ភ្នំពេញៈ របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញថា ក្នុងរយៈពេល ៤ ថ្ងៃក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ពោលគឺចាប់ពីថ្ងៃទី ៩,១០,១២ និង ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៤ ៧០០ នាក់ និងនាវិកជិត ៣ ០០០ នាក់ បានមកដល់កំពង់ផែព្រះសីហនុតាមនាវាទេសចរណ៍ចំនួន ៥ គ្រឿងផ្សេងគ្នា។
របាយការណ៍បានបញ្ជាក់ថា នាវាទេសចរណ៍ទាំង ៥ គ្រឿងនោះរួមមាន ទី១- នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាពដែលមាននាវិកសរុបចំនួន ៤២៥ នាក់ និងមានភ្ញៀវទេសចរសរុបចំនួន ៥៦០ នាក់ មាន ២៨ សញ្ជាតិ។ ទី២- នាវាទេសចរណ៍ឈ្មោះ RIVIERA មកពីប្រទេសវៀតណាម មានភ្ញៀវទេសចរសរុប១ ១៨៣ នាក់ មាន ៣៤ សញ្ជាតិ និងនាវិកចំនួន ៧៦៤ នាក់។
ចំណែកទី៣- នាវាទេសចរណ៍ឈ្មោះ AIDABELLA មកពីប្រទេសវៀតណាមមានភ្ញៀវទេសចរសរុប ១ ៩៧៦ នាក់ មាន ២០ សញ្ជាតិ និងនាវិកចំនួន ៦២៥ នាក់, រីឯទី៤- នាវាទេសចរណ៍ឈ្មោះ SEVEN SEA EXPLORER មកពីប្រទេសថៃមាននាវិកសរុបចំនួន ៥៤៨ នាក់ និងមានភ្ញៀវទេសចរសរុបចំនួន ៧២៦ នាក់ មាន ២៩ សញ្ជាតិ និងទី៥- នាវាទេសចរណ៍ ឈ្មោះ CRYSTAL SYMPHONY មានចំនួនភ្ញៀវទេសចរ ៣១៣ នាក់ មានចំនួន ២៥ សញ្ជាតិ និងនាវិកចំនួន ៤៤៣ នាក់។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែមនៅថ្ងៃទី ១៩ ខែកុម្ភៈថា គោលបំណងរបស់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជារយៈពេល ១ ថ្ងៃ តាមរយៈកប៉ាល់នេះ គឺដើម្បីដើរលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុផ្ទាល់ ខេត្តកែប ខេត្តកំពត និងទៅទស្សនាប្រាសាទអង្គរវត្តជាដើម មុននឹងនាវាចាកចេញទៅវិញឆ្ពោះទៅកាន់ប្រទេសជិតខាងដូចជា ប្រទេសវៀតណាម និងថៃ ជាដើម។
លោកបានបន្ថែមថា នេះជាស្ថានភាពល្អមួយសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដែលទទួលបានភ្ញៀវទេសចរជាបន្តបន្ទាប់ បើទោះជាមកកម្សាន្តក្នុងរយៈពេលខ្លី តែក៏ជួយដល់សេដ្ឋកិច្ចរបស់ពលរដ្ឋអ្នកបម្រើសេវាកម្មចំណីអាហារ និងភោជនីយដ្ឋាននៅក្នុងខេត្តបានមួយចំណែកដែរ។
លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ថា៖ «ក្នុងនាមមន្ទីរទេសចរណ៍ ខ្ញុំសូមឱ្យអាជីវករចូលរួមផ្ដល់សេវាកម្មឱ្យបានល្អ និងតម្លៃសមរម្យដើម្បីឱ្យភ្ញៀវទេសចរមកកម្សាន្ដប្រកបដោយភាពរីករាយ និងត្រឡប់មកលេងកម្សាន្ដនៅពេលក្រោយទៀត និងចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងបន្ដថែរក្សា អនាម័យដើម្បីរមណីយដ្ឋានក្នុងខេត្តយើងស្អាតមានភ្ញៀវមកលេងច្រើន»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជាបានឱ្យដឹងដែរថា ថ្វីដ្បិតតែភ្ញៀវមកកម្សាន្តតាមនាវាទេសចរណ៍ត្រឹមរយៈពេលខ្លី តែយ៉ាងហោចណាស់ ក៏បានជំរុញការផ្សព្វផ្សាយបន្ថែមឱ្យអន្តរជាតិបានស្គាល់កម្ពុជាថា ជាប្រទេសដែលមានខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងមានភាពទាក់ទាញដែលអាចឱ្យគេគិតពិចារណាជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍នៅលើកក្រោយ។
លោកស្រីបានបញ្ជាក់ថា៖ «ភ្ញៀវទេសចរមកតាមនាវាច្រើន ដោយសារតែដល់រដូវ High season។ សមាគមជាមួយដៃគូពាក់ព័ន្ធ កំពុងរិះរកមធ្យោបាយធ្វើយ៉ាងណាទាក់ទងខាងក្រុមហ៊ុននាវាទេសចរណ៍ ដើម្បីពិភាក្សាគ្នាក្នុងការស្នើឱ្យក្រុមហ៊ុននាវាទេសចរណ៍ទាំងនោះ អាចមកចូលចតនៅខេត្តព្រះសីហនុយើងបានយូរជាងនេះ ព្រោះថាការចូលចតកាន់តែយូរ យើងនឹងបានប្រយោជន៍កាន់តែច្រើន»។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី ឆាយ ស៊ីវលីន បានផ្តល់យោបល់ថា ការជំរុញទាក់ទាញទេសចរអន្តរជាតិបន្ថែមនេះ មិនមែនមានតួនាទីតែក្រសួងទេសចរណ៍ឬសមាគមទេសចរណ៍នោះទេ តែប្រជាពលរដ្ឋក៏ត្រូវរួមចំណែកក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្អៗរបស់កម្ពុជាផងដែរ ដែលនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទើបវិស័យទេសចរណ៍អាចមានកំណើនឡើងវិញបានទៅតាមការព្យាករទុក៕