ព្រះវិហារៈ អាជ្ញាធរជាតិព្រះវិហារប្រចាំនៅរមណីយដ្ឋានប្រាសាទកោះកេរ បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះសិក្សាពីភូគព្ភសាស្រ្ត និងលក្ខណៈបច្ចេកទេសពីការធ្វើជណ្តើរឡើងប្រាសាទប្រាង្គ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកជំនាញបានប្រមូលទិន្នន័យភូគព្ភសាស្រ្តក្នុងបរិវេណប្រាសាទចិន ដើម្បីសិក្សាអំពីស្រទាប់ដីនិងភាពហាប់ណែនរបស់ដីដែលជាបច្ច័យដល់ការវាយតម្លៃអំពីកម្រិតហានិភ័យនៃរចនាសម្ព័ន្ធសំណង់ប្រាសាទ។ នេះបើយោងតាមហ្វេសប៊ុកអាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ។
អាជ្ញាធរជាតិព្រះវិហារ បានបន្ថែមថា អ្នកជំនាញក៏បានសិក្សាពីស្ថានភាពដីលើខ្នងទំនប់បុរាណខាងជើងភូមិកោះកេរ ដើម្បីរៀបចំផែនការជួសជុលឡើងវិញ និងធ្វើជាផ្លូវវង់ទស្សនាទេសចរណ៍នាពេលអនាគតផងដែរ។ ក្រុមការងារក៏បានវាយតម្លៃបច្ចេកទេសសាងសង់ជណ្តើរឡើងប្រាសាទប្រាង្គ ដើម្បីធានាថា ការអនុវត្តការងារបានដើរតាមបច្ចេកទេសត្រឹមត្រូវ មានភាពរឹងមាំ និងមានសោភណភាពល្អ។
លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី១៩ ខែកុម្ភៈថា ការចុះសិក្សាពីភូគព្ភសាស្រ្ត និងលក្ខណៈបច្ចេកទេសធ្វើជណ្តើរឡើងប្រាសាទប្រាង្គ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ គឺជាការសិក្សាបឋមនោះទេ។
ក្នុងការសិក្សានេះ អាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចូលរួមសិក្សាដីនៅខាងក្រោមប្រាសាទ ដើម្បីពិនិត្យមើលស្រទាប់ដីមានប៉ុន្មានស្រទាប់ និងមានភាពរឹងមាំ ព្រមទាំងមានហានិភ័យបែបណាខ្លះចំពោះប្រាសាទ។
លោក គង់ ពុទ្ធិកា បញ្ជាក់ទៀតថា ៖ «ទីតាំងដែលបានសិក្សា ត្រូវបានពិនិត្យឃើញថា គ្រឹះរបស់ប្រាសាទមិនសូវជាមានភាពរឹងមាំទេ។ ទោះជាយ៉ាងណាលទ្ធផលនៃការសិក្សាមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ខណៈអ្នកជំនាញដែលចុះមកនេះ គ្រាន់តែប្រមូលទិន្នន័យយកទៅវិភាគតាមបច្ចេកវិទ្យានៅឯវិទ្យាស្ថានបច្ចេកវិទ្យា។ ដូច្នេះ អាចត្រូវការពេលយូរបន្តិច ទើបអាចបង្ហាញលទ្ធផលជាក់ស្តែងនៃការសិក្សានេះ»។
លោកបានបន្តថា៖ «វាផ្អែកទៅលើលទ្ធផលដែរ បើលទ្ធផល និងអនុសាសន៍យ៉ាងណាយើងនឹងធ្វើទៅតាមនោះ។ ជាមួយគ្នានោះ ដើម្បីស្វែងយល់កាន់តែច្បាស់ ក្រុមការងារជំនាញក៏បានជីកដី យកពិនិត្យដោយភ្នែកជាក់ស្តែង និងផ្ទៀងផ្ទាត់ជាមួយបច្ចេកវិទ្យាផងដែរ»។
បើតាមលោក គង់ ពុទ្ធិកា ការសិក្សាពីក្រុមជំនាញ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចំណាយពេលពេញ១ថ្ងៃ ដើម្បីប្រមូលទិន្នន័យបឋម នៅទីតាំងប្រាសាទដែលមានហានិភ័យ ដែលបញ្ហានេះ គឺជាផ្នែកមួយនៃការអភិរក្ស។ ជាមួយគ្នានេះ នៅពេលដែលទទួលបានព័ត៌មានច្បាស់ការណ៍ អាជ្ញាធរជាតិព្រះវិហារនឹងធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ រមណីយដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។
កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង ១ ពាន់ឆ្នាំ មកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ៕