ភ្នំពេញៈ ការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោមព្រែកប្រាដែលមានតម្លៃប្រមាណ ជាង ៦០ លានដុល្លារអាមេរិក ដោយប្រើឥណទានសម្បទានពីមិត្តចិន បានចាប់ផ្តើមសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី ១៩ ខែកុម្ភៈ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងលោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
លោកថ្លែងថា៖«ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់នេះ គឺជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លាថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ ជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់ ជាប្រយោជន៍ទូទៅ និងយូរអង្វែង»។
លោករដ្ឋមន្ត្រីបន្ថែមថាការសាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះ គឺអនុវត្តស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានសំខាន់ៗ ឱ្យមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែល្អប្រសើរឡើងប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងសម្រាប់បម្រើឱ្យសកម្មភាពសង្គមសេដ្ឋកិច្ច ដែលកំពុងតែមានការរីកលូត-លាស់។
ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ ជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ ម៉ែត្រ មានចំណុចចាប់ផ្ដើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ស្ពាននីមួយៗមានគន្លងផ្លូវ សម្រាប់រថយន្តចរាចរណ៍ចំនួន ២ គន្លង ប្រវែង ៧ ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានមានចំនួន ១ គន្លង ប្រវែង ២,៥ ម៉ែត្រ ផ្លូវថ្មើរជើង មានចំនួន ១ គន្លង ប្រវែង ២ ម៉ែត្រ បង្កាន់ដៃស្ពានសងខាងសរុបប្រវែង ១,២៥ ម៉ែត្រ គម្លាតសុវត្ថិភាពប្រវែងកន្លះម៉ែត្រ និងមានទំហំឆ្លងកាត់សម្រាប់នាវាចរផ្នែកខាងក្រោមស្ពាន ៩០ ម៉ែត្រ x ១១,៥ ម៉ែត្រ។
ជាមួយគ្នានោះដែរលោក ហ៊ុន ម៉ាណែត បានថ្លែងនាពិធីនោះដែរថា ស្ពាននេះមិនមែនតែសម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញប៉ុណ្ណោះទេ តែសម្រាប់ជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសក្នុងការជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ពីត្រើយខាងកើត ទៅត្រើយខាងលិចបានឆាប់រហ័ស និងសុវត្ថិភាព។
លោកថា៖ «គោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាអាទិភាពទី ២ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដាក់ចេញក្នុងគោលនយោបាយ និងយុទ្ធសាស្ដ្រជាតិបន្ទាប់ពីមនុស្ស។ តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជាបានចូលរួមរុញកំណើនរោងចក្រ សហគ្រាសជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស»។
នាឱកាសនោះដែរលោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា គោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាល មិនមានការដកថយឡើយ។ លោកថា ៖ «មានផ្លូវកាន់តែរឹងមាំ ក្តីសង្ឃឹមកាន់តែរឹងមាំ មានផ្លូវកាន់តែច្រើន ក្តីសង្ឃឹមក៏កាន់តែច្រើន។ ផ្លូវដូចសរសៃឈាមអ៊ីចឹង ផ្លូវទៅដល់ទីណាជួយចិញ្ចឹមសរីរាង្គនៅទីនោះ ហើយផ្លូវ គឺជួយសម្រួលក្នុងការធ្វើចរាចរណ៍ កាត់បន្ថយការចំណាយ និងបើកឱកាសឱ្យប្រជាពលរដ្ឋ អាចប្រកបរបររកស៊ីបានផងដែរ»។
ផ្លូវមិនមែនប្រើសម្រាប់តែការធ្វើចំណាកស្រុកប៉ុណ្ណោះទេ តែផ្លូវ បានរួមចំណែករុញរោងចក្រ និងការងារជូនប្រជាពលរដ្ឋ។ បើតាមលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នកម្ពុជា មានស្ពានឆ្លងកាត់ទន្លេចំនួន ២៥ស្ ពានក្នុងនោះ ស្ពានចំនួន ១៩ ធ្វើរួចរាល់, ៣ ស្ពានកំពុងសាងសង់ និង ៣ ស្ពានទៀត កំពុងសិក្សា។
ចំណែក លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋាននេះថា ស្ពាននេះគឺជាផ្នែកមួយដ៏សំខាន់នៃផែនការនៃបណ្តាញផ្លូវនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ហើយនឹងក្លាយជាច្រកដ៏សំខាន់មួយតភ្ជាប់ពីត្រើយខាងលិច ទៅត្រើយខាងកើតនៃទន្លេបាសាក់ ដែលនឹងចាក់ឫសនៃការសម្របសម្រួលលើការអភិវឌ្ឍផ្នែកខាងត្បូងនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់អាកាសយានដ្ឋានភ្នំពេញថ្មីនាពេលខាងមុខនេះ។
លោកថ្លែងថា ៖ «ប្រទេសចិន និងប្រទេសកម្ពុជា គឺជាមិត្តដែកថែប ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំនៃយុទ្ធសាស្ត្ររបស់មេដឹកនាំប្រទេសទាំង ២ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចិន និងកម្ពុជា សម្រេចបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»។
លោក វ៉ាង វិនធាន ក៏បានលើកឡើងដែរថា ឆ្នាំនេះជាឆ្នាំដំបូងសម្រាប់ការកសាងសហគមន៍វាសនារួមចិន និងកម្ពុជាក្នុងយុគសម័យថ្មី ក៏ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន និងកម្ពុជា។
លោកថា៖ «ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជាបន្តពង្រីកអត្ថន័យនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលមានវិស័យអាទិភាពទាំង ៦ ជំរុញឱ្យទទួលបានសមិទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើនថែមទៀត ដោយភាគីចិននឹងបន្តវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងត្រួសត្រាយផ្លូវនៃការអភិវឌ្ឍកាន់តែច្រើន ដោយកសាងស្ពានមិត្តភាពជាច្រើនទៀតសម្រាប់ជំនាន់ក្រោយ និងបើកទំព័រថ្មីនៃមិត្តភាពចិន-កម្ពុជា»។
ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់នាថ្ងៃទី ១៩ ខែកុម្ភៈនេះ គឺជាស្ពានទី ១៦ ហើយ បើគិតក្នុងចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះរួមមាន៖ស្ពានមិត្តភាពកម្ពុជា-ចិន (សេកុងស្ទឹងត្រែង), ស្ពានមិត្តភាពកម្ពុជា-ចិន (ព្រែកក្តាម),ស្ពានមិត្តភាពកម្ពុជា-ចិន (ព្រែកតាមាក់),ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២), ស្ពានមិត្តភាពកម្ពុជា-ចិន (មេគង្គស្ទឹងត្រែង), ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ), ស្ពានមិត្តភាពកម្ពុជា-ចិន (កោះធំ)។
ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន (សែនសុខ),ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ), ស្ពានមិត្តភាពកម្ពុជា-ចិន (កោះអន្លង់ចិន), ស្ពានមិត្តភាពកម្ពុជា-ចិន (ឆ្លងកាត់ទន្លេមេគង្គក្រចេះ), ស្ពានរំលង ឬស្ពានអាកាសចំនួន ៤ កន្លែង (កាត់ពីលើផ្លូវជាតិលេខ ៤ លេខ ៣ លេខ ២ និងលេខ ២១) ជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣៕