ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមានផែនការផ្លាស់ប្តូរទីតាំងរាជធានីរបស់ខ្លួនដូចនៅបណ្តាប្រទេសមួយចំនួននាពេលថ្មីៗនេះឡើយ ខណៈកម្ពុជាត្រូវតែពង្រឹងរាជធានីភ្នំពេញឱ្យកាន់តែមានវឌ្ឍនភាពថែមទៀត ដែលក្នុងប្រវត្តិសាស្ត្រ កម្ពុជាធ្លាប់ផ្លាស់ប្តូររាជធានីជាច្រើនលើកមកហើយ។
ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាគ្មានផែនការលើកទីក្រុងភ្នំពេញរបស់ខ្លួនទៅណាឡើយ ពោលគឺគ្មានគម្រោងផ្លាស់ប្តូរទីតាំងរាជធានី ដូចបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់តួយ៉ាង ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា នោះទេ។
លោកថ្លែងថា៖ «ប្រទេសខ្លះគេលើក[ផ្លាស់រាជធានី] ឥឡូវឥណ្ឌូនេស៊ីកំពុងរៀបចំប្តូររដ្ឋធានី ពីហ្សាការតា ទៅកោះបូណេអូ ដោយសារកន្លែងហ្នឹងមានមនុស្សច្រើនផងអីផង ហើយហ្សាការតាពឹងលើប្រភពទឹកពីក្រោម ដល់ឥឡូវប្រជាជនកាន់តែច្រើន បូមទឹកក្រោមដីកាន់តែច្រើន ស្រុត ៤ម៉ែត្រ តិចៗលិចៗ អ៊ីចឹងបានជាគាត់ដូរទៅកន្លែងថ្មី»។
លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា នៅប្រទេសមីយ៉ាន់ម៉ាវិញ ក៏ធ្លាប់ផ្លាស់ប្តូររាជធានីរបស់ខ្លួនផងដែរ កាលពីឆ្នាំ២០០៥ ដោយផ្លាស់ពីទីតាំងនៅទីក្រុងយ៉ាងហ្គូន ទៅកាន់ទីតាំងនៅក្បែរទីក្រុងនេពយីដោ ឬណៃពិដោ ដែលស្ថិតនៅភាគខាងជើងទីតាំងចាស់។ ចំណែកសម្រាប់កម្ពុជាវិញ លោកថា មិនចាំបាច់រើទីតាំងរាជធានីភ្នំពេញនោះឡើយ។
កម្ពុជាធ្លាប់ផ្លាស់ប្តូររាជធានីរបស់ខ្លួនជាច្រើនលើកមកហើយនៅក្នុងប្រវត្តិសាស្ត្រ ដែលនៅពេលបច្ចុប្បន្នជាពេលត្រូវពង្រឹងការអភិវឌ្ឍរាជធានីភ្នំពេញនេះឱ្យកាន់តែប្រសើរឡើងនៅហ្នឹងកន្លែង។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ទោះបីសព្វថ្ងៃរាជធានីភ្នំពេញរបស់កម្ពុជាត្រូវកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅចំពោះមុខកំណើនប្រជាពលរដ្ឋនៅច្រើនទីតាំងក្តី តែកម្ពុជាត្រូវតែធ្វើ តួយ៉ាងការកសាងផ្លូវថ្នល់ជាដើម ដែលកម្ពុជាមិនមានការផ្លាស់ប្តូររាជធានីខ្លួនឡើយ។
លោក លី រស្មី រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា រាជធានីភ្នំពេញជាទីក្រុងចំណាស់ ទីក្រុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែលចងភ្ជាប់ជាមួយលក្ខខណ្ឌប្រវត្តិសាស្ត្រ អបិយជំនឿ និងក្បួនហោរាសាស្ត្រផង តាំងពីសតវត្សរ៍ទី១៥ ឆ្លងកាត់រជ្ជកាលព្រះមហាក្សត្រ ៧រជ្ជកាល នៃ២ដំណាក់កាល។
ដំណាក់កាលទី១ តាំងពីសម័យព្រះបាទពញាយ៉ាត រហូតដំណាក់កាលទី២ ក្នុងជំនាន់ព្រះបាទនរោត្តម តមកបច្ចុប្បន្ន ហើយមានជ័យភូមិល្អតាមក្បួនហោរាដែលមានទន្លេចតុមុខ អតីតឈ្មោះទន្លេច្រាបឈាម មានវត្តភ្នំតំណាងដល់ភ្នំព្រះសុមេរុ ក៏ដូចជាមានព្រះបរមរាជវាំងនៅទិសខាងត្បូង ស្របតាមក្បួនលោកធាតុវិទ្យាដូចក្រុងអង្គរ ឬក្រុងយសោធរ ដូច្នោះដែរ។
លោក លី រស្មី បានថ្លែងថា ៖ «ទីក្រុងយើងមានភូមិសាស្ត្រល្អ មានទន្លេចតុមុខ មានប្រព័ន្ធគមនាគមន៍តភ្ជាប់ មានផ្លូវទឹកសំខាន់ៗ ហើយការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធវិញក៏មិនទាន់អស់លទ្ធភាពផងដែរ។ ទីក្រុងយើងនៅមានសក្តានុពលបន្ថែមទៀតដើម្បីពង្រីកក្រុង»។
លោកបានបញ្ជាក់ទៀតថា ភ្នំពេញមានខណ្ឌចំនួន ១៤ សង្កាត់ចំនួន១០៤ និងភូមិចំនួន ៩៥៣ ដែលគ្របដណ្តប់ផ្ទៃដីប្រមាណ ៦៦២គីឡូម៉ែត្រក្រឡា ដែលមានក្រសួងរៀបចំដែនដី ដឹកនាំដោយលោក សាយ សំអាល់ កំពុងយកចិត្តទុកដាក់រៀបចំផែនការក្រុងឱ្យរាជធានីភ្នំពេញក្លាយទៅជាទីក្រុងវៃឆ្លាត(Smart city) ឱ្យមានប្រព័ន្ធចម្រោះទឹកល្អ ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធក្រោមដី និងលើដី បម្រើប្រព័ន្ធគមនាគមន៍ លម្ហបៃតង ប្រព័ន្ធថ្មើរជើង នៅចំពោះមុខការរីកលូតលាស់រហ័សនូវសំណង់អគារខ្ពស់ៗ។
លោកហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានថ្លែងដែរថា ករណីដែលអាចមានការផ្លាស់ប្តូរទីតាំងរាជធានី លុះត្រាទីតាំងប្រើប្រាស់មានរយៈកម្ពស់ផ្ទៃដីទាបជាងនីវ៉ូទឹកសមុទ្រ ដង់ស៊ីតេប្រជាជនខ្ពស់ខ្លាំងដែលលែងអាចពង្រីកទៅកាន់ជាយក្រុង ឬក្រុងរណប និងផ្អែកតាមគោលនយោបាយអភិវឌ្ឍន៍ទីតាំងផ្សេងៗទៀតដែលរដ្ឋាភិបាលប្រទេសណាមួយនោះចង់បាន។
លោកគាំទ្រគំនិតរបស់លោកនាយករដ្ឋមន្ត្រី ដែលស្ថានភាពទីក្រុងភ្នំពេញមិនទាន់ចាំបាច់ផ្លាស់ប្តូរទីតាំងនោះឡើយ ដែលភ្នំពេញមានភូមិសាស្ត្រដ៏ល្អមានទន្លេចតុមុខ មានប្រព័ន្ធតភ្ជាប់ទៅកាន់បណ្តាទីតាំងនានា ហើយមិនដែលជន់លិចខ្លាំងពីនីវ៉ូទឹកសមុទ្រ ឬទន្លេឡើយ ដែលគួរបន្ថែមការអភិវឌ្ឍទីក្រុងនេះឱ្យស្របតាមការវិវឌ្ឍ ខណៈទីក្រុងនេះនៅមានវិសាលភាពច្រើន ជាពិសេសនៅតាមតំបន់ជាយក្រុង។
លោក ហុង វណ្ណៈ បានថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ ហើយដើម្បីឱ្យភ្នំពេញជាទីក្រុងពាណិជ្ជកម្ម ទេសចរណ៍ មានបរិស្ថានល្អ តាមរយៈការកែលម្អមិនចេះឈប់ឈរ និងមានការចាត់ចែងសណ្តាប់ធ្នាប់សាធារណៈល្អផងដែរ»។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យរដ្ឋាភិបាលគិតគូររៀបចំផែនការមេក្នុងការអភិវឌ្ឍទីក្រុងភ្នំពេញឱ្យបានល្អដែលធានាដល់ការសាងសង់អគារនានាឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងកាកសំណល់ ការទុកលម្ហបៃតង ដើម្បីរក្សានិរន្តរភាពទីក្រុងនេះ។
សម្រាប់លោកយង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ក៏យល់ស្របចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីផងដែរ។
លោកបានថ្លែងថា៖ «យើងត្រូវធានាឱ្យទីក្រុងរបស់យើងស្អាត មានបរិស្ថានស្អាត បរិយាកាសល្អ ដើម្បីអាចទាក់ទាញទេសចរ និងបង្កើនស្តង់ដារស់នៅ។ ភ្នំពេញជាទីតាំងល្អ ដោយសារមានទន្លេ ៤មុខ ជាប្រភពទឹកសំខាន់ បើទៅកន្លែងខ្វះទឹក ទីក្រុងមិនអាចដំណើរការទៅបានល្អនោះទេ ហើយវាងាយស្រួលដឹកទំនិញជាមួយផែនការរដ្ឋាភិបាលធ្វើព្រែកជីកហ្វូណនតេជោនោះផង»។
លោកក៏ស្នើឱ្យរដ្ឋាភិបាលពង្រឹងសោភណភាពទីក្រុងភ្នំពេញបន្ថែម ដោយបន្ថែមការដាំដើមឈើ ការធ្វើសួនច្បារសាធារណៈសម្រាប់លម្ហែកាយ ខណៈទីក្រុងដែលមានភាពមមាញឹកគឺមានភាពអាប់អួ ដែលចង់បានទីធ្លាសម្រាប់បន្ថយភាពតានតឹង ក្នុងយន្តការអភិវឌ្ឍក្រុងនេះដើម្បីសុខភាពសាធារណៈ។
សូមជម្រាបដែរថា នៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាធ្លាប់បានផ្លាស់ប្តូររាជធានីជាច្រើនលើកមកហើយដោយហេតុផលផ្សេងៗ គិតត្រឹមពីសម័យអង្គរអំឡុងសតវត្សរ៍ទី១៤ មកទល់សព្វថ្ងៃមានទីតាំងរាជធានីធំៗ ដូចជា ក្រុងអង្គរ ក្រុងចតុមុខ ក្រុងឧដុង្គ ក្រុងលង្វែក ក្រុងទួលបាសាន ជាដើម ហើយសព្វថ្ងៃពីសម័យអាណានិគមនិយមបារាំងនាសតវត្សរ៍ទី១៩មកកម្ពុជាសម្រេចយកក្រុងចតុមុខ ដែលសព្វថ្ងៃជារាជធានីភ្នំពេញរហូតមកដល់សព្វថ្ងៃនេះ៕