សៀមរាបៈ ប្រជាពលរដ្ឋនៅស្រុកពួក ខេត្តសៀមរាប នៅតែបន្តប្រតិបត្តិពិធីលៀងមេមត់ ដើម្បីលាបំណន់ និងលាមាត់ ដែលបានបន់ស្រន់ និងគោរពលើអមនុស្ស ក្រោយពីអ្នកជំងឺបានជាសះស្បើយ និងមានសេចក្ដីសុខ។
ពិធីលៀងមេមត់នេះ ជាជំនឿដែលខ្មែរគោរពតាំងពីយូរមកហើយ និងនៅតែបន្តប្រតិបត្តិរហូតទល់សព្វថ្ងៃ ជាពិសេសអ្នករស់នៅក្នុងតំបន់អង្គរ ហើយជំនឿនេះ ក៏មានការគោរពអមនុស្សផងដែរ ដូចជាព្រលឹងដូនតា អារក្សអ្នកតាម្ចាស់ទឹក ម្ចាស់ដីជាដើម តាមរយៈការដឹងគុណ ដែលអមនុស្សអាចជួយឱ្យពួកគាត់បានសេចក្ដីសុខចម្រើន និងរួចផុតពីជំងឺនានា។ នេះបើយោងតាមហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ពិធីលៀងមេមត់ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សខ្មែរនៅតំបន់អង្គរ ព្រោះជាផ្នែកមួយនៃការរស់នៅរបស់ពួកគាត់ទាក់ទងនឹងជំនឿដែលផ្តាច់មិនបាន។ បន្ថែមពីនេះ វាក៏បង្ហាញពីការដឹងគុណចំពោះបុព្វបុរសជាគ្រូបាអាចារ្យ ជាឪពុកម្ដាយដែលបានចែកឋានទៅហើយផងដែរ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា៖ «ការជឿជាក់និងការឃើញរឿងហេតុការណ៍នៅក្នុងពិធីជាអ្វីដែលធ្វើឱ្យអ្នកស្រុកអង្គរយល់ថា វត្ថុស័ក្ដិសិទ្ធិនិងបារមីនៅតែមានជីវិតរស់នៅលើដែនដីអង្គរមិនសាបសូន្យទៅណា ហើយការគោរពប្រតិបត្តិទាំងនេះជាការរួមចំណែកមួយក្នុងការថែរក្សាមរតកជំនឿឱ្យនៅតែមានជីវិតគ្រប់ជំនាន់របស់ជាតិខ្មែរ»។
លោក ឌិន ហាន ដែលជាអ្នកស្នងរូប បានរៀបចំពិធីលៀងមេមត់នៅផ្ទះរបស់លោក ក្នុងភូមិត្នោតជ្រំ ឃុំដូនកែវ ស្រុកពួក បានថ្លែងថា បន្ទាប់ពីបន់ស្រន់រួចហើយ ប្រសិនបើអ្នកជំងឺបានជាសះស្បើយហើយ គឺត្រូវរៀបចំពិធីលៀងមេមត់ទៅតាមថ្ងៃខែដែលបានសន្យាជាមួយគ្រូ។ តាមជំនឿ គេធ្វើពិធីលៀងមេមត់ឱ្យចំថ្ងៃព្រហស្បតិ៍ ចំថ្ងៃពេញបូណ៌មី ខែមាឃ។
លោកបានបន្តថា មុននឹងដល់ពិធីលៀងមេមត់នេះ គឺត្រូវធ្វើពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃ ហើយបន្ទាប់ពីពិធីឡើងអ្នកតា គឺមានកិច្ចពិធីសំពះគ្រូ ដោយធ្វើឱ្យចំខែពេញបូណ៌មី។ ផុតពីនោះ បើគ្រូណាចង់លៀង គឺស្រេចតែគ្រូ មិនកំណត់ថា ធ្វើជារៀងរាល់ឆ្នាំទេ គឺវាអាស្រ័យលើការសន្យាជាមួយគ្រូ និងរយៈពេលប៉ុន្មានឆ្នាំត្រូវលៀងមេមត់ជូនគ្រូ។
លោកបានបញ្ជាក់ថា៖ «ពិធីលៀងមេមត់ ធ្វើឡើងដើម្បីលាបំណន់ និងលាមាត់ដែលបានបន់ស្រន់ ក្រោយពីអ្នកជំងឺបានជាសះស្បើយ និងដើម្បីសុំសេចក្ដីសុខ និងសេចក្ដីចម្រើនឱ្យព្រលឹងដូនតាដែលជាគ្រូកំណើតឱ្យបានសប្បាយផង និងឱ្យអ្នកស្នងរូបបានជាពីជំងឺផ្សេងៗ ព្រមទាំងការបង្ហាញពីការនឹកគុណដល់ខ្មោចជីដូនជីតា ដែលបានថែរក្សាក្រុមគ្រួសារឱ្យសុខសប្បាយកន្លងមក»។
ទាក់ទងនឹងជំនឿនេះ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានឱ្យដឹងដែរថា ពិធីលៀងមេមត់នេះ អ្នកស្រុកនៅតំបន់អង្គរ ក៏ដូចជា អ្នកនៅតំបន់ព្រៃភ្នំមានជំនឿជាយូរមកហើយ ខណៈតម្លៃនៃជំនឿនេះ គឺជួយឱ្យមនុស្សចាកចេញភាពតប់ប្រមល់ មកបរិបទធូរស្រាល។
មួយវិញទៀត លោកថា ពីមុនដោយសារប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពក្រីក្រ ខ្វះអ្នកជំនាញក្នុងការព្យាបាល ឬខ្វះអ្នកពិចារណាខាងវិជ្ជាពេទ្យ ឬក៏អាចជាជំងឺដែលពិបាកក្នុងការព្យាបាល ដូច្នេះហើយជាហេតុធ្វើឱ្យប្រជាពលរដ្ឋនាសម័យនោះ គិតថា រាល់ការមានជំងឺលើខ្លួន វាជាការខុសឆ្គងដូនតា ឬការដាក់អំពើជាដើម។
លោកបានបន្តថា ដោយសារការគិតបែបនេះហើយ បានជាធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមមានជំនឿខាងលើកតម្កើងពីធីលៀងមេមត់ ដើម្បីចង់ដឹងអំពីប្រភេទនៃជំនឿ វិបត្តិដែលនាំឱ្យឈឺ ក៏ដូចជាចង់ដឹងពីរបៀបនៃការដោះស្រាយបញ្ហាដែលនាំឱ្យឈឺ។
លោកសំបូរ មាណ្ណារ៉ា បានបញ្ជាក់ថា៖ «ពិធីលៀងមេមត់នេះ បានជួយសង្គមខ្មែរតាំងពីយូរមកហើយ ដើម្បីដោះស្រាយបញ្ហាទាល់ច្រកដែលអ្នកស្រុកព្រៃភ្នំ និងអ្នកនៅតំបន់អង្គរ គាត់មានជំងឺ ដូច្នេះគាត់ត្រូវការបន់ស្រន់សុំសេចក្ដីសុខ និងឱ្យជាពីជំងឺ។ ក៏ប៉ុន្តែយើងត្រូវប្រកាន់ខ្ជាប់ថា ពិធីហ្នឹងមិនមែនជាវិទ្យាសាស្ត្រទេ អ៊ីចឹងយើងត្រូវអប់រំឱ្យរកការព្យាបាលតាមបច្ចេកទេស និងតាមវេជ្ជបញ្ជា»។
យ៉ាងណាមិញ លោកបានលើកឡើងដែរថា ប្រសិនបើនៅតែមានជំនឿបែបនេះបន្តទៀត វាគ្រាន់តែនាំប្រជាពលរដ្ឋខាតពេលវេលា និងអាចនាំឱ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ក្នុងករណីជំងឺនោះមានអាការក្អួតផង រាកផង ក្ដៅផង បើមិនប្រញាប់យកទៅព្យាបាលនៅមន្ទីរពេទ្យ បែរជាយកទៅបន់ស្រន់ នោះវាអាចធ្វើឱ្យបាត់បង់អាយុជីវិតផងដែរ៕