ភ្នំពេញៈ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងដោយប្រាកដនិយមថា ក្នុងរយៈពេលប្រមាណ ២៥ ឆ្នាំទៅមុខទៀត គោលដៅនៅឆ្នាំ ២០៥០ ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាប្រទេសមានចំណូលកម្រិតខ្ពស់ នឹងឈានមកដល់ គឺកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានសេដ្ឋកិច្ចធន់ រឹងមាំនិងបរិយាបន្ន។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រដោយកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
លោក ប៉ែន បូណា បានលើកឡើងថា ក្នុងការដាក់ចេញចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្លឹងឃើញប្រកបដោយភាពប្រាកដនិយម ក្នុងការបោះជំហាន ២ ទៀតយ៉ាងសំខាន់គឺ «ឆ្នាំ ២០៣០ យើងចាកចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ ឆ្នាំ ២០៥០ ចេញពីចំណូលមធ្យមកម្រិតខ្ពស់ទៅប្រទេសមានចំណូលខ្ពស់តែម្ដងដែលជាប្រទេសអភិវឌ្ឍន៍អាចនិយាយថាប្រទេសអ្នកមាន។ នេះគឺជាមហិច្ឆតាធំណាស់»។
ក្នុងវេទិកាអ្នកសារព័ត៌មានលើកទី២ ស្តីពីសមិទ្ធផលការងាររយៈពេល ៦ ខែ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៉ែន បូណា លើកឡើងថា តើហេតុអ្វីបានជារាជរដ្ឋាភិបាលហ៊ានដាក់គោលដៅនេះគឺដោយសារគ្រឹះរឹងមាំដែលកសាងដោយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ហើយក្រុមអ្នកដឹកនាំថ្មីស្រករក្រោយរបស់គណបក្សប្រជាជនកម្ពុជាសុទ្ធតែជាអ្នកខ្លាំងពូកែ មានសមត្ថភាពខ្ពស់ និងមានឆន្ទៈមោះមុត។
លោកពន្យល់ថា ពាក្យថាចំណូលខ្ពស់នេះមិនមែនត្រឹមតែគិតតែ ១ ជ្រុងរឿងចំណូលទេ «ចំណូលវាសំខាន់ហើយ។ ជ្រុងសេដ្ឋកិច្ចទី ១ គឺប្រជាពលរដ្ឋ ឬក៏សេដ្ឋកិច្ចជាតិមានចំណូលខ្ពស់ ប៉ុន្តែត្រូវតែជាសេដ្ឋកិច្ចមួយដែលមានភាពធន់ រឹងមាំ ហើយនិងបរិយាបន្ន។ ភាពធន់ហ្នឹងបានន័យថា ជាសេដ្ឋកិច្ចដែលមិនងាយមានអ្វីមកប៉ះ ធ្វើឱ្យរង្គើបានទេ។ រឹងមាំក៏អ៊ីចឹងដែរ គ្មានឥទ្ធិពលអីដែលងាយនឹងផ្តួលរំលំសេដ្ឋកិច្ចកម្ពុជាបានទេហើយបរិយាបន្នគឺមានន័យថា ការបែងចែកភាគផលទៅដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌»។
ពាក់ព័ន្ធជ្រុងនយោបាយវិញ លោក ប៉ែន បូណា ថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលគ្រោងទៅដល់ឆ្នាំ ២០៥០ គឺកម្ពុជាគឺជារដ្ឋមួយដែលរឹងប៉ឹង មានសុខសន្តិភាពស្ថិរភាពនយោបាយ នីតិរដ្ឋ មានយុត្តិធម៌សង្គម ជារដ្ឋឯករាជ្យ ម្ចាស់ការ អធិបតេយ្យភាព បូរណភាពទឹកដី មានកិត្យានុភាពខ្ពស់នៅលើឆាកអន្តរជាតិហើយ «ស្មើមុខគេឯងនៅលើឆាកអន្តរជាតិ»។
ចំពោះជ្រុងសង្គមកិច្ចវិញលោកលើកឡើងថា៖ «គឺកម្ពុជាគឺជាប្រទេសមួយដែលប្រជាពលរដ្ឋគ្រប់រូបទទួលបានការគាំពារពីសង្គមគ្រប់បែបយ៉ាងទាំងអស់នៅពេលដែលពួកគាត់មានជួបបញ្ហា ដូចដែលខ្ញុំបានលើកឡើងកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចអម្បាញ់មិញនេះ ដែលរៀបចំនេះ ជាចន្ទល់ដើម្បីឈានទៅដល់អាហ្នឹងកម្ពុជាឆ្នាំ ២០៥០»។
ចំណែក ជុំវិញជ្រុងបរិស្ថានវិញលោក ប៉ែន បូណា បញ្ជាក់ថា កម្ពុជាឆ្នាំ ២០២៥ ជាប្រទេសមួយដែលមានបរិយាកាសល្អដែលមានបរិស្ថានបៃតង និងការអភិវឌ្ឍបៃតង។ «ប្រជាពលរដ្ឋសប្បាយចិត្តទៅណាក៏មានបរិស្ថានល្អ»។ ចំណែកជ្រុងធនធានមនុស្សលោកក៏បានបញ្ជាក់ដែរថា គឺជាមូលធនមនុស្សដូចក្នុងជ្រុងទី១ នៃយុទ្ធសាស្ត្របញ្ចកោណដែលបានបញ្ជាក់អំពីការកសាងមូលធនមនុស្សជាធនធានមនុស្សដែលមានកម្រិតខ្ពស់ និងមានចំណេះជំនាញយ៉ាងតិចចំនួន ១ ដែលច្បាស់លាស់។ លោកថា៖ «មិនត្រឹមតែចំណេះជំនាញទេ ជាមនុស្សដែលមានគុណធម៌មានសីលធម៌មានសុខភាពល្អមានឆន្ទៈការងារខ្ពស់»។
លោក ប៉ែន បូណា ថ្លែងថា៖ «ឥឡូវនេះ រាជរដ្ឋាភិបាលបានគូសវាសចេញហើយ។ Team ថ្មីរបស់អ្នកបន្តវេនគណបក្សប្រជាជនកម្ពុជាបានចាប់ផ្ដើមចេញដំណើរហើយ យ៉ាងស្វាហាប់ ប្រកបដោយឆន្ទៈមោះមុត ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅកម្ពុជាឆ្នាំ ២០២៥។ អ៊ីចឹង បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងសប្បាយចិត្ត នឹងស្រមៃឃើញថា ចង់បានសង្គមមួយដែលខ្ញុំរៀបរាប់អម្បាញ់មិញទេ? ពិតជាចង់។ អ៊ីចឹងសូមអញ្ជើញចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីរុញច្រាននាវាកម្ពុជាឆ្ពោះទៅគោលដៅកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់»។
ក្នុងពិធីប្រកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាថ្ងៃទី ១៩ ខែកុម្ភៈនេះលោកហ៊ុន ម៉ាណែតបានថ្លែងថា ក្នុងរយៈពេល ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នេះលោកបានចូលរួមសម្ពោធការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលច្រើន។ ក្នុងនោះសមិទ្ធផលធំៗរួមមាន សម្ពោធស្ពានកោះពេជ្រ-កោះនរា កំណាត់ផ្លូវជាតិលេខ ៥ ព្រលានយន្តហោះសៀមរាប និងបុកគ្រឹះធ្វើផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ។ លើសពីនោះ ក្នុងខែមិថុនាខាងមុខ លោកក៏នឹងសម្ពោធផែមួយទៀតនៅក្នុងខេត្តកំពត ហើយក្នុងឆ្នាំ ២០២៥ ខាងមុខ លោកក៏នឹងសម្ពោធព្រលានយន្តហោះថ្មីមួយទៀតផងដែរ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «អ៊ីចឹងគឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយើងច្រើន ហើយចេញទៅក្រៅកំពុងតែចរចាដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនរបស់យើងពីភ្នំពេញទៅបាវិត ហើយរៀបចំចរចាសិក្សា ដើម្បីរៀបចំផ្លូវល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែតតាមសៀមរាប ហើយពិនិត្យមើលលទ្ធភាពពង្រឹងផ្លូវដែករបស់យើង ១ កំណាត់ខាងជើង ដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនកាន់តែល្អប្រសើរ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ឆន្ទៈរាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០៣០ ដែលកំណត់ថា កម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ប្រទេសកម្ពុជាមានចំណូលកម្រិតខ្ពស់គឺជាឆន្ទៈមួយល្អហើយក៏ប៉ុន្តែស្ថិតក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចសកល ដែលអូសបន្លាយទៅដោយជំងឺកូវីដ ១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនបញ្ហានៅសមុទ្រក្រហមជាដើមគឺបានអូសទាញវិបត្តិសេដ្ឋកិច្ចសកលនៅបន្តជាប់គាំងដែលនេះជាបច្ច័យដែលលំបាកមួយ។
លោកថ្លែងថា៖ «តែយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងទៅលើកំណែទម្រង់របស់ខ្លួនយ៉ាងសកម្ម។ អ៊ីចឹងបើកំណែទម្រង់យ៉ាងសកម្មហើយចំគោលដៅត្រឹមត្រូវទៅលើគោលនយោបាយរបស់ខ្លួនជាចំណែកបច្ច័យមួយដែលអាចនាំទៅដល់បើមិនទៅដល់គោលដៅក៏ក្បែរគោដៅដែរ។ នេះខ្ញុំមានសុទិដ្ឋិនិយមបែបនេះ»៕