តាកែវៈ ក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានស្នើឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការច្បាប់ចំពោះជនល្មើសដែលបានបំពុល ជួញដូរ ក៏ដូចបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់បឹងព្រែកល្ពៅ ខេត្តតាកែវ ដើម្បីការពារសុខភាពពលរដ្ឋនិងការពារសត្វព្រៃដែលកំពុងរងការគំរាមកំហែងឈានទៅផុតពូជ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់នៅថ្ងៃទី ១៩ ខែកុម្ភៈថា ក្រសួងសោកស្តាយចំពោះករណីបំពុលសត្វស្លាបព្រៃមួយករណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងស្រុកបុរីជលសា និងស្រុកកោះអណ្តែត ខេត្តតាកែវ ថ្មីៗនេះដែលបណ្តាលឱ្យមានសត្វស្លាបជាច្រើនបានស្លាប់។
លោកបានបន្តថា ក្រសួងបរិស្ថានក៏មានការព្រួយបារម្ភពីការគំរាមកំហែងដល់អាយុជីវិតសត្វព្រៃតាមរយៈការដាក់ថ្នាំបំពុលនៅតាមវាលស្រែ បឹងបួ និងត្រពាំងនានាក៏ដូចជាទីដែលសត្វព្រៃត្រូវទៅរកចំណី ខណៈដែលការប្រើថ្នាំបំពុល វាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សផងដែរ។
លោកបានថ្លែងថា៖ «សូមស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់ចំពោះជនល្មើស ព្រមទាំងស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអំពើល្មើសច្បាប់ ដូចជា ការបំពុល ការបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ដែលបង្កផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ដល់ជីវៈចម្រុះ និងសុខភាពមនុស្សសត្វ»។
លោក ខ្វៃ អាទិត្យា បានបន្តថា៖ «មិនត្រឹមតែប៉ះពាល់ដល់ការស្លាប់ សត្វគ្រប់ប្រភេទ រាប់ទាំងសត្វព្រៃជិតផុតពូជ មច្ឆា សត្វស្រុកផ្សេងទៀត ដែលផឹកទឹកនៃប្រភពបំពុល និងប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលមានការបំពុលហ្នឹង តែក៏បានប៉ះពាល់ប្រភេទសត្វព្រៃរងគ្រោះ និងជិតផុតពូជនៅលើពិភពលោកផងដែរ»។
បើតាមលោក ខ្វៃ អាទិត្យា ចំពោះករណីបំពុលសត្វស្លាបទាំងនេះ មកទល់ពេលនេះ មន្ត្រីជំនាញ បានធ្វើកំណត់ហេតុនិងបានដាក់ពាក្យបណ្តឹងទៅរដ្ឋបាលស្រុកនិងខេត្តដើម្បីសហការស្វែងរកចាប់ខ្លួននិងទប់ស្កាត់បទល្មើសរួចរាល់ហើយ។
ជាមួយគ្នានេះ លោកបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋបង្កើនការចូលរួមឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ តាមរយៈការទប់ស្កាត់និងបង្ក្រាបការបំពុលសត្វព្រៃក៏ដូចជាបញ្ឈប់ការបរបាញ់និងការដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទដើម្បីយកធ្វើជាអាហារឬយកទៅលក់នៅតាមទីផ្សារ។
លោក អាទិត្យា បានបន្ថែមថា៖ «សូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ក៏ដូចជាបញ្ឈប់ការដាក់លក់សត្វព្រៃនៅតាមទីសាធារណៈនិងនៅតាមភោជនីយដ្ឋានដែលសត្វព្រៃទាំងនោះ ក៏អាចជាសត្វរងការបំពុលផងដែរដែលមានហានិភ័យខ្ពស់សម្រាប់សុខភាពអ្នកបរិភោគ និងអាចបណ្តាលឱ្យស្លាប់បាន»។
ដោយឡែក អង្គការជីវិតធម្មជាតិនៅកម្ពុជាបានលើកឡើងតាមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ១៨ ខែកុម្ភៈថា ទាំងគណៈគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងអង្គការជីវិតធម្មជាតិនៅកម្ពុជាមានការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីបានរកឃើញករណីបំពុលសត្វស្លាបព្រៃមួយករណី កាលពីថ្ងៃទី ១៦ ខែកុម្ភៈកន្លងមក។ ការបំពុលនេះបានបណ្តាលឱ្យមានសត្វស្លាបជាច្រើនបានស្លាប់នៅនឹងកន្លែងមានដូចជា៖ ទាកាបព្រៃចំនួន ១០ ក្បាលចង្កៀលខ្យង ១ ក្បាល កុកគ្រោងតូច ១ ក្បាល និងរអាតទន្សាយ ១ ក្បាល (កំពុងត្រូវបានជួយសង្គ្រោះ)។
អង្គការដដែលបានបន្តថា បច្ចុប្បន្នសំណាកសត្វស្លាបទាំងនោះត្រូវបានកត់ត្រានិងវេចខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីបញ្ជូនបន្តទៅស្ថាប័នជំនាញពិនិត្យបន្ថែមតាមរយៈអង្គការសមាគមអភិរក្សសត្វព្រៃ (WCS Cambodia) ដែលជាដៃគូផ្នែកអង្កេតតាមដានសុខភាពសត្វព្រៃ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបញ្ជាក់ថា៖ «យើងមានការព្រួយបារម្ភព្រោះការបំពុលបង្កនូវផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ ពោលគឺវាអាចសម្លាប់សត្វគ្រប់ប្រភេទរាប់ទាំងសត្វព្រៃជិតផុតពូជ មច្ឆា និងសត្វស្រុកដែលផឹកទឹកហ្នឹងផងដែរ។ បន្ថែមលើនេះទៀតយើងដឹងថា ព្រានដាក់បំពុលសត្វនេះដើម្បីយកទៅបរិភោគ និងដាក់លក់នៅទីផ្សារដែលអាចបង្កផលវិបាកដល់សុខភាព និងរហូតដល់បាត់បង់ជីវិតមនុស្សដែលបានទិញទៅបរិភោគផងដែរ»។
ទន្ទឹមនឹងនេះដែរក្នុងនាមជាអង្គការដៃគូដែលបានគាំទ្រសកម្មភាពអភិរក្សលើទីតាំងនេះបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមដៃគ្នាទប់ស្កាត់ការបំពុល និងការបរបាញ់គ្រប់ប្រភេទដែលមាននៅតំបន់នេះដើម្បីការពារសុខភាពប្រជាពលរដ្ឋផងក៏ដូចជា ការពារសត្វព្រៃដែលកំពុងរងការគំរាមកំហែងឈានទៅផុតពូជផងដែរ៕