នាវាកងស្វ័យការពារជើងទឹកជប៉ុន ២ គ្រឿង អមជាមួយឧទ្ធម្ភាគចក្រគ្រោងចូលចតកំពង់ផែក្រុងព្រះសីហនុរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ដើម្បីបំពេញទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយកម្ពុជា អំឡុងពេលកំពុងហ្វឹកហ្វឺនសកម្មភាពសមុទ្រដល់នាវិក។
ដំណើរនៃនាវាចម្បាំងទាំង២ គ្រឿងនេះដឹកនាំបេសកកម្មដោយលោក យូណាជីហារ៉ ម៉ាកូតូ មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន ដែលគ្រោងនឹងជួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, មេបញ្ជាការមូលដ្ឋានសមុទ្ររាម ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិកម្ពុជាផងដែរ។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបានប្រាប់ថា៖ «ខ្ញុំសូមបញ្ជាក់ថា បើតាមការគ្រោងទុក នៅថ្ងៃទី២២ ខាងមុខនេះ នាវាកងស្វ័យការពារជើងទឹកជប៉ុននឹងចូលចត ព្រមទាំងធ្វើទស្សនកិច្ចនៅកំពង់ផែក្រុងព្រះសីហនុរបស់យើង ហើយក៏មានការចូលជួបសម្ដែងការគួរសមជាមួយនឹងឯកឧត្តមអភិបាលខេត្តរបស់យើងផងដែរ»។
សូមបញ្ជាក់ថា នាវាទាំង២គ្រឿងនោះ ទី១ មានឈ្មោះហៅថា (DDG-172) TV-3521 SHIMAKAZE ដឹកនាំដោយលោកមេបញ្ជាការ កានីម៉ារូ រីយូហៃ ដែលនាវានេះមានបណ្តោយប្រវែង ១៥០ ម៉ែត្រ ទទឹង ១៦,៤ ម៉ែត្រ អាចផ្ទុកទម្ងន់បាន ៤ ៦៥០តោន នាវាចរក្នុងជម្រៅទឹកប្រវែង ៤,៨ម៉ែត្រ ដែលផ្ទុកនាវិកសរុបចំនួន ២៦០នាក់។ ចំណែកនាវាទី២ មានឈ្មោះថា DD-114 SUZUNAMI ដឹកនាំដោយលោកមេបញ្ជាការ គីណូហ្សីតា យូតាកា ដែលនាវានេះមានបណ្តោយប្រវែង ១៥១ម៉ែត្រ និងទទឹងចំនួន ១៧,៤ ម៉ែត្រ អាចផ្ទុកទម្ងន់បាន ៤ ៦៥០ តោន ក្នុងជម្រៅទឹក ៥,៣ម៉ែត្រ ដោយផ្ទុកនាវិកសរុបចំនួន ១៧៥នាក់។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការចូលចតនេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងជប៉ុន។
លោកថ្លែងថា៖ «ជប៉ុនជាប្រទេសស្ងៀមស្ងាត់ ប៉ុន្តែជប៉ុនមានសក្តានុពលនិងខ្លាំងក្លាទាំងផ្នែកសេដ្ឋកិច្ច និងយោធា។ កិច្ចសហប្រតិបត្តិការផ្នែកកងទ័ពជើងទឹកនេះល្អណាស់ ដែលកម្ពុជាយើងអាចទាញយកលទ្ធភាពដើម្បីពង្រឹងសមត្ថភាពកងទ័ពខ្លួនដោយការសិក្សា ការធ្វើសមយុទ្ធយោធាជាដើម»។
លោកថុង ម៉េងដាវីត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកជប៉ុននេះអាចចូលរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាជួយពង្រឹងសមត្ថភាពកងទ័ពនិងចែករំលែកបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំង២។
លោក ថុង ម៉េងដាវីត ប្រាប់ថា ៖ «ការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាមួយនឹងជប៉ុន កម្ពុជាអាចស្នើសុំពង្រីកកិច្ចសហប្រតិបត្តិការយោធាផ្នែកជួយសង្គ្រោះ ទប់ស្កាត់ការជួញដូរខុសច្បាប់ សកម្មភាពមនុស្សធម៌ និងយុទ្ធសាស្ត្រយោធាជាដើមផងដែរ»៕