្រពាំងបុរាណចំនួន ២ ទួលអាចម៍ដែក និងទួលទង់ដែងជាង ១០០ កន្លែង។ តំបន់ទី២- ភ្នំយក្សព្រៅ ទំហំប្រមាណជាង ៣៥ ហិកតា ដែលមានភ្នំយក្សព្រៅតំបន់រ៉ែទង់ដែង និងរ៉ែដែក និងមានទួលអាចម៍ដែក និងទង់ដែងសរុបចំនួន ៣០។ តំបន់ទី៣- ឆែប ០០១ ទំហំប្រមាណជាង ៦ ហិកតា ជាទីតាំងយករ៉ែដែក។
ចំណែកតំបន់ទី៤- ត្រពាំងស្វាយទោល ទំហំប្រមាណជាង ១០ ហិកតា ដែលមានទួលអាចម៍ដែកចំនួន ១០ នៅក្បែរត្រពាំងស្វាយទោល និងតំបន់ទី៥.- ភ្នំជ្រាប់ផ្តៅ ទំហំ ៨,៥ ហិកតា ជាទីតាំងយករ៉ែទង់ដែងបុរាណដ៏ធំ ដែលមានបណ្តោយប្រវែង ២០០ ម៉ែត្រ ទទឹងប្រវែង ៦០ ម៉ែត្រ និងជម្រៅរហូតដល់ ២៥ ម៉ែត្រ ដែលនៅតំបន់នេះក៏ជាការដ្ឋានយកថ្មបាយក្រៀមបុរាណផងដែរ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ។
ក្រសួងបានបន្តទៀតថា៖ «តំបន់យករ៉ែ និងតំបន់ផលិតលោហៈ ក្នុងស្រុកឆែប គឺជាតំបន់បេតិកភណ្ឌតែ ១ គត់ ដែលមានទាំងកន្លែងយករ៉ែ និងកន្លែងផលិតទង់ដែងដំបូងគេក្នុងចំណោមតំបន់ផ្សេងៗទៀតដែលផលិតទង់ដែង សម្រាប់ផ្គត់ផ្គង់ដល់ចក្រភពអង្គរ»។
ក្រសួងបន្ថែមថា បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ គេរកឃើញអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំចំនួន៤ គឺនៅក្នុងប្រទេសថៃ នៅជ្រលងភ្នំ Khao Wong Prachanខេត្ត Lopburi,ជ្រលងភ្នំPhu Lon ខេត្ត Nong Khaiនិងខេត្ត Savannakhetក្នុងប្រទេសឡាវ និងនៅកម្ពុជា ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
លោក គង់ ពុទ្ធិកា អ្នកនាំពាក្យក្រសួងវប្បធម៌ និងជាអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី ១៩ ខែកុម្ភៈថា ការសិក្សាដែលបានរកឃើញតំបន់ និងទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណសំខាន់ៗចំនួន៥ ផ្តោតសំខាន់ទៅលើទីតាំងស្ថានីយឡ ស្លដែក ឬលោហៈបុរាណ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ដែលមាននៅសល់សំណល់អាចម៍ដែក និងលោហៈធាតុបុរាណច្រើន។
លោក គង់ ពុទ្ធិកា បានបញ្ជាក់ថា៖ «តាមឯកសារប្រវត្តិសាស្ត្រនានា បាននិយាយថា តំបន់ខេត្តព្រះវិហារ គឺជាតំបន់ផលិតដែក ឬផលិតលោហៈនៅក្នុងសម័យអង្គរដើម្បីយកទៅធ្វើជាអាវុធ សម្រាប់ប្រើប្រាស់។ នៅក្នុងសម័យអង្គរ ដែកមិនទាន់ត្រូវបានគេប្រើប្រាស់សម្រាប់សំណង់ទេ»។
លោកបានបន្ថែមថា៖ «រីឯនៅសហភាពអឺរ៉ុប នៅសតវត្សរ៍ទី១៥ ដែលកាលនោះ ឧស្សាហកម្មដែក កើតឡើងផុសផុល បានគេយកដែកទៅធ្វើកប៉ាល់ និងសំណង់។នៅសតវត្សរ៍ទី១២ ស្រុកខ្មែរ អត់មានសំណង់ណាធ្វើពីដែកទេ។ គេយកទៅប្រើប្រាស់ជាអាវុធយុទ្ធភណ្ឌនិងសម្ភារប្រើប្រាស់ពីដែក»។
យោងតាមហ្វេសប៊ុករបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ នៅថ្ងៃទី ១៧ ខែកុម្ភៈ បានលើកឡើងដែរថា កាលពីថ្ងៃទី ១០ និងទី ១១ ខែកុម្ភៈកន្លងទៅ ក្រុមការងារបច្ចេកទេសការិយាល័យបេតិកភណ្ឌ និងសារមន្ទីរនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានចូលរួមជាមួយក្រុមការងារស្រាវជ្រាវរបស់សាលាបារាំងចុងបូព៌ា និងក្រសួងវប្បធម៌ ធ្វើការស្រាវជ្រាវស្ថានីយស្លដែកបុរាណនៅក្នុងភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារឈ្មោះត្រពាំងជាន់សន្លុង មានទីតាំងនៅចំណុចបង្គោលព្រំប្រទល់ព្រៃសហគមន៍ក្រសាំង ដែលមានឡស្លដែក ២០ ទីតាំងនៅជំវិញស្ថានីយនោះ។
តាមរយៈការស្រាវជ្រាវរបស់អ្នកជំនាញសាលាបារាំងចុងបូព៌ាបានឱ្យដឹងថា ស្ថានីយនេះជាតំបន់ស្លដែកដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រដែលធ្លាប់ធ្វើការស្លដែកតាំងពីសម័យបុរេប្រវត្តិរហូតដល់សម័យអង្គរ ជាពិសេសស្ថានីយនេះ ជាស្ថានីយតែ ១ គត់នៅក្នុងខេត្តព្រះវិហារដែលមានស្លលោហៈទង់ដែង៕